ឧត្តរមានជ័យៈ ជនសង្ស័យ ៤ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មដែលបានប្រព្រឹត្តទៅលើបុរសម្នាក់ អាយុ ៤៦ឆ្នាំ ជាកម្មករសំណង់ ស្ថិតក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីសប្តាហ៍មុន។
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលបានបង្ហោះក្នុងហ្វេសប៊ុក នាថ្ងៃទី៣១ ខែធ្នូ បញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែធ្នូ ករណីឃាតកម្មនេះបានកើតឡើងនៅចំណុចតាមផ្លូវរទេះគោ ស្ថិតក្នុងភូមិក្តុល និងបានបណ្តាលឱ្យជនរងគ្រោះជាបុរសម្នាក់ អាយុ ៤៦ឆ្នាំនេះ រស់នៅក្នុងភូមិនេះបានស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៤ ខែធ្នូ លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះដឹកនាំកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចុះស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួន។
របាយការណ៍បន្តថា៖ «ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៤ នាក់»។
បើតាមរបាយការណ៍ ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យទាំង ៤នាក់ បានសារភាពថា ពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះ។
ប្រភពដដែលបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


