ក្រុមមន្ត្រីមូលដ្ឋានភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានប្រជុំសម្ងាត់កាលពីថ្ងៃទី ១ ខែធ្នូ កន្លងទៅ ដើម្បីតាក់តែងពីផែនការក្នុងការឈ្លានពានដែនដីនៃរដ្ឋសាបា (Sabah) ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានSouth China Morning Post ដោយផ្អែកលើប្រភពមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ ១ រូប។
កិច្ចប្រជុំនោះមានការចូលរួមដោយចៅហ្វាយស្រុកចំនួន ១៩ នៅប្រជុំកោះស៊ូលូ (Sulu) ប្រទេសហ្វីលីពីន ដោយមានផែនការបង្ក «កងទ័ពភូមិន្ទស៊ូលូ» ដើម្បីដណ្ដើមយកដែនដីដែលបាត់បង់នៅរដ្ឋសាបា ប្រទេសម៉ាឡេស៊ី។
ប្រភពខាងលើបានឱ្យដឹងថា កងទ័ពភូមិន្ទនេះនឹងប្រមែប្រមូលកង កម្លាំងច្រើនជាង ៦០០ នាក់ ពីចៅហ្វាយស្រុកចំនួន ១៩ នេះ។ ការឈ្លានពាននឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ ២០២២ ហើយពឹងផ្អែកលើ «ការគាំទ្រផ្នែកនយោបាយនិងការរៃអង្គាសពីសំណាក់ភាគីពាក់ព័ន្ធនានា»។
យ៉ាងណាមិញ ក្រោយពីផែនការត្រូវបានបែកធ្លាយសន្តិសុខនៅរដ្ឋសាបាចាប់ផ្ដើមពង្រឹង។
តាមពិតទៅនៅភាគខាងត្បូងប្រទេសហ្វីលីពីន ធ្លាប់មានរាជាណាចក្រស៊ុលតង់ស៊ូលូដែលដឹកនាំដោយស្ដេចស៊ុលតង់កាន់សាសនាអ៊ិស្លាម ១ រូប។ រាជាណាចក្រនេះ លេចចេញជារូបរាងរាប់រយឆ្នាំមកហើយដោយមានដែនដីលាតសន្ធឹងពីប្រជុំកោះស៊ូលូនៃភាគខាងត្បូងហ្វីលីពីនរហូតដល់កោះប័រណេអូ (Borneo) ភាគខាងជើងដែលមានជាប់រដ្ឋសាបានៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន។
យ៉ាងណាមិញ ក្រោយពីអង់គ្លេសដាក់អាណានិគមនៅតំបន់ប័រណេអូខាងជើងហើយអេស្ប៉ាញចូលកាន់កាប់ហ្វីលីពីនទាំង ស្រុងមហាអំណាចអាណានិគមទាំង ២ បានព្រមព្រៀងក្នុងការកាត់ទឹកដីប័រណេអូខាងជើងចេញពីរាជាណាចក្រស៊ូលូទៅកាន់អង់គ្លេសកាលពីចុងសតវត្សរ៍ទី១៩។
លុះនៅឆ្នាំ ១៩៦២ ស្ដេចស៊ុលតង់ស៊ូលូបានផ្ទេរអធិបតេយ្យរបស់ខ្លួនទៅកាន់រដ្ឋាភិបាលហ្វីលីពីនហើយបានប្រាប់រដ្ឋាភិបាលហ្វីលីពីនឱ្យជួយទាមទារទឹកដីសាបាមកដាក់ក្រោមការគ្រប់គ្រងក្នុងតំបន់ស្វយ័តរបស់ខ្លួន។
ករណីនេះស្រដៀងនឹងឥណ្ឌូនេស៊ីដែរដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីប្រគល់ទីក្រុងយ៉ូកយ៉ាកាតា (Yogyakarta) ឱ្យស្ដេចស៊ុលតង់១អង្គគ្រងរាជ្យតជំនាន់ក្រោយនាមជាដែនដីស្វយ័តក្រោមអធិបតេយ្យភាពឥណ្ឌូនេស៊ី។
