ក្រុង​ហាណូយៈ មនុស្ស ១០ នាក់ ត្រូវ​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ​ពី​បទ​ចូលរួម​ការ​តវ៉ា ដែល​ត្រូវ​បាន​គេ​ដឹងឮ​ទូទាំង​ប្រទេស​កុម្មុយ​នីស្ត​នេះ កាល​ពី​ខែ​មុន​ក្រោយ​ពី​សេចក្តី​ព្រាង​ច្បាប់​វិនិយោគ​មួយ​បង្ក​ឲ្យ​ផ្ទុះ​កំហឹង​ទូទៅ។

ការជួបជុំ​ដ៏​កម្រ​ជាច្រើន​នៅក្នុង​ប្រទេស​ឯក​បក្ស ជាទី​ដែល​ការតវ៉ា​អហិង្សា​ត្រូវបាន​ចាត់ទុកថា ខុស​ច្បាប់ បាន​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់ ឲ្យ​ឡើង​ទៅ​តាម​ដង​ផ្លូវ នៅ​ក្នុង​នោះ មាន​ខេត្ត Binh Thuan ភាគ​ខាងត្បូង ជាទី​ដែល​ការ​តវ៉ា​ជាច្រើន​មិន​អាច​គ្រប់គ្រង​បាន។

នៅក្នុង​តំបន់​ខ្លះ​នៃ​ខេត្ត​នេះ ក្រុមអ្នកតវ៉ា​បានធ្វើការ​វាយប្រហារ​ទៅលើ​ប៉ូលិស ដុត​រថយន្ត​ល្បាត​ជាច្រើន​គ្រឿង និង​បំផ្លាញ​ទ្រព្យ​ជាច្រើន នៅ​ក្នុង​ការ​ជួបជុំ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់ ដែល​ត្រូវ​បាន​ស្នើ​ឡើង ដែល​នឹង​ផ្តល់​ឲ្យ​ក្រុម​វិនិយោគិន នូវ​ការ​ជួល​ដី​រយៈពេល​យូរ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។

មនុស្ស ១០ នាក់​នោះ កាលពី​ថ្ងៃ​ចន្ទ ត្រូវបាន​ផ្តន្ទាទោស​នៅ​ក្នុង​ខេត្ត Binh Thuan ពី​បទ​ចូលរួម​ក្នុង​ការ​តវ៉ា​ដោយ​ហិង្សា និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ចន្លោះ​ពី ២ ឆ្នាំ​ទៅ ៣ ឆ្នាំ​កន្លះ នៅ​ក្នុង​ការ​ជម្រះ​ក្តី នៅ​តុលាការ​រយៈពេល ១ ថ្ងៃ ដែល​ក្រុម​ជន​សង្ស័យ ត្រូវ​បាន​អម​ការពារ​ដោយ​ប៉ូលិស។

អង្គការ​សំឡេង​វៀតណាម Voice of Vietnam បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ពួកគេ​ទាំង ១០ នាក់​នោះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​ពី​បទ​ធ្វើការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ប៉ូលិស​នៅ​ក្នុង​អំឡុង​ពេល​តវ៉ា ដោយ​បាន​បង្ក​ឲ្យ​មន្ត្រី​ខ្លះ​រង​របួស ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​រដ្ឋាភិបាល ២ គ្រឿង​និង​បណ្តាល​ឲ្យ​មាន​កក​ស្ទះ​ចរាចរណ៍រ​យៈពេល ១៥ ម៉ោង​នៅ​លើ​ផ្លូវ​ហាយវេ​មួយ។

អ្នក​ផ្សេង​ជាច្រើន​នាក់​ទៀត ក៏​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ចូលរួម​ការ​ជួប​ជុំ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ មាន​និស្សិត​អាមេរិក​ម្នាក់​ឈ្មោះ William Nguyen ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​ពី​បទ​បង្ក​ការ​រំខាន​ដល់​សាធារណៈ កាល​ពី​សប្តាហ៍​មុន និង​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​នេះ ក្រោយ​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១ ខែ៕