ក្រុងវ៉ានីៈ ចំនួនអ្នកស្លាប់នៅក្នុងមហន្តរាយព្យុះស៊ូណាមិរញ្ជួយដីនៅឥណ្ឌូនេស៊ី បានកើនជាង ១៤០០ នាក់ ដោយជិតអស់ពេលវេលាស្វែងរកក្រុមអ្នកនៅរស់ ហើយអង្គការសហប្រជាជាតិសូមឲ្យមានជំនួយបន្ទាន់យ៉ាងច្រើន។
អ្នកនាំពាក្យទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក Sutopo Purwo Nugroho បានថ្លែងថា ចំនួនអ្នកស្លាប់ បានកើនឡើង ១៤០៧ នាក់ទូទាំងតំបន់ចំនួន ៤ នៅ ជុំវិញតំបន់ឆ្នេរសមុទ្រ Palu និងសាកសព ៥១៩ នាក់ត្រូវបានកប់បាត់រួចហើយ។
ក្រុមអាជ្ញាធរ បានកំណត់ពេលត្រឹមថ្ងៃសុក្រស្អែកនេះដើម្បីស្វែងរកអ្នកដែលនៅជាប់នៅក្រោមកម្ទេចថ្ម នៅត្រង់ចំណុច ដែលមានរញ្ជួយដីមួយសប្តាហ៍ ក្រោយពីមហន្តរាយនេះកើតឡើងដែលឱកាស នៃការស្វែងរកក្រុមអ្នកនៅរស់នឹងធ្លាក់ជិតដល់កម្រិតសូន្យទៅហើយ។
ក្រុមអ្នកធ្វើការជួយសង្រ្គោះរបស់រដ្ឋាភិបាល កំពុងផ្តោតទៅលើទីតាំងសំខាន់ៗនៅជុំវិញក្រុងនេះ គឺនៅសណ្ឋាគារ Roa-Roa ដែលមានមនុស្សដល់ទៅ ៦០ នាក់ ត្រូវបានគេជឿថា ត្រូវកប់បាត់។
ក្រុមមន្ត្រីបានថ្លែងថា មនុស្សយ៉ាងតិច ១៥០ នាក់នៅក្រោមកម្ទេចថ្ម មិនត្រូវបានគេរាប់បញ្ចូលទេ។
ការិយាល័យជំនួយមនុស្សធម៌អ.ស.ប.បានឲ្យដឹងថា ប្រជាជនជិត ២០ ម៉ឺន នាក់ ត្រូវការជំនួយជាបន្ទាន់ ក្នុងចំណោមពួកគេ មានកុមាររាប់ពាន់នាក់ ហើយផ្ទះសំបែង ៦៦០០០ ខ្នង ត្រូវបានបំផ្លាញ ឬ ខូចខាតដោយសាររញ្ជួយដីមានកម្លាំង ៧,៥ រ៊ិចទ័រ និងរលកស៊ូណាមិ៕