ក្រុងរ៉ាម៉ាលឡាហ៍: ក្រុមរដ្ឋមហាអំណាច នឹងជួបប្រជុំគ្នាក្នុងក្រុងរ៉ូមនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាគ្នាអំពីអនាគតនៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅប៉ាឡេស្ទីន (UNAPR) ដែលបានប្រឈមជាមួយវិបត្តិមិនធ្លាប់មានពីមុនមក បន្ទាប់ពីអាមេរិក បានកាត់ថវិការាប់រយលានដុល្លារនៅក្នុងគម្រោងផ្គត់ផ្គង់ថវិការបស់ខ្លួនទៅឲ្យទីភ្នាក់ងារជនភៀសខ្លួននេះ។
អគ្គស្នងការរបស់ទីភ្នាក់ងារ UNAPR លោក Perre Krahenbuhl បានថ្លែងប្រាប់ AFP ថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសង្គ្រោះបន្ទាន់ និងការងារ (UNRWA) មានគម្រោងថវិកាសម្រាប់ការចំណាយតែទៅលើជួយបន្តសាលារៀន និងសេវាកម្មសុខាភិបាលផ្សេងៗឲ្យដំណើរការទៅមុខរហូតដល់ខែឧសភា ឆ្នាំ ២០១៨។
រដ្ឋការប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកទល់ពេលនេះ បានសន្យាផ្តល់ថវិកាត្រឹម ៦០ លានដុល្លារទៅឲ្យទីភ្នាក់ងារខាងលើសម្រាប់ឆ្នាំនេះ និងបានកាត់បន្ថយថវិកាពី ៣៦០ លានដុល្លារនៅក្នុងឆ្នាំ ២០១៧។
លោកត្រាំ បន្តដាក់សម្ពាធលើភាគីប៉ាឡេស្ទីន ដើម្បីឲ្យបញ្ចប់ពហិការរបស់ពួកគេចំពោះរដ្ឋការរបស់លោកបង្កឡើងដោយការប្រកាសទទួលស្គាល់ក្នុងខែធ្នូរបស់លោកនូវទីក្រុងហ្ស៊េរុយសាឡិម ដែលកំពុងមានភាពចម្រូងចម្រាសជារដ្ឋធានីរបស់អ៊ីស្រាអែល។
ចលនាប្រមូលថវិកាដ៏ធំមួយផ្តួចផ្តើមដោយទីភ្នាក់ងារ UNRWA បន្ទាប់ពីប្រធានាធិបតីអាមេរិកបានបង្កក ឬ កាត់ថវិកាផ្តល់ជំនួយនោះបានទទួលជំនួយថវិកាថ្មីៗបន្តិចបន្តួច ហើយ ក្រុមអ្នកការទូតមិនមានទស្សនៈសុទិដ្ឋិនិយមចំពោះការទទួលបានការសន្យាផ្តល់ថវិកាសំខាន់ៗដទៃទៀតឡើយនៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីតាលីនេះ។
ក្រុមមន្ត្រី UN ចង់ឲ្យប្រទេសនៅអឺរ៉ុបចូលរួមជួយបំពេញការខ្វះចន្លោះមួយចំនួន ប៉ុន្តែ ពេលនេះ កំពុងងាកជាពិសេសទៅរកក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ និងនៅតែព្រួយបារម្ភខ្លាំងអំពីអនាគតរបស់ស្ថាប័ននេះ៕