ក្រុងប៉េកាំងៈ ប្រទេសចិន បានប្រកាសថា ខ្លួនគ្រោងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅក្នុងដែនទឹកតៃវ៉ាន់ ស្របពេលមានភាពតានតឹងកើនឡើងជុំវិញការគាំទ្រពីអាមេរិកចំពោះរដ្ឋាភិបាលកោះតៃវ៉ាន់។
សេចក្តីប្រកាសនោះ បានកើតឡើងស្របពេលជាមួយគ្នានឹងលោកប្រធានាធិបតី ស៊ី ជីនភីង ថ្លែងអំពីសារៈសំខាន់នៃអំណាចកងទ័ពជើងទឹក ខណៈចូលរួមការត្រួតពិនិត្យកងទ័ពជើងទឹកទ្រង់ទ្រាយធំមួយនៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នេរសមុទ្រក្នុងខេត្តហៃណាន។ «បេសកកម្មបង្កើតកងទ័ពជើងទឹករបស់ប្រជាជនដ៏ខ្លាំងក្លានោះ មិនដែលត្រូវការបន្ទាន់ជាងពេលបច្ចុប្បន្ននោះទេ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនោះបានឲ្យដឹងថា ការត្រួតពិនិត្យកងទ័ពជើងទឹកនោះ នៅក្នុងនោះមាននាវា ៤៨ គ្រឿងនៅក្នុងចំណោមនោះមាននាវាដឹកយន្តហោះឈ្មោះ Liaoning រួមជាមួយឧទ្ធម្ភាគចក្រ៧ ៦ គ្រឿង យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក និងទាហានជាង ១ ម៉ឺននាក់ ដោយធ្វើឲ្យការត្រួតពិនិត្យនេះក្លាយជាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩។
រដ្ឋបាលសុវត្ថិភាពតាមដែនសមុទ្រខេត្តបានឲ្យដឹងថា កងទ័ពជើងទឹកនោះ បានចាប់ផ្តើមសមយុទ្ធរយៈពេល ៣ ថ្ងៃនៅខេត្តហៃណាន កាលពីថ្ងៃពុធប៉ុន្តែបានបញ្ចប់តែ ១ ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ។
គ្មានការពន្យល់អំពីថា តើមានការកាត់បន្ថយសមយុទ្ធ ឬការធ្វើសមយុទ្ធនៅក្នុងដែនទឹករបស់កោះតៃវ៉ាន់ទេ? ហើយក្រសួងការពារជាតិ ក៏មិនបានឆ្លើយសំណួរដែរ៕