ទីក្រុងញូវដេលីៈ ប្រតិបត្តិករកំពង់ផែធំបំផុតរបស់ប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងមិនទទួលដោះស្រាយទំនិញពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និង ប៉ាគីស្ថានចាប់ពីខែក្រោយ បន្ទាប់ពីចាប់បានហេរ៉ូអ៊ីនជិត ៣ តោន។
ក្រុមហ៊ុនកំពង់ផែ Adani ជាផ្នែកនៃក្រុមហ៊ុនមេ Adani Group បានឱ្យដឹងកាលពីថ្ងៃចន្ទថា ផ្នែកដោះស្រាយពាណិជ្ជកម្មរបស់ខ្លួននឹងអនុវត្តចំពោះស្ថានីយ៍ទទួលទំនិញទាំងអស់ ដែលខ្លួនប្រតិបត្តិការ រួមទាំងស្ថានីយ៍ដែលដំណើរការដោយភាគីទី ៣ ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា។
ប្រតិបត្តិករកំពង់ផែនេះមិនបានផ្តល់នូវហេតុផល ប៉ុន្តែការសម្រេចចិត្តនេះ បន្ទាប់ពីការចាប់ម្សៅហេរ៉ូអ៊ីនជិត ៣ តោនពីតួកុងតឺន័រពីរនៅកំពង់ផែ Mundra នៅឈូងសមុទ្រភាគខាងលិចឥណ្ឌានៅក្នុងរដ្ឋ Gujarat កាលពីខែមុន។
ទំនិញដែលអាជ្ញាធរបាននិយាយថាមានប្រភពមកពីអាហ្វហ្គានីស្ថានមានតម្លៃប្រមាណ ២,៦៥ ពាន់លានដុល្លារដែលជាការដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងប្រទេស។
អាជ្ញាធរប្រទេសឥណ្ឌាក៏បានចាប់សារធាតុហេរ៉ូអ៊ីនតម្លៃជាង ២០ លានដុល្លារ និងបានឃុំខ្លួនជនជាតិអ៊ីរ៉ង់ ៦ នាក់ក្នុងការបង្ក្រាបគ្រឿងញៀននៅតាមសមុទ្រក្នុងរដ្ឋ Gujarat ក្នុងខែកញ្ញា។
ឆ្លើយតបចំពោះការចាប់នោះ ក្រុមហ៊ុនកំពង់ផែ Adani បាននិយាយថា ខ្លួនមិនមានអំណាច ដើម្បីត្រួតពិនិត្យទំនិញរាប់លានតោនដែលឆ្លងកាត់ស្ថានីយ៍ទំនិញនោះទេ។
កំពង់ផែ Mundra ជាច្រកសំសេដ្ឋកិច្ច និងដឹកជញ្ជូនដ៏សំខាន់ក្នុងប្រទេសឥណ្ឌា ដែលមានទំនិញ ១៤៤,៤ លានតោនកាលពីឆ្នាំមុន ហើយក៏មានស្ថានីយ៍នាំចូលធ្យូងថ្មធំបំផុតរបស់ប្រទេសឥណ្ឌា។
ភាគច្រើននៃអាភៀន និងហេរ៉ូអ៊ីននៅលើពិភពលោកមានប្រភពមកពីអាហ្វហ្គានីស្ថាន ថ្វីបើមានការខិតខំប្រឹងប្រែងយ៉ាងធំធេងពីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនក៏ដោយ។
រុស្ស៊ី អ៊ីរ៉ង់ ប៉ាគីស្ថាន និង ចិនជាច្រករត់ពន្ធដ៏ធំ និងជាទីផ្សារដ៏ធំសម្រាប់គ្រឿងញៀនពីប្រទេសអាហ្វហ្គានីស្ថាន៕ RR


