ធនាគារកណ្ដាលស្រីលង្កានិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះមិនអាចសងបំណុលបរទេសបាន ខណៈព្យាយាមប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេស ដើម្បីនាំចូលរបស់សំខាន់ៗដូចជាប្រេងឥន្ធនៈជាដើម។
លោក Nandalal Weerasinghe ទេសាភិបាលធនាគារកណ្តាលស្រីលង្កាប្រាប់អ្នកយកព័ត៌មានថា៖ «យើងត្រូវផ្តោតលើការនាំចូលសំខាន់ៗ ហើយមិនចាំបាច់ព្រួយបារម្ភអំពីការបម្រើបំណុលបរទេសទេ។ វាឈានដល់ចំណុចមួយ ដែលការទូទាត់បំណុល គឺជាការលំបាក និងមិនអាចទៅរួច»។
លោកបន្តថា ការផ្អាកការទូទាត់នឹងធ្វើឡើងរហូតដល់ប្រទេសនេះឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល និងដោយមានការគាំទ្រពីកម្មវិធីកម្ចីជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ការប្រកាសរបស់ធនាគារកណ្ដាលស្រីលង្កាធ្វើឡើងក្រោយរដ្ឋាភិបាលចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការជាមួយអ្នកផ្តល់ប្រាក់កម្ចីសកលនៅថ្ងៃចន្ទ សម្រាប់ប្រាក់កម្ចីជាបន្ទាន់។ ប្រទេសនេះ ជាប់បំណុលបរទេសដែលមិនទាន់សងរហូតដល់ ៣៥ ប៊ីលានដុល្លារ ហើយ ៧ ប៊ីលានដុល្លារក្នុងនោះនឹងត្រូវបង់នៅឆ្នាំនេះ។ IMF និយាយកាលពីខែមុនថា បំណុលស្រីលង្កាស្ថិតក្នុងកម្រិត «មិនមាននិរន្តរភាព»។
ទន្ទឹមនឹងនោះ ទុនបម្រុងរបស់ស្រីលង្កាបានធ្លាក់ចុះជាង ២/៣ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ដោយសារការកាត់បន្ថយពន្ធ និងការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេស។ បញ្ហាអតិផរណាឡើងខ្ពស់ កង្វះខាត ថាមពល ប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ធ្វើឱ្យស្រីលង្កា ធ្លាក់ចូលទៅក្នុងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល។
ក្រុមអ្នកតវ៉ាស្តីបន្ទោសរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Gotabaya Rajapaksa ចំពោះការចាត់ចែងសេដ្ឋកិច្ចស្រីលង្កាខុស និងបង្កឱ្យមានវិបត្តិ។ ប៉ុន្តែក្រសួងហិរញ្ញវត្ថុប្រទេសនេះនិយាយថា ផលប៉ះពាល់ដល់វិស័យទេសចរណ៍ពីកូវីដ ១៩ និងការកើនឡើងនៃតម្លៃទំនិញដែលបណ្តាលមកពីវិបត្តិអ៊ុយក្រែនបាន «បំផ្លាញសារពើពន្ធរបស់ស្រីលង្កា»៕
ហួន ឌីណា
វីដេអូ៖


