ភ្នំពេញៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងអំណរគុណដល់មេដឹកនាំអាស៊ាន ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងសាស្ត្រាចារ្យអូស្ត្រាលី លោក Sean Turnell។
លោក Turnell គឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សារបស់លោកស្រី Aung San Suu Kyi មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារ កាលពីដើមឆ្នាំ ២០២១។ លោក Turnell ត្រូវបានដោះលែង និងបានវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួន និងដាក់ពន្ធនាគាររយៈពេល ៦៥០ ថ្ងៃ។
ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ាបានដោះលែងលោក Turnell កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា រួមជាមួយនឹងអ្នកទោសចំនួន ៦ ០០០ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមានភាពចលាចលនយោបាយដែលបានកើតឡើង បន្ទាប់ពីមានរដ្ឋប្រហារយោធា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងលោក Turnell តាំងពីដើមឆ្នាំ ២០២២ នៅពេលដែលកម្ពុជាចូលកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Albanese ថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណផងដែរ ដល់មិត្តភក្តិអាស៊ានរបស់យើង ជាពិសេស សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន និងបានរក្សាសម្ពាធចំពោះក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា»។
លោក Albanese ថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែតនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនាថ្ងៃទី ១៧-១៨ ខែវិច្ឆិកា៕


