ក្រុងវ៉ាស៊ីនតោ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋការរបស់លោកកំពុងបញ្ជូនភ្នាក់ងារសហព័ន្ធ «ជា-ច្រើន» ទៅទីក្រុងឈីកាហ្គោ ថាជាផ្នែកនៃផែនការមួយ ដើម្បីបង្ក្រាបទៅនឹងអ្វីដែលលោកបានហៅថាជាអំពើ «ឧក្រិដ្ឋកម្មហិង្សា» នោះ។
លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថា ចេញពីបន្ទប់ខាងកើតរបស់សេតវិមានថា៖ «បច្ចុប្បន្ន ខ្ញុំកំពុងប្រកាសឲ្យពង្រឹងអនុវត្តច្បាប់សហព័ន្ធមួយ នៅក្នុងសហគមន៍អាមេរិក ដែលបានញាំញីដោយអំពើឧក្រិដ្ឋកម្មហិង្សា»។
យោងតាមរដ្ឋការរបស់លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ រដ្ឋបាលអនុវត្តគ្រឿងញៀន ការិយាល័យសេនាប្រមុខអាមេរិក និងការិយាល័យសន្តិសុខផ្ទៃប្រទេស នឹងបញ្ជូនភ្នាក់ងារជាច្រើនរយនាក់ទៅកាន់ទីក្រុងឈីកាហ្គោ។
ភ្នាក់ងារសហព័ន្ធទាំងនោះ នឹងត្រូវបានដាក់ពង្រាយផងដែរ នៅទីក្រុងអាល់ប៊ូហ្គឺរហ្គី និងរដ្ឋញូវម៉ិកស៊ីកូ។
អភិបាលក្រុងឈីកាហ្គោ លោកស្រីឡូរី ឡាយហ្វុត មកពីគណបក្សប្រជាធិបតេយ្យបានស្នើឲ្យរដ្ឋាភិបាលសហព័ន្ធមិនត្រូវបញ្ជូនក្រុមភ្នាក់ងារចូលទៅទីក្រុងនោះទេ។
លោកស្រី ឡាយហ្វុត បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅលោក ដូណាល់ ត្រាំ កាលពីដើមសប្តាហ៍នេះថា៖ «នៅទីបញ្ចប់ យើងចង់ចូលរួមយ៉ាងខ្លាំង ជាមួយក្រុមប្រតិបត្តិ ១ ដែលគោរពទីក្រុងយើង រួមមានទាំងលំនៅឋានរបស់យើងផងដែរ»៕ Xinhua/SK