កាលពីថ្ងៃសៅរ៍ ទី ១០ កក្កដា ប្រទេសវៀតណាម បានទទួលវ៉ាក់សាំងអាមេរិក Moderna ចំនួន ២ លានដូស ដែលជាការបរិច្ចាគរបស់សហរដ្ឋអាមេរិកតាមរយៈយន្តការ COVAX។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីហាណូយតាមបណ្ដាញសង្គមហ្វេសប៊ុក។
ស្ថិតក្រោមស្លាកទង់ជាតិសហរដ្ឋអាមេរិកព្រមទាំងនិមិត្តសញ្ញារបស់ COVAX និងអង្គការដៃគូនានា វ៉ាក់សាំង Moderna នេះ ជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូស ដែលរដ្ឋការលោកប្រធានាធិបតី ចូ បៃដិន បរិច្ចាគទៅកាន់ពិភពលោក។
យោងតាមសារព័ត៌មានរដ្ឋវៀតណាមបានឱ្យដឹងថា ពាក់កណ្ដាលនៃវ៉ាក់សាំងដែលមកដល់នៅថ្ងៃសៅរ៍ នឹងចាក់ជូនអ្នកដែលរស់នៅទីក្រុងហូជីមិញ ដែលមានប្រជាជនសរុប ៩ លាននាក់។ ករណីវិជ្ជមាននៃជំងឺកូវីដ ១៩ ថ្មីៗនៅប្រទេសវៀតណាម ភាគច្រើនរកឃើញនៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ។
កន្លងមកវៀតណាមទទួល បានវ៉ាក់សាំងចំនួន ៨ លានដូសពីយន្តការ COVAX ខណៈប្រជាជនប្រមាណ ២៥ ម៉ឺននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង។
ចាប់តាំងពីខែមេសាមក វៀតណាមជួបប្រទះនូវការផ្ទុះការឆ្លងរាលដាលសហគមន៍ជាថ្មី។ ប្រមាណ ១ សប្ដាហ៍ចុងក្រោយនេះ ក្នុង ១ ថ្ងៃៗ ប្រទេសនេះរកឃើញករណីថ្មីៗខ្ទង់ ១ ពាន់ករណី ហើយរហូតមកទល់ពេលនេះនៅវៀតណាមមានអ្នកឆ្លងកូវីដ ១៩ សរុប ២៧ ៨៦៣ ករណី និងស្លាប់ ១១២ នាក់៕
ហ៊ីម រដ្ឋា


