ក្រុងហាណូយៈ តុលាការវៀតណាមកាលពីថ្ងៃពុធ បានកាត់ទោសពលរដ្ឋអាមេរិក ២ នាក់ និង ១០ នាក់ផ្សេងទៀត មកពីក្រុមភេរវករមានមូលដ្ឋាននៅអាមេរិកពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋក្រោយពី ពួកគេបានផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំង រដ្ឋាភិបាល និងព្យាយាមញុះញង់ឲ្យមានការតវ៉ាកាលពីឆ្នាំទៅ។
ក្រុមអ្នករិះគន់របបកុម្មុយនីស្តតាមធម្មតា ត្រូវជាប់គុកនៅក្នុងប្រទេសឯកបក្សមួយនេះ។ ភាគច្រើនជាប់ទាក់ទងនឹងអ្នកសរសេរប្លុក ក្រុមសកម្មជន និងក្រុមមេធាវីសិទ្ធិមនុស្ស ដោយក្រុមមួយចំនួនទៀតត្រូវបានចាត់ទុកជាអង្គការភេរវកម្ម។
ក្រុមមួយនៅក្នុងចំណោមក្រុមទាំងនោះគឺជារដ្ឋាភិបាលជាតិបណ្តោះអាសន្នរបស់ប្រទេសវៀតណាមមានមូលដ្ឋាននៅរដ្ឋ កាលីហ្វ័រនីញ៉ា (PNGV) ជាអង្គការប្រឆាំងរបបកុម្មុយនិស្ត ដោយមាននាយករដ្ឋមន្ត្រីស្វ័យតែងតាំង ដែលបានសន្យាចងសម្ព័ន្ធជាមួយអតីតរបបវៀតណាមខាងត្បូង។
យោងតាមកាសែត Phap Luat ជាកាសែតរបស់មន្ទីរយុត្តិធម៌របស់ក្រុងនេះ បានឲ្យដឹងថា ១២ នាក់ក្នុងចំណោមសមាជិករបស់ពួកគេ ត្រូវជាប់គុកចន្លោះពី ៥ ឆ្នាំដល់ ១៤ ឆ្នាំ ក្រោយពីកាត់ទោសរយៈពេល ២ ថ្ងៃនៅក្នុងក្រុងហូជីមិញពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋ។
ពួកគេទាំងអស់គ្នាត្រូវបានចោទប្រកាន់ពីបទបោះពុម្ពខិត្តប័ណ្ណចំនួន ៤ ពាន់សន្លឹក ដោយមានផែនការកាន់កាប់វិទ្យុជាតិ និងបានធ្វើការអំពាវនាវឲ្យមានការតវ៉ាកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ ដែលត្រូវបានប្រារព្ធជាទិវាបង្រួបបង្រួមគ្នាជាថ្មី ដើម្បីរំឭកការបញ្ចប់សង្គ្រាមវៀតណាមនៅក្នុងឆ្នាំ ១៩៧៥៕