ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានបង្ហាញសាមគ្គីភាពប្រឆាំងនឹងចិន បន្ទាប់ពីមេដឹកនាំទាំងពីររូបបានធ្វើកិច្ចប្រជុំផ្ទាល់មុខលើកដំបូងនៅសេតវិមានកាលពីថ្ងៃសុក្រ ទី ១៦ មេសានេះ។
មេដឹកនាំទាំងពីរក្នុងសេចក្ដីថ្លែងការណ៍រួមមួយបានលើកឡើងពីការព្រួយបារម្ភលើបញ្ហាភូមិសាស្ត្រនយោបាយមួយចំនួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលរួមមាន «សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់» ហើយបានទទូចដល់ប្រទេសចិន ដែលមានជម្លោះលើការកាន់កាប់កោះតៃវ៉ាន់ឱ្យដោះស្រាយជម្លោះនេះដោយសន្តិវិធី។
សេចក្ដីថ្លែងការណ៍រួមនេះ គឺជាលើកដំបូងដែលនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយអំពីបញ្ហាកោះតៃវ៉ាន់ចាប់តាំងពីសេចក្ដីថ្លែងការណ៍រួមឆ្នាំ ១៩៦៩ របស់ប្រធានាធិបតីអាមេរិកលោក Richard Nixon និងនាយករដ្ឋមន្ត្រីជប៉ុនលោក Eisaku Sato។
ប្រទេសជប៉ុនមានការប្រុងប្រយ័ត្នជាយូរមកហើយក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសចិនកុំឱ្យយ៉ាប់យ៉ឺនជាងមុន ដោយការរក្សាតុល្យភាពរវាងការព្រួយបារម្ភសន្តិសុខ និងទំនាក់ទំនងពាណិជ្ជកម្មដ៏ជ្រាលជ្រៅជាមួយក្រុងប៉េកាំង។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Suga ប្រទេសជប៉ុនបានផ្ដោតទៅលើការព្រួយបារម្ភសន្តិសុខច្រើនជាងមុន។
ក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំលោក Biden បាននិយាយ៖ «ថ្ងៃនេះលោកនាយករដ្ឋមន្ត្រី Suga និងខ្ញុំបានបញ្ជាក់ពីការគាំទ្ររបស់យើងចំពោះសម្ព័ន្ធភាពសហរដ្ឋអាមេរិក – ជប៉ុន និងសន្តិសុខរួមគ្នារបស់យើង»។
លោកបានបន្តទៀតថា៖ «យើងប្ដេជ្ញាធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមពីប្រទេសចិន និងលើបញ្ហានានាដូចជាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូងក៏ដូចជាកូរ៉េខាងជើង ដើម្បីធានាអនាគតនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបើកចំហ និងសេរី»។
រីឯលោក Suga បាននិយាយថា៖ «ខ្ញុំបដិសេធមិននិយាយពីព័ត៌មានលម្អិតទេ ព្រោះវាទាក់ទងនឹងការទំនាក់ទំនងការទូត ប៉ុន្តែមានការយល់ព្រមទទួលស្គាល់រួចហើយអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ រវាងជប៉ុន និងសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជាក់សាជាថ្មីក្នុងឱកាសនេះ»។
បញ្ហាផ្សេងទៀតដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនេះរួមមានការកើនឡើងនូវចលនាយោធាចិននៅជិតកោះតៃវ៉ាន់ ការរឹតបន្តឹងលើហុងកុង និងការបង្ក្រាបទៅលើជនជាតិមូស្លីមអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង (Xinjiang)។ បើទោះជាយ៉ាងនេះក៏ដោយ មេដឹកនាំទាំងពីរបានប្រកាសថាពួកគេមានគម្រោងធ្វើការជាមួយប្រទេសចិនលើ «វិស័យដែលមានផលប្រយោជន៍រួម»។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ទីក្រុងប៉េកាំង «ប្រឆាំងដាច់ខាត» ចំពោះសេចក្ដីថ្លែងការណ៍រួម ហើយបញ្ហាកោះតៃវ៉ាន់ ហុងកុង និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
សេចក្ដីថ្លែងការណ៍នេះបានបន្តទៀតថាការអត្ថាធិប្បាយរបស់មេដឹកនាំទាំងពីរគឺបាន «ហួសពីវិសាលភាពនៃការអភិវឌ្ឍធម្មតានៃទំនាក់ទំនងទ្វេភាគី» ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបី ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិក។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា៖ «វាជារឿងគួរឱ្យហួសចិត្តដែលការប៉ុនប៉ងបង្កើតការបែងចែក និងការកសាងប្លុកប្រឆាំងនឹងប្រទេសដទៃទៀតត្រូវបានដាក់នៅក្រោមបដា សេរី និងបើកចំហ»។
ការជួបប្រជុំនៅសេតវិមានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីយោធាចិនបានបញ្ជូនយន្តហោះចំនួន ២៥ ដែលរួមមានយន្តហោះចម្បាំង និងយន្តហោះទម្លាក់ ទៅជិតកោះតៃវ៉ាន់។
រដ្ឋាភិបាលកោះតៃវ៉ាន់បានស្វាគមន៍ការបង្ហាញការគាំទ្ររបស់មេដឹកនាំអាមេរិក និងជប៉ុន ហើយបានទាមទារឱ្យប្រទេសចិនធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ។
អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីតៃវ៉ាន់បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ «យើងសង្ឃឹមថាអាជ្ញាធរក្រុងប៉េកាំងនឹងបំពេញនូវការទទួលខុសត្រូវរបស់ពួកគេដែលជាផ្នែកមួយនៃច្រកសមុទ្រ និងតំបន់តៃវ៉ាន់ ហើយរួមគ្នារួមចំណែកធ្វើឱ្យមានស្ថិរភាព និងសុខុមាលភាព»៕