ក្រុងប៉េកាំងៈ ចិន និងហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងធ្វើការពិភាក្សាយ៉ាងប្រុងប្រយ័ត្នទៅលើកិច្ចសហប្រតិបត្តិការរុករកប្រេង និងឧស្ម័នរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ដោយបញ្ច្រាសពីភាពតានតឹងជាច្រើនឆ្នាំជុំវិញការទាមទារតំបន់នោះរបស់ពួកគេ។
រដ្ឋទាំង ២ បានជាប់នៅក្នុងជម្លោះយ៉ាងជូរចត់មួយជុំវិញដែនទឹកនោះ ដោយចិនបានទាមទារសមុទ្រនោះស្ទើរតែទាំងស្រុង ប៉ុន្តែប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លាស់ប្តូរគោលនយោបាយរបស់អ្នកមុនលោក ដែលប្រឆាំងជំទាស់នឹងការទាមទាររបស់ក្រុងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនថា៖ «ប្រទេសទាំង ២ នឹងធ្វើកិច្ចសហប្រតិបត្តិការមិន ប្រែប្រួល និងដោយប្រុងប្រយ័ត្នទៅលើការរុករកប្រេង និងឧស្ម័ននៅក្នុងតំបន់នោះ»។
លោកបានបន្ថែមថា៖ «ជម្លោះសមុទ្រចិនខាងត្បូង នឹងលែងជាប្រភពនៃថាមពលអវិជ្ជមាន ដែលរារាំងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីទៀតហើយ»។
ហ្វីលីពីន បាននិយាយនៅដើមខែនេះថា ខ្លួនកំពុងធ្វើការពិភាក្សាជាមួយក្រុមហ៊ុនរដ្ឋចិនជុំវិញការរុករកនិងទាញយកប្រេង និងឧស្ម័ននៅក្នុងតំបន់យុទ្ធសាស្ត្រសម្បូរដោយធនធាននោះ។
ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ក៏បានទាមទារទាំងអស់ ឬផ្នែកនៃសមុទ្រនោះ ហើយកិច្ចសហប្រតិបត្តិការរវាងម៉ានីលនិងក្រុង ប៉េកាំងនេះបានបណ្តាលឲ្យមានការព្រួយបារម្ភ នៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ជិតខាងកាល ពីពេលកន្លងទៅ។
លោក Alan Peter Cayetano បានថ្លែងនៅឯសន្និសីទកាសែតនោះថា ចិន និងហ្វីលីពីន កំពុងស្វែងរកគោលការណ៍ស្របច្បាប់រួមគ្នា ដើម្បីធ្វើការសង្កេត និងរុករករួមគ្នា។
លោកបានថ្លែងទៀតថា៖ «ទំនាក់ទំនងរបស់យើងគឺឱកាសមាស និងជាមួយកម្លាំងជំរុញជាវិជ្ជមាន ដោយ បន្ថែមទៀតថា ប្រទេសទាំង ២ ឥឡូវនេះ បានប្រឈមនឹងឧបសគ្គជាច្រើន ជាមួយគ្នារួចស្រេចហើយនោះ»។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សេចក្តីលម្អិតអំពីលក្ខខណ្ឌនៃកិច្ចសហការដែលព្រមព្រៀងនោះ មិនត្រូវបានផ្តល់ឲ្យឡើយ។
កាលពីខែមុនលោក Cayetano និយាយថា ក្រុងម៉ានីលនឹងពិភាក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ដើម្បីបញ្ជាក់ឲ្យច្បាស់ថាកិច្ចព្រមព្រៀងមួយនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។
លោក Duterte បានពិពណ៌នាកិច្ចព្រមព្រៀងដែលស្នើឡើងនោះ ថាប្រហាក់ប្រហែលគ្នាទៅនឹងការកាន់កាប់តំបន់មានជម្លោះនោះ រួមគ្នា ដោយថ្លែងថា គឺវាប្រសើរជាងការស្លាប់ទាហានហ្វីលីពីន នៅក្នុងសង្គ្រាមជាមួយចិននោះ។
បំណងរបស់លោក Rodrigo Duterte ធ្វើសហប្រតិបត្តិការជាមួយចិន គឺជាការផ្លាស់ប្តូរជំហរ និងគោលនយោបាយរបស់អ្នកមុន គឺលោកបេនិកញ៉ូ អាគីណូ៕