ក្រុងលីហ្គាហ្សពីៈ ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនប្រជាជនហ្វីលីពីនដែលភៀសខ្លួនចេញពីភ្នំភ្លើងដែលកំពុងផ្ទុះ ដើម្បីទៅរកកន្លែងសុវត្ថិភាពបានកើនឡើងដល់ជិត ៩ ម៉ឺននាក់ហើយដោយបានធ្វើឲ្យវិបត្តិអនាម័យកាន់តែអាក្រក់ទៅនៅក្នុងជំរំជំនួយសង្គ្រោះដែលមានស្រាប់នោះ។
ប្រធានាធិបតីលោក Rodrigo Duterte បានឡើងយន្តហោះទៅក្រុងលីហ្គាហ្សពីកាលពីថ្ងៃចន្ទ ដើម្បីវាយតម្លៃតំបន់មហន្តរាយនោះ ប្រហែល ២ សប្តាហ៍ក្រោយពីភ្នំភ្លើងសកម្មបំផុតនៅក្នុងប្រទេសនេះ បានចាប់ផ្តើមភាយផ្សែងដុំធំៗ និងបញ្ចេញកម្អែលភ្លើង និងថ្ម។
ក្រុមអាជ្ញាធរឲ្យចាកចេញពីតំបន់នៅជុំវិញភ្នំនោះចម្ងាយ ៩ គីឡូម៉ែត្រដោយមានប្រជាជនជាច្រើនរស់នៅក្រោមស្រមោលភ្នំភ្លើងនោះ។ ប៉ុន្តែស្ថានភាពអនាម័យនៅក្នុងតំបន់សុវត្ថិភាពនោះ និយាយលែងកើតទៅហើយ។
អភិបាលខេត្ត Albay លោក Al Francis Bichara បានថ្លែងថា ក្រុមអាជ្ញាធររំពឹងថា ក្រុមអ្នកត្រូវគេជម្លៀសខ្លួននោះនឹងចាំបាច់ត្រូវស្នាក់នៅក្នុងជំរំរយៈពេលយ៉ាងតិចណាស់ក៏ ១ ខែដែរ។
ប៉ុន្តែលោកបានព្រមានថា ប្រភពធនធានរបស់រដ្ឋាភិបាលតំបន់ ដែលមានកម្រិតនោះ កំពុងត្រូវបានចែកជូន ដោយបានលើកឡើងថា ខ្វះបង្គន់អនាម័យនៅតាមជម្រកទាំងអស់នោះ ជាទីដែលលោកបាននិយាយថា ជាមធ្យមមនុស្ស ២០០ នាក់ ប្តូរវេនគ្នា ប្រើបង្គន់។
លោកបានបន្តថា៖ «យើងខ្វះបង្គន់អនាម័យចំនួន ១២២២ ដោយបានបន្ថែមថា បើសិនជាមានលទ្ធភាពនោះ គឺបង្គន់អនាម័យ ១ សម្រាប់មនុស្ស ៥០ នាក់ ទើបអាចប្រើប្រាស់បានសមស្របតាមតម្រូវការ៕