ក្រសួងសុខាភិបាល បានប្រកាសរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) ជិត ៤ ពាន់ករណីហើយ ដែលជំងឺនេះបានគ្របដណ្តប់ដល់ ២៤ រាជធានី-ខេត្ត ខណៈក្រសួងអំពាវនាវឱ្យមានការចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា និងរៀនរស់តាមបែបគន្លងថ្មី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ១០ ខែកញ្ញានេះ បានឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតដល់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទ B.1.617-2 (Delta)ចំនួន ៣ ៧៣១ នាក់ (ស្រី ១ ៩០៤)។
អ្នកវិជ្ជមានរួមមានទាំងលើអ្នកដំណើរតាមជើងហោះហើរ ពលករមកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្រ្តីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស ហើយបានប៉ះពាល់ដល់ ២៤ រាជធានី-ខេត្ត លើកលែងតែខេត្តមួយប៉ុណ្ណោះ គឺខេត្តកែប។
យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាន និងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។
តាមរយៈសេចក្តីប្រកាសនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានក្រើនរំឭក និងអំពាវនាវដោយទទូចដល់សាធារណជនទាំងអស់ដែលមានវត្តមាននៅកម្ពុជា ឱ្យប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងមិនត្រូវ ភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា ៖ “រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ នេះ។
ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែល ក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្តិ។ «ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវលើ ៣ការពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ជ” ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ ១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេសឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ ១៩ នេះ»៕


