ក្រុងប្រេស៊ីលីយ៉ា: ពេល នីកូល អូលីវែរ៉ា ទើបរៀនដើរ កូនស្រីតូចនេះចង់បោះដៃឈោងចាប់ដួងតារានៅលើមេឃទៅហើយ។ ថ្ងៃនេះ អាយុទើបតែ ៨ ឆ្នាំ កុមារីសញ្ជាតិប្រេស៊ីលដោយស្គាល់ជាអាវកាសយានិកក្មេងបំផុតក្នុងលោក ដោយការស្វែងរកផ្កាយព្រះគោ ជាផ្នែកមួយនៃកម្មវិធីសម្របសម្រួលដោយអង្គការណាសា ការចូលរួមសិក្ខាសាលាអន្ដរជាតិ និងកិច្ចប្រជុំជាមួយអ្នកអាវកាស និងវិទ្យាសាស្ដ្រកំពូលៗលំដាប់ប្រទេស។
នៅក្នុងបន្ទប់របស់ អូលីវែរ៉ា ដែលសម្បូរទៅដោយរូបភាពប្រព័ន្ធសូឡា រ៉ុក្កែត និងតួអង្គក្នុងរឿង Star Wars តូចៗ កុមារី ដែលត្រូវបានហៅថា នីកូលីនញ៉ា សិក្សាតាមកុំព្យូទ័រតាមរយៈរូបភាពនៃមេឃាលើអេក្រង់ធំៗចំនួន ២។
គម្រោង ដែលមានឈ្មោះថា Asteroid Hunters ត្រូវបានបង្កើតឡើង ដើម្បីណែនាំក្មេងៗពីមុខវិជ្ជាវិទ្យាសាស្ដ្រដោយបានផ្ដល់ឱកាសពួកគេស្វែងរកទីឋានអាវកាសខ្លួនឯង។
វាដំណើរការដោយកម្មវិធីកិច្ចសហប្រតិបត្ដិការស្រាវជ្រាវតារាសាស្ដ្រអន្ដរជាតិ ជាកម្មវិធីវិទ្យាសាស្ដ្រពលរដ្ឋ ដែលសម្របសម្រួលដោយអង្គការ ណាសា សហការជាមួយក្រសួងវិទ្យាសាស្ដ្រប្រេស៊ីល។
ជាមួយមោទនភាព កុមារី នីកូលីនញ៉ា បានប្រាប់ AFP ថា ខ្លួនបានស្វែងរកផ្កាយព្រះគោចំនួន ១៨ រួចហើយ។

កុមារីសក់ពណ៌ត្នោតចាស់ និងសំឡេងច្រិល នាងតូចបាននិយាយថា៖ «ខ្ញុំនឹងដាក់ឈ្មោះពួកវាតាមឈ្មោះអ្នកវិទ្យាសាស្ដ្រប្រេស៊ីល ឬសមាជិកគ្រួសារខ្ញុំ ដូចជា ម៉ាក់ និងប៉ាជាដើម»។
ប្រសិនបើការរកឃើញរបស់កុមារីតូចនេះត្រូវបានបញ្ជាក់ ដែលត្រូវការពេលជាច្រើនឆ្នាំ កុមារី អូលីវែរ៉ា នឹងក្លាយជាបុគ្គលវ័យក្មេងបំផុតក្នុងលោកដែលបានរកឃើញផ្កាយព្រះគោជាផ្លូវការ ដោយបានបំបែកកំណត់ត្រាចាស់របស់ជនជាតិអ៊ីតាលី ល្វីហ្គី សាននីណូ អាយុ ១៨ ឆ្នាំ។
គ្រួសារកុមារី នីកូលីនញ៉ា បានមកពីស្រុកកំណើត ម៉ាសៃកូ ទៅកាន់ ហ្វូតាឡេហ្សា ចម្ងាយប្រមាណ ១ ០០០ គីឡូម៉ែត្រពីគ្នា តាំងពីដើមឆ្នាំ ក្រោយពីកុមារី នីកូលីនញ៉ា ទទួលបានអាហារូបករណ៍ចូលរៀនសាលាល្បីមក។ ឪពុកនាងតូច ជាអ្នកវិទ្យាសាស្ដ្រផ្នែកកុំព្យូទ័រ ត្រូវបានអនុញ្ញាតឱ្យបន្ដការងារ និងធ្វើការពីចម្ងាយ។
អ្នកម្ដាយ ហ្ស៊ីលម៉ា ចាណាកា អាយុ ៤៣ ឆ្នាំ ដែលធ្វើការក្នុងឧស្សាហកម្មសិប្បកម្ម បាននិយាយថា៖ «ពេលនាងមានអាយុ ២ ឆ្នាំ គាត់ចូលចិត្ដលើកឡើងឈោងលើមេឃ និងសួរខ្ញុំថា ម៉ាក់ ចាប់ផ្កាយឱ្យខ្ញុំ»។
អ្នកស្រីបានបន្ថែមថា៖ «យើងយល់ថា ដុងស្រឡាញ់ផ្នែកអាវកាសនេះពិតជាមានមែន ពេលគាត់សុំយើងទិញកែវយឺតសម្រាប់កាដូថ្ងៃកំណើតពេលដល់វ័យ ៤ ឆ្នាំ។ ខ្ញុំមិនទាំងដឹងថាអ្វីទៅជាកែវយឺតនោះផង»។

នៅលើឆាណែល YouTube របស់កុមារីរូបនេះ នីកូលីនញ៉ា បានធ្វើសម្ភាសបុគ្គលមានឥទ្ធិពលជាច្រើនរូប ដូចជា អាវកាសយានិកប្រេស៊ីល Duilia de Mello ដែលបានចូលរួមរកឃើញការផ្ទុះភពផ្កាយមួយហៅថា SN 1997D។
ចំពោះមហិច្ឆតាផ្ទាល់ខ្លួន កុមារី នីកូលីនញ៉ា ចង់ក្លាយជាវិស្វករអាវកាសម្នាក់។
នាងតូចបាននិយាយថា៖ «ខ្ញុំចង់ផលិតរ៉ុក្កែត។ ខ្ញុំក៏ចង់ឱ្យកុមារក្នុងប្រទេសប្រេស៊ីលទាំងអស់មានលទ្ធផលចូលខាងផ្នែកវិទ្យាសាស្ដ្រផងដែរ»៕ AFP/HR



