អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដែនដីប៉ាឡេស្ទីន លោក Francesca Albanez និយាយថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប «មិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងគ្មានភាពទទួលខុសត្រូវទៀតផង» ដោយអំពាវនាវឱ្យមានដំណោះស្រាយការទូត ចំពោះជម្លោះចុងក្រោយនេះ។
លោក Albanez ប្រាប់បណ្ដាញព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា៖ «ស្ថានភាពនៅហ្គាហ្សាជិតដល់វិបត្តិមនុស្សធម៌។ មធ្យោបាយតែ ១ គត់ ដើម្បីធានាសុខុមាលភាពរបស់ប៉ាឡេស្ទីន នៅគ្រប់ទីកន្លែង គឺត្រូវបំបាត់ការឡោមព័ទ្ធ (របស់អ៊ីស្រាអែល) និងអនុញ្ញាតឱ្យជំនួយហូរចូល»។
អ៊ីស្រាអែល បានចាប់ផ្ដើមការវាយប្រហារតាមអាកាស និងបំផ្ទុះលំនៅឋានរបស់ខ្លួន កាលពីសប្ដាហ៍មុន ដោយនិយាយថា វាជាសកម្មភាពការពារស្វ័យការពារ «ទុកជាមុន» ប្រឆាំងនឹងក្រុមជីហាដអ៊ិស្លាមប៉ាឡេស្ទីន។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គាំទ្រអ្វីដែលខ្លួនហៅថា ជាសកម្មភាពការពារខ្លួន សម្រាប់អ៊ីស្រាអែល។ ប៉ុន្តែលោក Albanez រិះគន់នូវជំហរបែបនេះ ដោយនិយាយថា៖ «អ៊ីស្រាអែលមិនអាចអះអាងថា ខ្លួនកំពុងការពារខ្លួន នៅក្នុងជម្លោះនេះទេ»។
៣ ថ្ងៃនៃជម្លោះ ដែលចាប់តាំងពីថ្ងៃសុក្រ មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ រួមទាំងក្មេងៗ ១៥ នាក់ និងសមាជិកជាន់ខ្ពស់នៃក្រុមជីហាដអ៊ិស្លាម ២ នាក់ ត្រូវបានសម្លាប់ ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល ខណៈជាង ៣៥០ នាក់ផ្សេងទៀត រងរបួស។
ចំណែកឯខាងអ៊ីស្រាអែល ដែលមានប្រព័ន្ធការពារអាកាសស្ទាក់ចាប់គ្រាប់រុក្គ៉ែត និងគ្រាប់ប្លោងបាញ់ពីហ្គាហ្សាជាង ៩០០ គ្រាប់ ចាប់តាំងពីថ្ងៃសុក្រមកនោះ និយាយថា មនុស្ស ៣ នាក់ រងរបួសដោយគ្រាប់ផ្លោង ខណៈ ៣១ នាក់ផ្សេងទៀត របួសស្រាល។
លោក Albanez និយាយថា៖ «ការការពារគឺជាអ្វីដែលខ្ញុំទាមទារ នៅប៉ាឡេស្ទីន ហើយនោះមិនមែនជាខ្ញុំតែម្នាក់ឯងទេ។ វាចាំបាច់ ដើម្បីការពារជីវិតជនស៊ីវិល»។
យ៉ាងណាមិញ ភាគីទាំង ២ នៃជម្លោះ បានឈានដល់កិច្ចព្រមព្រៀងនៃបទឈប់បាញ់ កាលពីយប់ថ្ងៃអាទិត្យ តាមរយៈការសម្របសម្រួលរបស់អេហ្ស៊ីប។ ប៉ុន្តែទាំងខាងអ៊ីស្រាអែល និងក្រុមជីហាដ សុទ្ធតែអះអាងរៀងៗខ្លួនថា នឹងបន្តប្រតិបត្តិការវាយប្រហាររបស់ខ្លួន ប្រសិនបើក្រុមណាមួយរំលោភលើកិច្ចព្រមព្រៀង៕
ហួន ឌីណា