ចំពោះករណីហ្វីលីពីនវិញរជ្ជកាលរបស់ស៊ុលតង់ស៊ូលូ បានបញ្ចប់ជាផ្លូវការក្រោយពេលដែលលោក ហ្វើរ ឌីណង់ម៉ាកូស ធ្លាក់ចេញពីតំណែងក្រោយបដិវត្តន៍អំណាចប្រជាជនកាលពីទសវត្សរ៍ឆ្នាំ ១៩៨០។
យ៉ាងណាមិញ បងប្អូនគ្រួសារស៊ុលតង់នេះនៅតែប្រកាន់ខ្លួនថា ជាស៊ុលតង់នៃប្រជុំកោះនេះដដែល។
មិនត្រឹមតែប្រកាសខ្លួនថាជាស្ដេចនៅប្រជុំកោះភាគខាងត្បូងហ្វីលីពីន ស៊ុលតង់ទាំងនេះថែមទាំងមានមហិច្ឆតាក្នុងការទាមទារយកដែនដីសាបាពីម៉ាឡេស៊ីទៀតផង។ តាមរយៈមហិច្ឆតានេះដែរ ក្រោយពេលដែលស្ដេចស៊ុលតង់ប្រគល់អធិបតេយ្យទៅឱ្យរដ្ឋាភិបាលហ្វីលីពីនរដ្ឋហ្វីលីពីនទាំងមូលក៏ប្រកាសទាមទារដែនដីសាបាពីម៉ាឡេស៊ីផងដែរ។ ការទាមទារនេះមានភាពចម្រូងចម្រាសអស់រយៈពេលជាង៦០ឆ្នាំមកហើយ ដោយសំអាងថា ខាងស៊ូលូផ្ដល់ដីសាបានោះក្រោមលក្ខខណ្ឌនៃការជួលប៉ុណ្ណោះ។
មានរឿងជាច្រើន បានកើតឡើងក្នុងអំឡុងពេល៦០ឆ្នាំនេះ ដោយរដ្ឋាភិបាលហ្វីលីពីន បានប្រកាសទាមទារតាមរយៈក្បាលមេក្រូវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិហើយថែមទាំងបបួលម៉ាឡេស៊ីឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ តែខាងម៉ាឡេស៊ីមិនព្រមដែលបណ្ដាលឱ្យនីតិវិធីរឿងក្ដីមិនអាចដំណើរការបាន។
ក្រៅពីតវ៉ាគ្នាតាមរយៈពាក្យសម្ដីនិងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលខាងក្រុមសកម្មប្រយុទ្ធស៊ូលូ ក៏ធ្លាប់លើកទ័ពទៅវាយម៉ាឡេស៊ីកាលពីឆ្នាំ ២០១៣ ទៀតផង។ នៅពេលនោះកងទ័ពស៊ូលូមានគ្នាប្រមាណ ២៣៥ នាក់ ប៉ុន្តែក្រោយមកម៉ាឡេស៊ីចាត់វិធានការទៅវិញដែលបង្កឱ្យទ័ព ៦៨ នាក់ ខាងស៊ូលូបានស្លាប់ ចំណែកឯខាងម៉ាឡេស៊ីវិញកងសន្តិសុខស្លាប់ ៩ នាក់ឯជនស៊ីវិលស្លាប់ ៦ នាក់។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលហ្វីលីពីននៅតែបន្តរក្សាជំហរក្នុងការទាមទារយកដែនដីនេះដដែល ក្រោយពីមានសង្គ្រាមមួយនេះ។
ពាក់ព័ន្ធនឹងរឿងនេះដែរលោក Zachary Abuza សាស្ត្រាចារ្យផ្នែកសិក្សាអាស៊ីអាគ្នេយ៍នៃមហាវិទ្យាល័យសង្គ្រាមជាតិអាមេរិកយល់ឃើញថា គ្មានអ្នកនយោបាយហ្វីលីពីនណាមួយហ៊ានបោះបង់ចោលការទាមទារនេះទេ ដោយការបោះបង់នេះធ្វើឱ្យបាត់បង់ប្រជាប្រិយភាព។ នេះបើតាមការលើកឡើងរបស់លោកប្រាប់ទៅកាន់សារព័ត៌មាន South China Morning Post៕
ហ៊ីម រដ្ឋា


