ភ្នំពេញៈ ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា ដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្មមានជំនឿទុកចិត្តនៅកម្ពុជា។
MoU នេះត្រូវបានចុះហត្ថលេខាដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី Jyotsana Varma តំណាង ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
ក្រសួងយុត្តិធម៌ បញ្ជាក់លើគេហទំព័រនាថ្ងៃទី១៧ ខែកុម្ភៈ ថា ការចុះ MoU នេះបង្ហាញពីការគាំទ្រ និងការចូលរួមរបស់ ADB លើការរៀបចំក្របខ័ណ្ឌគតិយុត្តមួយដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្ត នៅកម្ពុជា ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួង យុត្តិធម៌ ក៏ដូចជា ការចូលរួមលើកកម្ពស់សមត្ថភាពរបស់ចៅក្រមពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម។
ក្រសួងបញ្ជាក់ថា៖ «ក្រោមជំនួយបច្ចេកទេសរបស់ ADB និងដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួង យុត្តិធម៌ ក្រសួង យុត្តិធម៌សង្ឃឹមថា នឹងទទួលបាននូវសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម ដែលមាននីតិវិធីច្បាស់លាស់ និងឆាប់រហ័ស មានតម្លាភាព និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ដើម្បីបង្កើនជំនឿទុកចិត្តលើការកាត់ក្តីវិវាទពាណិជ្ជកម្ម»។
លោក កើត រិទ្ធ ថ្លែងក្នុងពិធីចុះ MoU នេះថា ការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយដែលមានតម្លាភាព គុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា គឺជាអាទិភាពការងារ និងជាការប្តេជ្ញាចិត្តខ្ពស់មួយរបស់ក្រសួងយុត្តិធម៌។
លោកបន្ថែមថា ដរាបណាតុលាការពាណិជ្ជកម្មមិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវនេះទេ តុលាការនេះនឹងមិនត្រូវបានដាក់ឱ្យដំណើរការនោះទេ។
លោក កើត រិទ្ធ ថ្លែងអំណរគុណដល់ ADB ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង យុត្តិធម៌ លើការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពដល់ចៅក្រមកម្ពុជាពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីក្នុងវិស័យពាណិជ្ជកម្ម។
លោកថា នេះជាតម្រូវការចាំបាច់ចំពោះមុខរបស់ក្រសួងយុត្តិធម៌៕


