ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រើប្រាស់តួនាទីរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន នៅឆ្នាំ ២០២២ នេះ ដើម្បីស្នើទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់បណ្តាប្រទេសនៅក្នុងអាស៊ានទាំងអស់ឱ្យរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) នៅឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨។
លោក ហ៊ុន សែន បានថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២២ នេះក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត»។
ការផ្តួចផ្តើមឱ្យមានការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup នៅក្នុងតំបន់អាស៊ាននេះត្រូវបានលោក ហ៊ុន សែន លើកឡើងនៅក្នុងពិធីស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup-Trophy Tour) នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា ហើយនេះក៏ជាប្រវត្តិសាស្ត្រលើកដំបូងផងដែរដែលពានពិភពលោកមួយនេះបានដំណើរគោចរមកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅទីក្រុងដូហា ប្រទេសកាតា ចុងឆ្នាំ ២០២២ នេះ។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានប្រគល់អាវយឺត ១ ទៅឱ្យលោក Kristian Karembeu តំណាងបេសកជនពិសេសរបស់ FIFA ហើយការប្រគល់អាវនេះវាជានិមិត្តរូបមួយចង់ប្រាប់ទៅកាន់ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថា អាស៊ានពិតជាមានបំណងចង់ធ្វើជាម្ចាស់ផ្ទះ World Cup និងប្រើព្រឹត្តិការណ៍នេះ ដើម្បីពង្រឹង និងពង្រីកវិសាលភាពរបស់អាស៊ានទៅកាន់ពិភពលោក។ លោកបញ្ជាក់ពីអត្ថន័យនៃការប្រគល់អាវយឺតនោះថា៖ «ខ្ញុំចង់បញ្ជូនសារទៅតាមរយៈលោក Kristian Karembeu នូវអាវរបស់ខ្ញុំ ដែលបានទទួលពីអគ្គនាយក FIFA ក្នុងពេលចុះហត្ថលេខារវាងអាស៊ាន និង FIFA នៅទីក្រុងបាងកក ឆ្នាំ ២០១៩ កន្លងទៅ។ អាស៊ានពិតជាមានបំណងនឹងរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ហើយខ្ញុំនឹងជំរុញនូវគំនិតផ្តួចផ្តើមនេះ»។
លោកបន្ថែមថា៖ «ជាក់ស្តែងទ្វីបអាស៊ីទើបបានធ្វើជាម្ចាស់ផ្ទះ World Cup ចំនួន ២ លើកទេ គឺនៅកូរ៉េ និងជប៉ុន ឆ្នាំ ២០០២ និងនៅទីក្រុងដូហា ប្រទេសកាតា ឆ្នាំ ២០២២ នេះ ហើយទន្ទឹមនឹងនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមនូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក ដើម្បីមកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានសក្តានុពលនេះ»។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានបង្ហាញមោទនភាពដែលរូបលោកបានក្លាយជាមេដឹកនាំម្នាក់បានកាន់ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធ ទម្ងន់ ៦,១ គីឡូក្រាមនេះ។ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ ហើយពាននេះជានិមិត្តរូបតំណាងឱ្យមនុស្សជាតិ នៅលើពិភពលោករាប់ពាន់លាននាក់ ដែលចូលចិត្ត និងស្រឡាញ់គោលការណ៍លេងដ៏យុត្តិធម៌នៃការលេងបាល់ទាត់នេះ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ពេលនេះពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាព បង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ»។ បន្ថែមលើនេះ លោក ហ៊ុន សែន ក៏បានប្រើប្រាស់ដំណើរគោចរមកដល់កម្ពុជានៃពានរង្វាន់នេះ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ពិភពលោកឱ្យមកគាំទ្រ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ជាលើកដំបូងរបស់កម្ពុជាផងដែរ ខណៈកម្ពុជាពេលនេះមានកីឡាករ កីឡាការិនី ដែលបានទទួលការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ប្រមាណ ២ ០០០ នាក់ និងជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជន ហើយអ្នកគាំទ្របាល់ទាត់កម្ពុជាមានជាង ១០ ម៉ឺននាក់។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកបានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា ត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ហេតុនេះសូមអ្នកស្នេហាវិស័យកីឡានៅលើពិភពលោក ចូលរួមអបអរសាទរ និងគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអន្តរជាតិដ៏ធំ នៅក្នុងតំបន់អាស៊ាននេះ»។
ជាមួយគ្នានេះលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា ពានរង្វាន់បាល់ទាត់ ពិភពលោកដំបូងត្រូវបានផលិតឡើងពីមាសទម្ងន់ ៦,១ គីឡូក្រាមនេះ មានតម្លៃជាទឹកប្រាក់កំណត់ ដោយក្រុមហ៊ុនធានារ៉ាប់រង គឺ ២០០ លានដុល្លារអាមេរិក។ ក្បួនដង្ហែពានរង្វាន់នេះ ចាប់ផ្តើមចេញពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ និងបានដង្ហែឆ្លងកាត់ ២០ ប្រទេសរួចហើយ មុនមកដល់កម្ពុជានេះ ហើយពាននេះនឹងត្រូវបន្តឆ្លងកាត់ ៣០ ប្រទេសផ្សេងទៀត មុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោកមកដល់ គឺចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
លោកបានបន្ថែមថា ពានរង្វាន់បាល់ទាត់ពិភពលោកនេះជានិមិត្តរូបនៃមនុស្សជាតិជាង ៣,២ ពាន់លាននាក់នៅលើពិភពលោក ដែលបានគាំទ្រកីឡាបាល់ទាត់។ ពាននេះមានតម្លៃជាសកល ដែលត្រូវយកចិត្តទុកដាក់ និងតម្កល់គុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ។ លោកបានបញ្ជាក់ថា៖ «នៅពេលនេះ FIFA មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានសម្តេចតេជោ នាយករដ្ឋមន្ត្រីអនុញ្ញាតទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមអបអរសាទររបស់កម្ពុជាដល់ការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ»។
ចំណែកលោក Kristian Karembeu ដែលធ្លាប់បានជួយឱ្យក្រុមជម្រើសជាតិបារាំង ឈ្នះពានបាល់ទាត់ពិភពលោកនេះកាលពីឆ្នាំ ១៩៩៨ បាននិយាយថា៖ «អស់លោក លោកស្រី ថ្ងៃនេះពិតជាពិសេស សម្រាប់ខ្ញុំ។ វានាំខ្ញុំត្រឡប់ទៅឆ្នាំ ១៩៩៨ ហើយបន្ទាប់ពីបានយកឈ្នះប្រេស៊ីល ខ្លួនខ្ញុំ និងមិត្តរួមក្រុមរបស់ខ្ញុំ បានប្រគល់ពានរង្វាន់ក្នុងរាត្រីដ៏រំភើប នៅទីក្រុងប៉ារីស។ យើងទាំងអស់គ្នាបានអបអរ និងចែករំលែកពានរង្វាន់ជាមួយនឹងអ្នកគាំទ្រផ្សេងៗទៀត»។
លោកបន្តថា៖ «ពិតណាស់ កាលពី ៤ ឆ្នាំមុន ក្រុមបារាំងបានឈ្នះម្តងទៀត ហើយខ្ញុំគ្រាន់តែសង្ឃឹមថា យើងអាចដណ្តើមបានជោគជ័យ FIFA World Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះម្តងទៀត។ ពិតណាស់ ការកាន់ពានរង្វាន់ FIFA World Cup គឺដូចជាសុបិនក្លាយជាការពិត ហើយខ្ញុំនឹងចងចាំជារៀងរហូតក្នុងជីវិតរបស់ខ្ញុំ»៕


