មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យ ដឹងថា ស្ថានភាពជំនន់ស្ទឹងព្រែកត្នោតបានធូរស្រាល ដោយសារកម្រិតទឹកក៏បានស្រកចុះ ហើយក្រុមការងារជំនាញក៏បានបិទផ្ចិតកាលពីថ្ងៃទី ២៨ ខែតុលា ផងដែរនូវទីតាំងដែលលេចធ្លាយនៅតាមទំនប់សណ្តស្ទឹងព្រែកត្នោតផងដែរ ចំណែកឯផលប៉ះពាល់នៃជំនន់ស្ទឹងព្រែកត្នោតនេះ មានបន្តិចបន្តួចប៉ុណ្ណោះ។
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញបានលើកឡើងដូចនេះនៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អភិបាលរាជធានីភ្នំពេញ ក្រុមការងាររបស់រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងកងកម្លាំង ព្រមទាំងក្រុមការងារជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបំពេញភារកិច្ចមិនខ្លាចនឿយហត់ទាំងថ្ងៃ ទាំងយប់ ក្នុងការបង្ការ អន្តរាគមន៍ទប់ស្កាត់ និងបញ្ចៀសហានិភ័យនានា ដែលអាចបង្កឡើងដោយជំនន់ស្ទឹងព្រែកត្នោតនេះ។
ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី ២៩ ខែតុលា ដដែលនេះដែរ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៨៣៧ គ្រួសារស្ថិតនៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី។
ព្រះរាជអំណោយនេះត្រូវបាននាំយកជូនដោយលោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង៕


