ក្រុងញូវយ៉ក៖ ក្រោយពីរទេះអាហារនៅតំបន់មេនហាធិនដ៏តូចរបស់ខ្លួនបានបាត់បង់អតិថិជនអំឡុងពេលវិបត្ដិកូវីដ លោក អាប់ឌុល រ៉ាមេន អាជីវករជនជាតិអាហ្វហ្កានីស្ថាន ដែលបានមកដល់ក្រុងញូវយ៉កក្នុងឆ្នាំ ១៩៩២ បានបន្ដសេវាកម្មរបស់ខ្លួន ទោះបីជាបុគ្គលិកការិយាល័យភាគច្រើននៅបន្ដធ្វើការពីផ្ទះយ៉ាងណាក៏ដោយ។
លោក រ៉ាមេន និងអាជីវករតាមចិញ្វើមផ្លូវរាប់ពាន់នាក់ទៀត តែងតែយកចិញ្ចើមផ្លូវក្រុងញូវយ៉កជាកន្លែងអាជីវករ មានក្ដីរំពឹងថា ស្ថានភាពវិលទៅរកប្រក្រតីភាពវិញក្នុងតាំងពីខែកញ្ញាកន្លងទៅនេះ។
ប៉ុន្ដែវាមិនដូចការគិតឡើយ។ លោក រ៉ាមេន អាយុ ៤៤ ឆ្នាំ បានប្រាប់ AFP ពេលឈរនៅមុខតូបលក់ដូណាត់ និងនំប៉័ងផ្សេងៗទៀតថា៖ «ការលក់បច្ចុប្បន្នបានវិលមកវិញតែប្រមាណ ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ»។
ដោយបានលើកដៃគ្រវីជាសញ្ញា លោកបានចង្អុលទៅកាន់កន្លែងដែលអតិថិជនធ្លាប់មកតម្រង់ជួរនៅមុខរទេះចល័តនេះ។ មិនខុសពីតាក់ស៊ីពណ៌លឿង រទេះអាហារដែក ដាក់កាហ្វេ នំម៉ាហ្វីន ចេក និងស៊ុតស្ងោរ គឺជាចំណែកមួយនៃអគារស្កឹមស្កៃក្នុងក្រុងញូវយ៉ក។

អាជីវករប្រមាណ ២ ពាន់នាក់ ស្ថិតនៅលើវិថី Big Apple ហើយពួកគេភាគច្រើន គឺជាជនចំណាកស្រុក ដែលគ្មានជម្រើសមុខរបរអ្វីផ្សេងក្នុងការរកប្រាក់ចំណូលឡើយ។
បណ្ណប៉ាតង់របស់សាលាក្រុងត្រូវបានមើលឃើញច្បាស់នៅលើរទេះរបស់លោក រ៉ាមេន រួមទាំងកូន ៣ នាក់របស់លោក ដែលប្រសូតនៅលើទឹកដីអាមេរិកទាំងអស់។
រយៈពេល ២០ ឆ្នាំ តាំងពីលោក រ៉ាមេន មកដល់ក្រុងញូវយ៉ក ដើម្បីភៀសខ្លួនពីសង្គ្រាមនៅអាហ្វហ្កានីស្ថាន។
លោកបានរៀបចំតូបលើចិញ្ចើមផ្លូវនៃវិថី Whitehall Street ភាគខាងត្បូងមេនហាធិន។ វាជាទីតាំងល្អ ស្ថិតនៅខាងក្រោមអគារការិយាល័យ ក្បែរច្រកចេញពីស្ថានីយរថភ្លើងក្រោមដី និងមិនឆ្ងាយប៉ុន្មានពីចំណតនាវាទេសចរទាំងចេញ និងចូលទស្សនាសំណាកសេរីភាព ក៏ដូចជាទូកដឹកកម្មករពីកោះស្ដាធេន ផងដែរ។
អតិថិជនខ្លះពិតជាម៉ូយប្រចាំដ៏វិសេស ដូចជា រូបលោក ម៉ៃ រ៉េយ៉េស ជាកម្មករផ្នែកថែទាំ ដែលនិយាយថា លោកមកទទួលទានអាហាររៀងរាល់ព្រឹក។

លោកបានពន្យល់ថា៖ «យើងត្រូវការចំណីចំណុកតម្លៃសមរម្យ ដូចជា ដូណាត់ និងកាហ្វេជាដើម ពីព្រោះខ្ញុំបានដឹងច្បាស់ថា របស់របរក្នុងទីក្រុងនេះ មានតម្លៃថ្លៃណាស់។ ចំពោះខ្ញុំ ការចាយវាយពិតជាសំខាន់»។
ប៉ុន្ដែភ្ញៀវទេសចរនៅមានចំនួនតិចតួចនៅឡើយ ហើយដោយសារតែការរីករាលដាលនៃវីរុសបំប្លែងខ្លួនដែលតា ដូច្នេះ បុគ្គលិកភាគច្រើននៅបន្ដធ្វើការពីផ្ទះ ដើម្បីមកកាន់ទីក្រុងពីផ្ទះរបស់លោកនៅទីប្រជុំជន ណាសសូ ភាគខាងកើតកោះឡុង លោកត្រូវក្រោកពីម៉ោង ២:៣០ ទៀបភ្លឺ តាំងពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ។
ថ្វីដ្បិតតែចំណូលត្រឹម ៨០០ ទៅ ៩០០ ដុល្លារ ក្នុង ១ សប្ដាហ៍ លោកបាននិយាយថា៖ «វាគ្រាន់បើជាងអត់។ លើសពីនេះ ខ្ញុំស្គាល់មនុស្សម្នានៅទីនេះស្រាប់ ដោយសារជិត ២១ ឆ្នាំហើយ ខ្ញុំស្ទើរតែក្លាយជាមនុស្សនៅទីនេះទៅហើយ»៕ AFP/HR




