កោះលុមបូកៈ ក្រុមមន្ត្រី​បាន​ថ្លែង​ថា បាតុភូត​រញ្ជួយដី​មួយ​នៅលើ​កោះ​ទេសចរណ៍​លុមបូក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៣ ​នាក់​ស្លាប់ រងរបួស​រាប់រយ​នាក់ និង​បាន​បំផ្លាញ​ផ្ទះ​សំបែង​ជាច្រើន​ខ្នង​កាលពី​ថ្ងៃ​អាទិត្យ​។

រញ្ជួយ​ដី​មាន​កម្លាំង​ ៦,៤ ​វ៉ិចទ័រ​ដែល​បាន​ធ្វើឲ្យ​កោះ​នោះ​ញ័រ​រញ្ជួយ​នៅពេ​ល​ព្រឹក​ព្រលឹម​បាន​ធ្វើឲ្យ​ប្រជាជន​រត់​ចេញ​ក្រៅ​ដោយ​ភ័យ​តក់ស្លុត និង​បាន​បង្ក​ឲ្យ​បាក់​ដី​នៅ​តាម​ផ្លូវ​ឆ្លងកាត់​ព្រៃភ្នំ​ដ៏មាន​ប្រជាប្រិយភាព​នេះ​។

រំញ័រ​ពី​ដំបូង​ឡើយ​នៅ​ភាគ​ខាង​ជើង​កោះ​នេះ​បាន​កើតឡើង​ដោយ​រញ្ជួយដី​ដ៏ខ្លាំងក្លា​លើក​ទី​ ២​។

លោក Sutopo Purwo Nugroho អ្នក​នាំពាក្យ​នៃ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី​បាន​ថ្លែង​ថា​៖ «​រញ្ជួយ​ដី​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៣ ​នាក់​ស្លាប់​រាប់រយ​នាក់​រងរបួស និង​ផ្ទះ​សំបែង​រាប់រយ​ខ្នង​ត្រូវ​រង​ការខូចខាត​»​។

លោក Nugroho បាន​ថ្លែង​ថា​៖ «​យើង​បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​នោះ​នឹង​បន្ត​កើនឡើង​ដោយសារ​យើង​មិន​បាន​ប្រមូល​ទិន្នន័យ​ទាំងអស់​នោះ​នៅ​ឡើយ​ទេ​»​។

លោក Sutopo Purwo Nugroho បាន​ថ្លែង​ថា​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​មាន​វ័យ​ ៣០ ​ឆ្នាំ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អុ្នក​ស្លាប់​ទាំងនោះ​ដែរ ដោយ​បាន​បន្ថែម​ថា អ្នក​ដែល​រងរបួស​ទាំងអស់​នោះ​គឺ​ដោយសារ​ត្រូវ​កម្ទេច​ថ្ម​៕ PSA