ភ្នំពេញៈ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង ២០ ដែលរដ្ឋាភិបាលចិនបានកំណត់បើកឱ្យប្រជាពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅទស្សនាបានចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ខណៈមន្ត្រីអាកាសចរស៊ីវិល និងអ្នកតំណាងវិស័យទេសចរណ៍កម្ពុជាបានលើកឡើងថា បានត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន China Daily នៅថ្ងៃទី ២១ ខែមករា គឺ ក្រសួងទេសចរណ៍ និងវប្បធម៌ចិនបានប្រកាសថា ប្រទេសចិន នឹងចាប់ផ្តើមធ្វើដំណើរទស្សនាឡើងវិញទៅកាន់ប្រទេសដែលត្រូវបានជ្រើសរើស។
ក្រសួងបានសរសេរនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី ២០ ខែមករាថា កម្មវិធីសាកល្បងនេះនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែកុម្ភៈ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន និងភ្នាក់ងារទេសចរណ៍បើកដំណើរការទេសចរណ៍ក្រៅស្រុកទៅប្រទេសចំនួន ២០ មានដូចជាកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី អារ៉ាប់រួម ឡាវ អេហ្ស៊ីប កេនយ៉ា អ្រាហ្វិកខាងត្បូង ស្វ៊ីស ហុងគ្រី អាហ្សង់ទីន នូវែលសេឡង់ ហ្វីជី និងគុយបា។
ក្រសួងបានលើកឡើងថា៖ «ក្រុមហ៊ុននិងភ្នាក់ងារទេសចរណ៍អាចផ្តល់ជូននូវកញ្ចប់ទេសចរណ៍ទៅដល់ភ្ញៀវទេសចរចាប់ពីពេលនេះតទៅ»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែមករាថា ការហោះហើរលើផ្លូវរវាងប្រទេសកម្ពុជា និងចិនបានចាប់ផ្តើមមានការកើនឡើងវិញចាប់តាំងពីរដ្ឋាភិបាលចិនប្រកាសលុបចោលគោលនយោបាយកូវីដសូន្យ ដែលកាលនោះការហោះហើរ គឺត្រូវបានកំណត់តែ ១៥ ជើងប៉ុណ្ណោះមកកាន់កម្ពុជា និង ១៥ ទៅកាន់ចិន ក្នុង ១ សប្តាហ៍។
លោកបន្តថា នាពេលថ្មីៗនេះ លោកក៏ទទួលបានការស្នើសុំដំណើរការឡើងវិញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ទៅកាន់ទីផ្សារប្រទេសចិនដោយក្រុមហ៊ុនទាំងនោះបានសុំកន្លែងចុះចត និងម៉ោងចុះចតដូចមុន។
លោកបញ្ជាក់ថា៖ «យើងរំពឹងថា ជើងហោះហើររវាងប្រទេសកម្ពុជា-ចិន នឹងបន្តកើនឡើងក្រោយចូលឆ្នាំចិនបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសហើយថា នឹងស្វាគមន៍ភ្ញៀវចិន និងអ្នកធុរកិច្ចចិនមកប្រទេសកម្ពុជា។ ឥឡូវនេះយើងមានការផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) និងគ្មានរបាំងកូវីដ ១៩ អ្វីបន្តទៀតដូចទៅនឹងបណ្តាប្រទេសនានាដែរ»។
លោកបន្ថែមទៀតថា៖ «យើងមិនរំពឹងថា ប្រទេសយើងជាជម្រើសទី ១ ដែលភ្ញៀវទេសចរចិនមកកម្សាន្តទេ ប៉ុន្តែនៅពេលពួកគាត់មកទស្សនាប្រទេសនានាក្នុងតំបន់ ឬជិតខាងយើង ដូច្នេះពួកគាត់នឹងចូលមកទស្សនាយើងដែរ ដោយយើងរំពឹងថា នឹងចូលមកទស្សនាកម្ពុជាយើងមួយចំនួនធំផងដែរ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ផ្នែកឯកជនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាស្នាក់នៅ ធ្វើដំណើរ និងម្ហូបអាហារនានាក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវចិន ក្រោយពីអាក់ខានរយៈពេលដ៏យូរដោយសារតែគោលនយោបាយកូវីដសូន្យរបស់រដ្ឋាភិបាលចិន។
លោកស្រីថ្លែងថា៖ «យើងដឹងហើយថា មិនត្រឹមតែផ្នែកឯកជនបានត្រៀមខ្លួនរួចរាល់ប៉ុណ្ណោះទេ សូម្បីតែរដ្ឋាភិបាលយើងក៏បានធ្វើការសម្របសម្រួល និងលុបចោលលក្ខខណ្ឌនានាសំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរកាន់តែមានភាពងាយស្រួល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការកំណត់ទិសដៅទេសចរណ៍របស់រដ្ឋាភិបាលចិនក្នុងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួនចូលមកទស្សនាទាំង ២០ ប្រទេស ដែលរួមមានកម្ពុជាដែរនោះ យើងនឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន»។
កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន លើកឡើងថា កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរចិនឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងច្រើនដោយសារការរីករាលដាលកូវីដ ១៩។
លំហូរភ្ញៀវទេសចរចិនមកកម្ពុជាក្នុងឆ្នាំនេះនឹងអាចលើសឆ្នាំ ២០២២ ចំនួន ១០ ដង ព្រោះក្រៅពីលក្ខខណ្ឌខាងក្រៅ (ចិនជាប្រទេសធំ មានប្រជាជនច្រើន) រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាក៏បានអភិវឌ្ឍរចនាសម្ព័ន្ធផ្លូវថ្នល់ និងតំបន់កម្សាន្តជាច្រើនផងដែរ។ លោកបន្ថែមថា ក្នុងឆ្នាំ ២០២៣ នេះកម្ពុជានឹងអាចទទួលបានទេសចរបរទេសពី ៣,៥ លាននាក់ទៅ ៤ លាននាក់។
លោកថ្លែងថា៖ «ការត្រៀមទទួលភ្ញៀវទេសចរចិននេះ គឺយើងមានផែនការ និងកម្មវិធីច្បាស់លាស់។ ខ្ញុំគិតថា ឆ្នាំ ២០២៣ នេះនឹងបានភ្ញៀវទេសចរចិនប្រហែល ១ លាននាក់»។
យោងតាមលោករដ្ឋមន្ត្រី ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាលើកទឹកចិត្តភ្ញៀវទេសចរជនជាតិចិន កន្លងមកកម្ពុជាក៏បានរៀបចំឱ្យមានការបកប្រែឯកសារជាភាសាចិន និងការទូទាត់ជាប្រាក់យន់របស់ប្រទេសចិនផងដែរ៕


