ក្រុងប៉ារីស៖ ក្រុមអធិរាជស Real Madrid បានដេញថ្លៃនូវទឹកប្រាក់ ១៦០ លានអឺរ៉ូ ($១៨៨,១១ លាន) ដើម្បីទិញខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ពីក្រុមអ្នកមាននៅបារាំង Paris St Germain (PSG)។ នេះបើតាមសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មាននានា ទាំងនៅប្រទេសអេស្ប៉ាញ និងបារាំង កាលពីថ្ងៃអង្គារ។
ពាក់ព័ន្ធនឹងដំណឹងនេះ មិនមានការអធិប្បាយភ្លាមៗពីក្លិបណាមួយនោះឡើយ។ កាសែត L”Equipe នៅបារាំងបានចុះផ្សាយថា ជំហររបស់ក្រុម PSG នៅតែមិនព្រមផ្លាស់ប្ដូរដដែល ដោយក្លិបប្រចាំក្របខ័ណ្ឌ Ligue 1 មួយនេះ ប្ដេជ្ញារក្សាទុកកីឡាករ Mbappe យ៉ាងហោចណាស់រហូតដល់អស់កុងត្រា ក្នុងខែមិថុនា ឆ្នាំក្រោយដែរ ទោះបីជាក្លិបមិនទទួលបានសូម្បី ១ សេន ពីការចាកចេញរបស់កីឡាកររូបនេះយ៉ាងណាក៏ដោយ។
កាសែត Marca នៅប្រទេសអេស្ប៉ាញ បានចុះផ្សាយថា ការដេញថ្លៃនោះ គឺជាជំហានដំបូងរបស់ក្រុម Real ដែលតាមមើលឥតប៉ប្រិចភ្នែកជាយូរមកហើយចំពោះកីឡាករជយលាភី World Cup វ័យ ២២ ឆ្នាំ ដែលស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ ពីការប្រកួតនៅគ្រប់កម្មវិធីទាំងអស់ឱ្យក្រុម PSG កាលពីរដូវកាលមុន និងដែលត្រូវបានរាយការណ៍ថា រូបគេចង់ផ្លាស់ទៅកាន់ក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។
វេបសាយ As.com បានស្រង់យកប្រភពរបស់ក្រុម Real ដែលនិយាយថា យ៉ាងណា ប្រាក់មិនមែនជាបញ្ហាសម្រាប់ម្ចាស់ក្លិប PSG ដែលសម្បូរទ្រព្យនោះឡើយ ដូច្នេះ នោះហើយ ដែលជាឧបសគ្គរបស់ក្រុមអធិរាជស។
ការលក់កីឡាករ Mbappe នឹងជួយឱ្យក្រុម PSG ស្រង់បានខ្លះនូវការចំណាយប្រាក់ខែឱ្យកីឡាករ Lionel Messi ក្រោយពួកគេបានចុះហត្ថលេខាយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន និងម្ចាស់ជយលាភីពាន Ballon d”Or ៦ សម័យ ពីក្រុមអ្នកមានបុណ្យ Barcelona កាលពីដើមខែនេះ ដោយមិនមានតម្លៃខ្លួន។
កីឡាករ Mbappe បានធ្វើដំណើរចាកចេញពីក្រុម AS Monaco ដើម្បីមកចូលរួមជាមួយក្រុម PSG កាលពីឆ្នាំ ២០១៧ ដោយជាដំបូង ក្នុងលក្ខខណ្ឌខ្ចីជើង ហើយ ១ ឆ្នាំបន្ទាប់មក ក៏ត្រូវបានទិញផ្ដាច់តែម្ដង ជាមួយនឹងតម្លៃខ្លួនដ៏មហាសាល ១៨០ លានអឺរ៉ូ ($២១១ លាន)៕ VN


