១ ឆ្នាំ ក្រោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីចាប់ផ្ដើមឡើង សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ទំនាក់ទំនងរបស់មហាអំណាចពិភពលោកធំៗ។
ខណៈក្រុងវ៉ាស៊ីនតោនប្រកាសថា ផែនការនៅអ៊ុយក្រែនរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បរាជ័យ ទីក្រុងម៉ូស្គូបានគាស់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួនមកវិញ ស្របពេលដែលចិនប្រកាន់ជំហររឹងមាំបន្ថែមទៀតចំពោះសហរដ្ឋអាមេរិក។
ប៉ុន្មានថ្ងៃមុនសង្រ្គាមគម្រប់ខួប១ឆ្នាំ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានលេចមុខគួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងកៀវ ហើយបង្ហាញជំហរបន្តគាំទ្រអ៊ុយក្រែន។ ក្នុងថ្ងៃជាមួយគ្នានោះ លោក បៃដិន ថ្លែងអំពីមេដឹកនាំរុស្ស៊ីនៅពេលធ្វើដំណើរទៅដល់ប៉ូឡូញថា៖ «គាត់(ពូទីន)គិតថា ជនផ្ដាច់ការដូចគាត់គឺរឹងម៉ាំ ហើយមេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យគឺទន់ខ្សោយ ហើយបន្ទាប់មក គាត់បានជួបនឹងឆន្ទៈដែករបស់អាមេរិក និងប្រជាជាតិនៅគ្រប់ទីកន្លែង ដែលបដិ សេធមិនទទួលយកពិភពលោក ដែលគ្រប់គ្រងដោយការភ័យខ្លាច និងកម្លាំង»។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញព័ត៌មាន Al Jazeera។
ក្រៅពីប្រកាសថា លោក ពូទីន បរាជ័យ លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា៖ «រុស្ស៊ីគ្មានថ្ងៃនឹងឈ្នះលើអ៊ុយក្រែននោះទេ។ គ្មានថ្ងៃទេ»។
គួរគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទទៅកាន់ទីក្រុងកៀវរបស់លោក បៃដិន ពោរពេញដោយហានិភ័យ ប៉ុន្តែត្រូវបានគេមើលឃើញថា បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីការមិនបោះបង់អ៊ុយក្រែនចោល ទៅឱ្យរុស្ស៊ីត្របាក់យក។
មួយថ្ងៃក្រោយពីនោះ លោក ពូទីន បានថ្លែងក្នុងសុន្ទរកថាទៅកាន់ប្រទេសនៅទីក្រុងមូស្គូ ហើយបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានរបស់រុស្ស៊ី ដែលលោកនៅតែបន្តហៅថាជា «ប្រតិបត្តិការយោធាពិសេស»។ លោក ពូទីន បាននិយាយដោយសំដៅលើបដិវត្តន៍ Maidan អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដែលទម្លាក់ប្រធានាធិបតីប្ដូរផ្ដាច់នឹងរុស្ស៊ី លោក Viktor Yanukovich ថា៖ «កាលពីមួយឆ្នាំមុន ការសម្រេចចិត្តមួយបានធ្វើឡើងដើម្បីបើកប្រតិបត្តិការយោធាពិសេស ក្នុងគោលបំណងការពារប្រជាជននៅលើទឹកដីប្រវត្តិសាស្ត្ររបស់យើង ធានាសន្តិសុខនៃប្រទេសរបស់យើង លុបបំបាត់ការគំរាមកំហែងដែលកើតចេញពីរបបក្រោយណាស៊ី ដែលកើតមាននៅអ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤។
លោក ពូទីន បានបន្តថា៖ «យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី»។ លោកនៅតែប្រកាន់ថា រុស្ស៊ីមិនអាចមានសុវត្ថិភាពពេលមានអ៊ុយក្រែនជាសមាជិកណាតូ នៅតាមព្រំដែនរបស់ខ្លួនឡើយ។
