ក្រុងទ្រីប៉ូលី៖ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបានថ្លែងថា ក្មេងជាង ២៥ ម៊ឺននាក់ នៅក្នុងប្រទេសលីប៊ី ដែលហែកហួរដោយសង្គ្រាមបានប្រឈមនឹងគ្រោះថ្នាក់ដោយសារខ្វះវ៉ាក់សាំងការពារជំងឺផ្សេងៗ។
អង្គការ UNICEF និង WHO បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «អាយុជីវិត និងសុខភាពរបស់ក្មេងចំនួន ១ ភាគ ៤ ក្នុងចំណោម ១ លាននាក់ ស្ថិតក្រោមអាយុ ១ ឆ្នាំ នៅក្នុងប្រទេសលីប៊ី ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារខ្វះយ៉ាងខ្លាំងនូវការផ្គត់ផ្គង់វ៉ាក់សាំង»។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ស្ថានភាពត្រូវបានបង្កឡើងឲ្យកាន់តែអាក្រក់បន្ថែមទៀតដោយសារការបន្តជម្លោះប្រដាប់អាវុធ និងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការរំខានដល់សេវាថែទាំសុខភាពការដាច់ភ្លើងអគ្គិសនីជាប្រចាំការខ្វះខាតទឹកមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ និងការបិទសាលារៀនជាដើម។
លោក អាប់ឌែល-រ៉ាហ៍ម៉ាន់ ហ្គានឌួរ ជាតំណាងពិសេសរបស់អង្គការ UNICEF ប្រចាំនៅលីប៊ី បានថ្លែងថា៖ «មានតម្រូវការជាបន្ទាន់ ដើម្បីធានាលំហូរមូលនិធិដោយគ្មានការធ្វើឲ្យរាំងស្ទះសម្រាប់ការបញ្ជាទិញវ៉ាក់សាំងផ្គត់ផ្គង់ការខ្វះខាតនៅបច្ចុប្បន្ន» នេះ។ អង្គការ «UNICEF» បានបន្តការផ្តល់ជូនសេវាបញ្ជាទិញរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលប្រទេសលីប៊ី»៕ Xinhua/SK