ចក្រភពអង់គ្លេសបានព្រមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន និងការណ៍នេះនឹងនាំឱ្យជម្លោះកាន់តែរាលដាល។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly កាលពីថ្ងៃទី ៣១ ខែតុលា បានជំរុញរុស្ស៊ីបើកផ្លូវឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ។ លោកនិយាយថា ៖«សេចក្ដីថ្លែងការណ៍ដែលអស់សង្ឃឹមកាន់តែខ្លាំង»ពីវិមានក្រឹមឡាំង ត្រូវរៀបចំឡើង ដើម្បីបង្វែរមតិអន្តរជាតិ ពីការចាញ់សមរភូមិជាច្រើនរបស់ខ្លួននៅអ៊ុយក្រែន។
កាលពីពេលមុនមេដឹកនាំរុស្ស៊ី លោក ពូទីន បាននិយាយថា រុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយលោកអះអាងថា ជំនួសមកវិញថា អ៊ុយក្រែនអាចប្រើក្បាច់នេះ។
យ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Cleverly បាននិយាយថា វាគឺជា «ការអះអាងមិនសមហេតុផល» ដែលនិយាយថា អ៊ុយក្រែន គ្រោងនឹងបំផ្ទុះគ្រាប់បែកបែបនេះ។ លោកបន្ថែមថា វោហាស័ព្ទរបស់ពូទីនជុំវិញអាវុធនុយក្លេអ៊ែរ គឺជា«ការនិយាយមិនទទួលខុសត្រូវ»។
លោក Cleverly បានប្រាប់សមាជិកសភាថា ៖«គ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេ។ គ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់ប្រទេសរុស្ស៊ី ឬប្រធានាធិបតីពូទីនឡើយ»។
លោកបញ្ជាក់៖«គាត់(ពូទីន)គួរតែច្បាស់ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងផ្លាស់ប្តូរធម្មជាតិនៃជម្លោះ។ វានឹងមានផលវិបាកធ្ងន់ធ្ងរថែមទៀតសម្រាប់រុស្ស៊ី»។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា បុគ្គលិកកងទ័ពជើងទឹកអង់គ្លេស បានបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែមុននិងថា «អ្នកឯកទេសអង់គ្លេស»មកពីអង្គភាពតែ១ បានដឹកនាំការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនលើកងនាវាសមុទ្រខ្មៅរុស្ស៊ីនៅគ្រីមា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ចក្រភពអង់គ្លេស បាននិយាយថា ការចោទប្រកាន់នេះ គឺមិនពិត។ លោកCleverly និយាយថា «ឥឡូវនេះ វិមានក្រឹមឡាំងកំពុងបំភ័ន្តព័ត៌មាន»។
ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្រោមហេតុផលថា នាវារបស់ខ្លួនរងការវាយប្រហារពីយន្តហោះដ្រូន នៅសមុទ្រខ្មៅ ។ កិច្ចព្រមព្រៀងនេះមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្ដាល ដើម្បីបើផ្លូវឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ប្រទេសដ៏ទៃទៀត ខណៈដែលកងទ័ពរុស្សីបានគ្រប់គ្រងច្រកសមុទ្រទាំងនោះ។
លោក Cleverly បាននិយាយថា លទ្ធផលនឹងធ្ងន់ធ្ងរ សម្រាប់ប្រជាជននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមដែលកំពុងរង់ចាំស្បៀងអាហារ។ គាត់បាននិយាយថា ៖«ខ្ញុំជំរុញឱ្យប្រទេសរុស្ស៊ីបញ្ឈប់ការរារាំងគំនិតផ្តួចផ្តើមដ៏សំខាន់នេះ(កិច្ចព្រមព្រៀងនាំធញ្ញជាតិសមុទ្រខ្មៅ) ដែលកំពុងផ្តល់អាហារដល់អ្នកស្រេកឃ្លាននៅទូទាំងពិភព លោក»៕