បន្ថែមពីលើនេះ វាមិនខុសពីអ្វីច្រើនពីការលើកឡើងកន្លងមករបស់លោកទេ លោក ពូទីន នៅតែចាត់ទុកលោកខាងលិចប្រកាន់ចរិកបែបអាណានិគមនិយម និងឈ្លានពាន។ លោកថ្លែងយ៉ាងដូច្នេះថា៖ «គោលគំនិតនៃកិត្តិយស ទំនុកចិត្ត ភាពសមរម្យ មិនសម្រាប់ពួកគេទេ។ អស់រយៈពេលជាច្រើនសតវត្សរ៍នៃអាណានិគមនិយម ការគាបសង្កត់អនុត្តរភាព ពួកគេស៊ាំនឹងការអនុញ្ញាតឱ្យធ្វើអ្វីគ្រប់យ៉ាង»។
សហរដ្ឋអាមេរិកឯនោះវិញ បានបង្កើនការព្រួយបារម្ភថាចិនកំពុងគិតគូរពីការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ប៉ុន្តែមិនបញ្ជាក់អាវុធប្រភេទណាមួយនោះទេ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកែន បាននិយាយកាលពីពេលថ្មីៗនេះប្រាប់ទូរទស្សន៍ក្នុងស្រុកថា៖ «ការព្រួយបារម្ភដែលយើងមាននៅពេលនេះ គឺផ្អែកលើព័ត៌មានដែលយើងមានថា ពួកគេ(ចិន)កំពុងពិចារណាផ្តល់ជំនួយអាវុធ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកគេថា ការផ្ដល់នោះនឹងបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរដល់យើង និងដល់ទំនាក់ទំនងរបស់យើង»។
ការព្រួយបារម្ភបែបនេះ ក៏ត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការអង្គការណាតូ លោក ជេន ស្ដូលថេនប៊ឺក ផងដែរ ដែលបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនទាន់ឃើញមានសញ្ញាណាមួយដែលបង្ហាញថាចិនផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីនៅឡើយទេ ប៉ុន្តែថាក្រុងប៉េកាំង កំពុងរៀបចំផែនការនេះ។
ក្រោយការព្រួយបារម្ភនេះលេចធ្លោកាន់តែខ្លាំងឡើង ចិនបានធ្វើការច្រានចោលយ៉ាងដាច់អហង្ការ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនប៊ីន បានឆ្លើយតបនឹងការលើកឡើងរបស់លោក ប្ល៊ីងកែន ថា៖ «មិនមែនចិនទេ គឺសហរដ្ឋអាមេរិក ដែលជាអ្នកបង្ហូរអាវុធទៅទីសមរភូមិ។ អាមេរិកគ្មានឋានៈ មកប្រាប់ចិនឱ្យធ្វើអ្វីនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរប្រឆាំងនឹងចិន ប្រសិនបើមានការសម្រេចចិត្តបែបនេះមែន ហើយវាមិនមែនជាលើកដំបូងទេ ដែលក្រុងវ៉ាស៊ីនតោនព្រមានចិនពី «ផលវិបាកធ្ងន់ធ្ងរ» បើប្រទេសនេះហ៊ានផ្ដល់អាវុធឱ្យរុស្ស៊ី។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំមក ចិនមិនបានប្រឆាំង ឬថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនោះទេ ប៉ុន្តែជំនួសមកវិញនូវការពង្រឹងទំនាក់ទំនងជាមួយក្រុងម៉ូស្គូ ខណៈអំពាវនាវឱ្យមានការចរចាសន្តិភាព ហើយពិចារណាលើការព្រួយបារម្ភរបស់រុស្ស៊ី។ ចិនថែមទាំងបានផ្ដល់ខ្លួន ធ្វើជាអ្នកសម្របសម្រួលលើជម្លោះទៀតផងខណៈរក្សាខ្លួនជាអ្នកអព្យាក្រឹត។
ម្ដងហើយម្ដងទៀត ចិនបានរក្សាជំហរទម្លាក់កំហុសឱ្យលោកខាងលិច ថាជាដើមហេតុនៃការឈ្លានពានរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ កាលពីខែមិថុនាឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើការរិះគន់សហរដ្ឋអាមេរិក ដោយអំពាវនាវពិភពលោកឱ្យ«បដិសេធចិត្តគំនិតនៃសង្គ្រាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី និងការអាងលើទណ្ឌកម្ម»។
