បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបងបើកយុទ្ធនាការបំផុសគំនិតអប់រំការយល់ដឹងពីបរិស្ថានស្អាត ដែលយុទ្ធនាការ ១ នេះ បានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍នានា អង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីរដ្ឋាភិបាល យុវជន ស.ស.យ.ក និងសិស្សានុសិស្ស ចូលរួមប្រមាណជាង ១ ០០០ នាក់។
រដ្ឋបាលខេត្តប្រកាសថា យុទ្ធនាការនេះ គឺមានគោលបំណង ក្នុងការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកនៅកម្ពុជា បំផុសឆន្ទៈក្នុងការប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ គាំទ្រលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ពីបរិស្ថាន ប្រកបដោយស្មារតីភ្ញាក់រឭកចេះបែងចែកសំរាម និងចូលរួមសកម្មភាពសង្គមដើម្បីលើកកម្ពស់កម្ពុជា ក្នុងគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងយុទ្ធនាការនេះ យុទ្ធនាការនេះប្រព្រឹត្តទៅដោយនាំគ្នាដើរប្រមូលថង់ប្លាស្ទិក នៅគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង ដោយញែកសំរាមច្រកថង់ពណ៌ខ្មៅ និងថង់ពណ៌ស ក្នុងគោលបំណងយកទៅកែច្នៃសំរាមប្លាស្ទិកដែលប្រមូលបាន។
លោក ឆាយ ម៉ាទីណាល់ ថ្លែងថា៖ «ដូច្នេះសម្រាប់យុទ្ធនាការនេះ យើងបានប្រាប់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន គាត់នឹងយល់ច្បាស់ពីតម្លៃនៃការសម្អាតអនាម័យបរិស្ថាន គាត់ចូលរួមសម្អាតបរិស្ថាន និងចេះញែកសំរាម។ មួយវិញទៀត វាក៏មានផលប្រយោជន៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងក្រុងបាត់ដំបងយើងខ្ញុំនេះ»។
លោកបន្ដថា អាជ្ញាធរសង្ឃឹមថា តាមរយៈយុទ្ធនាការនេះនឹងបានចូលរួមផ្សព្វផ្សាយណែនាំផ្តល់នូវចំណេះដល់សហគមន៍ដទៃទៀតឱ្យចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់កម្ពុជា និងទាក់ទាញទេសចរដែលអាចជួយផ្តល់ ការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ១ផ្នែករបស់ប្រជាសហគមន៍ផងដែរ។
លោកបន្ថែមថា ជាលទ្ធផលការរៀបចំយុទ្ធនាការរយៈពេល១ថ្ងៃ ក្រុមការងារដែលបានបែងចែកគ្នានោះ បានរើសសំរាមប្លាស្ទិកបានប្រមាណជា ៣៥០គីឡូក្រាម ដែលប្រមូលទុកជូនក្រុមហ៊ុនទទួលកែច្នៃសំរាមប្លាស្ទីក និងសំរាមកាកសំណល់ទូទៅប្រមូលបានប្រមាណ ៨២០គីឡូក្រាម ដើម្បីយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា យុទ្ធនាការ«មួយជំហានគ្មានប្លាស្ទិក (ONE STEP NO PLASTIC)»នេះ ត្រូវបានចាប់ផ្ដើមឡើងកាលពីចុងខែកក្កដា ឆ្នាំ២០២២ ក្រោមការផ្ដួចផ្ដើមពី All Dreams Cambodia និងក្រុមនិស្សិត Tos Yerngក្នុងគោលបំណងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា៕


