ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា កម្ពុជាជាប្រទេសមួយដែលមានជោគជ័យក្នុងការគ្រប់គ្រងលើកូវីដ ១៩ ហើយដែលបានបើកប្រទេសឡើងវិញ រហូតបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ចុះនៅក្នុងឆ្នាំ ២០២០ រហូតទៅដល់ដក ៣,១ ភាគរយ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះកាលពីថ្ងៃទី ៦ មីនា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប ១ ៧២៨ នាក់។ លោកលើកឡើងថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលពេលនោះលោកហៅថា ចាក់ស្រោចវ៉ាក់សាំង ហើយពេលនេះលោកសូមហៅថា «មុជវ៉ាក់សាំង» តែម្តងដែលធ្វើឱ្យកម្ពុជាមានលទ្ធផលបើកប្រទេសឡើងវិញដំណើរការសង្គមនិងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «នេះជាការខិតខំដើម្បីធានាយ៉ាងម៉េចកុំឱ្យពលរដ្ឋរបស់យើងបាត់បង់ជីវិត។ ពិតមែនហើយយើងសោកស្តាយដែលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះជីវិតមនុស្សបានបាត់បង់រហូតទៅដល់ ៣ ០៥៦ នាក់ ដែលជាចំនួនមួយដ៏ធំ បើប្រៀបធៀបជាមួយនឹងប្រទេសតូចមួយដែលមានប្រជាជនស្លាប់ដ៏ច្រើនក្នុងរយៈពេលដ៏ខ្លី»។
លោកក៏បានរំឭកផងដែរថា កម្ពុជាបានខិតខំ ដែលក្នុងអំឡុងពេលនោះបានឈានទៅដល់ការប្រកាសអាសន្នដោយមានការណែនាំឱ្យរកទីប៉ាឆា កន្លែងបញ្ចុះសាកសព និងការរៀបចំក្តារមឈូសផងដែរ រហូតមានការលើកឡើងពីក្រុមប្រឆាំងមួយចំនួនថា មានការមើលងាយជីវិតមនុស្សទៀតផង។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសុំអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ហើយនៅក្នុងកាលៈទេសៈប្រទេសរបស់យើងពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិភពលោកកំពុងមានការប្រែប្រួល ដូចនេះយើងមិនដឹងថា តើនឹងមានជំងឺអីកើតមានឡើងទៀត»។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៦ ខែមីនា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧១៩ នាក់ ករណីជាសះស្បើយសរុបចំនួន ១៣៥ ៦៥៨ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ ទាក់ទងនឹងវ៉ាក់សាំងកូវីដ ១៩ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ធ្លាប់លើកឡើងថា ប្រទេសកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ គ្រប់គ្រាន់ ដើម្បីផ្ដល់ជូនដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃទាំងដូសមូលដ្ឋាន និងដូសជំរុញដែលមិនគិតពីពូជសាសន៍ ពណ៌សម្បុរនិងនិន្នាការនយោបាយឡើយហើយវ៉ាក់សាំងកូវីដ ១៩ ទាំងអស់ដែលប្រើប្រាស់នៅកម្ពុជា គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
លោកស្រីមានប្រសាសន៍ថា៖ «ស្របពេលដែលយើងមានវ៉ាក់សាំងកូវីដ ១៩ គ្រប់គ្រាន់ និងការគ្រប់គ្រងស្ថានការណ៍នៃការរាតត្បាតវីរុសកូវីដ ១៩ ដែលជាវីរុសដ៏កាចសាហាវមួយនេះបានយ៉ាងល្អគួរជាទីមោទនៈនោះយើងទាំងអស់គ្នាមិនត្រូវលែងចោលនូវវិធានការការពារដ៏មានប្រសិទ្ធភាព ៣ កុំ ៣ ការពារ ជាពិសេស ៣ ការពារ»។
លោកស្រីបានថ្លែងបន្តថា ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងដូសជំរុញពិតជាមានសារៈសំខាន់បំផុតសម្រាប់បង្កើន និងពង្រឹងអង់ទីគ័រការពាររាងកាយកុំឱ្យធ្លាក់ចុះរហូតដល់ចំណុចមួយដែលវាលែងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ៕