យ៉ាងណាមិញ ក្នុងខែកញ្ញា លោក ស៊ី បានប្រាប់លោក ពូទីន ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងសាម៉ាកង់នៃប្រទេសអ៊ូសបេគីស្ថាន ថា ចិនមាន «ចម្ងល់ និងកង្វល់» អំពីសង្រ្គាម ហើយលើកឡើងពីតម្រូវការនៃស្ថិរភាពក្នុងកិច្ចការពិភពលោក។
២ខែក្រោយមក នៅពេលជួបជាមួយលោក បៃដិន នៅក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី លោក ស៊ី បានថ្លែងថា៖ «សហគមន៍អន្តរជាតិ គួរតែរួមគ្នាប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងអាវុធនុយក្លេអ៊ែរ [និង]ធ្វើការតស៊ូមតិមិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងមិនឱ្យសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង ដើម្បីទប់ស្កាត់វិបត្តិនុយក្លេ អ៊ែរនៅអឺរ៉ាស៊ី»។
ប៉ុន្តែការព្រួយបារម្ភពីសង្រ្គាមនុយក្លេអ៊ែរ បានកើតមានចុះឡើងៗក្នុងរយៈពេល១ឆ្នាំនៃសង្រ្គាមនៃអ៊ុយក្រែន។ ក្រោយការឈ្លានពានថ្មីថ្មោង ពោលគឺនៅចុងខែកុម្ភៈឆ្នាំមុន លោក ពូទីន បានបញ្ជាឱ្យកងទ័ពកម្លាំងនុយក្លេអ៊ែរស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជា «សេចក្ដីថ្លែងការណ៍ដ៏គឃ្លើនរបស់ណាតូ»។ ភាពតានតឹងបែបនេះ កើតមានឡើងវិញ នៅពេលលោក ពូទីន អះអាងពីការ «ប្រើប្រាស់គ្រប់មធ្យោបាយដែលមាន» ដើម្បី «ការពារ» ប្រជាជនរុស្ស៊ី ក៏ដូចជាប្រទេសរុស្ស៊ីនៅចុងខែកញ្ញា។ ការព្រមាននោះ ធ្វើឡើងជិត២ខែ ក្រោយលោកនិយាយនៅដើមខែសីហាថា សង្រ្គាមនុយក្លេអ៊ែរមិនត្រូវកើតមានទេ ព្រោះនឹងគ្មានភាគីណាមួយឈ្នះឡើយ។
ជាថ្មីម្ដងទៀត និងចុងក្រោយបំផុត ជុំវិញការព្រួយបារម្ភពីនុយក្លេអ៊ែរ កើតមានក្រោយ បន្ទាប់ពី លោក ពូទីន បានប្រកាសដកខ្លួនរុស្ស៊ីចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរជាមួយអាមេរិក New START ដែលកំណត់ចំនួនក្បាលគ្រាប់មីស៊ីលនុយក្លេអ៊ែរតាកទិក ដែលប្រទេសទាំង២ អាចដាក់ពង្រាយបាន។ ការប្រកាសកាលពីថ្ងៃអង្គារមុននេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភស្ដីពីលទ្ធភាពផ្ដល់អាវុធឱ្យរុស្ស៊ីរបស់ចិន និងដំណើរទស្សនកិច្ចរបស់មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី ទៅទីក្រុងម៉ូស្គូ ដែលជាការបង្ហាញជំហរស្អិតរមួតនៃទំនាក់ទំនងរបស់ប្រទេសទាំង២។
អ្នកវិភាគមើលឃើញថា ការសម្រេចចិត្តរបស់ចិនក្នុងការខិតកាន់តែជិតរុស្ស៊ី ក្នុងអំឡុងពេលដែលក្រុងម៉ូស្គូ ត្រូវការជំនួយ អាចរៀបចំទំនាក់ទំនងពិភពលោកឡើងវិញជាមូលដ្ឋាន។ រហូតមកដល់ពេលនេះ រុស្ស៊ីបានបង្ហាញខ្លួនឯងថាកំពុងស្ថិតក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលបានផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធទំនើបៗជាច្រើនដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី។
ក្នុងករណីណាមួយ ប្រសិនបើចិនផ្ដល់អាវុធឱ្យរុស្ស៊ី វាអាចបង្ហាញពីតុល្យភាព ដែលអាមេរិក និងចិនជាអ្នកឧបត្ថម្ភភាគីទាំងសងខាងនៃសង្គ្រាមនេះ។ ជំហានបែបនេះ អាចនឹងធ្វើឱ្យចិនក្លាយជាមហាអំណាចធំមួយទៀតទន្ទឹមនឹងសហរដ្ឋអាមេរិក ប៉ុន្តែវានឹងទម្លាក់រៀងរបស់រុស្ស៊ី៕


