លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឱ្យបានគ្រប់គ្រាន់ ក្នុងកាលៈទេសៈដែលជំងឺនេះទាំងក្នុងតំបន់ និងនៅក្រៅប្រទេសកំពុងតែចាប់ផ្តើមងើបឡើងវិញ ខណៈលោកថាកម្ពុជានៅមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ក្នុងសារជាសំឡេងមានរយៈពេលជា ៧នាទី ដែលត្រូវផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៩ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុងពេលវេលានេះ ជំងឺកូវីដនៅក្នុងតំបន់និងនៅទីកន្លែងមួយចំនួនកំពុងតែចាប់ងើបឡើងវិញ ប្រសិនបើយើងមិនមានវិធានការជាក់លាក់ដើម្បីគ្រប់គ្រងទៅលើការចាក់វ៉ាក់សាំងនេះទេអាចមានការគិតខុស ហើយអាចនឹងឈានទៅដល់គ្រោះថ្នាក់ដែលអាចកើតឡើង សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជា។ លោកបញ្ជាក់ថា វ៉ាក់សាំងគឺជាជម្រើសតែមួយគត់ ដែលនឹងជួយយើងកាត់បន្ថយការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់ភាពធ្ងន់ធ្ងរ។
នៅក្នុងស្មារតីនេះលោក ហ៊ុន សែន បានសម្រេចដាក់ចេញវិធានការមួយចំនួន ទី១ គឺការចាក់ដូសទី៤ ដល់កុមារចាប់ពីអាយុ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ នេះ ដើម្បីការពារពួកគេព្រោះមកដល់ពេលនេះគឺកម្ពុជាមិនទាន់មានកំណត់សម្រាប់ការចាក់ឱ្យកុមារដូសទី៤ ដែលមានអាយុពី៣ឆ្នាំដល់៥ឆ្នាំនោះទេ។ ទី២ ការចាក់វ៉ាក់សាំងដូសទី៥ ដល់កុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំ និងទី៣ ការចាក់វ៉ាក់សាំងដូសទី៦ ជូនដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរនិងប្រជាជនទូទៅ។
លោកថ្លែងថា៖«នេះជាការរៀបចំ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំ ក៏ឯកភាពជាមួយនឹងគោលការណ៍ ការស្នើឡើងអំពីរបៀបបន្តសម្រាប់ដំណើរការចាក់វ៉ាក់សាំង គឺត្រូវធ្វើរយៈពេល៦ខែម្ដង បន្ទាប់ពីដូសចុងក្រោយដែលត្រូវបានទទួល។ ធ្វើយ៉ាងដូច្នេះទើបយើងធានាបានថាប្រជាជនរបស់យើងមានភាពស៊ាំសហគមន៍រឹងមាំ បើមិនដូច្នោះទេ បន្ទាប់ពីរយៈពេលនោះវ៉ាក់សាំងចុះខ្សោយងាយស្រួលនឹងទទួលភាពស៊ាំក្នុងខ្លួនរបស់បុគ្គលម្នាក់ៗចុះខ្សោយងាយស្រួលដល់ការវ៉ៃលុកដោយជំងឺជាពិសេសកូវីដ១៩ ដែលកំពុងនៅមានវត្តមាននៅទូទាំងពិភពលោករាប់ទាំងនៅកម្ពុជាយើងផងដែរ»។
ជាមួយគ្នានេះ លោកបានណែនាំដល់គណៈកម្មការជាតិចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសត្រូវរៀបចំផែនការនេះជាមួយនឹងគ្រប់ទីកន្លែងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ប្រជាជន។ លោកថា៖«ធ្វើយ៉ាងដូច្នេះ ជាការត្រៀមទុកដើម្បីការពារទុកជាមុនសម្រាប់ហានិភ័យដែលបាននិងកំពុងកើតឡើងនៅក្រៅប្រទេស និងប្រទេសនៅក្នុងតំបន់របស់យើងផងដែរ»។
លោកបញ្ជាក់ថា កង្វល់ធំរបស់យើង មិនមែនបញ្ហាខ្វះវ៉ាក់សាំងនោះទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាប្រជាពលរដ្ឋមួយចំនួនគឺមិនមកទទួលវ៉ាក់សាំង ខណៈលោកនៅតែជឿជាក់ថាសម្រាប់កុមារនឹងមកទទួលនិងអ្នកដែលគិតគូរអំពីសុខភាពរបស់ខ្លួននឹងមកទទួល។លោកថា៖« ព្រោះកូវីដ១៩ អាចប្រែធាតុ ប្រែរូប ទៅជារោគកាចសាហាវជាងនេះក៏យើងអាចទប់ទល់បានដោយសារយើងមានវ៉ាក់សាំងនៅក្នុងខ្លួនដែលជាផ្នែកមួយនៃការការពារសុខភាពរបស់ប្រជាពលរដ្ឋសម្រាប់ផ្ទាល់ខ្លួនម្នាក់ៗ»។
ជាថ្មីម្ដងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទទួលយកវ៉ាក់សាំង ដែលមកដល់ពេលនេះកម្ពុជានៅមានវ៉ាក់សាំងច្រើនលានដូសនៅក្នុងឃ្លាំងប្រមាណជាង ៧ លានដូស ជាមួយនឹងវ៉ាក់សាំងដែលនៅមិនទាន់ដឹកចូលមកក្នុងប្រទេស២០លានដូសថែមទៀត។ លោកថា៖ «ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីប្រើប្រាស់ហើយយើងនឹងមានប្រាក់កាក់គ្រប់គ្រាន់ដើម្បីនឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង»៕


