ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារពិសេសមួយផ្សាយតាមផេកផ្លូវការរបស់លោក ដោយអបអរកុមារា ហ៊ី ទៀតគឹមហុង ដែលបានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស C។
លោក ហ៊ុន សែន បានសរសេររៀបរាប់ប្រវត្តិរបស់គឹមហុង យ៉ាងលម្អិតតាំងពីសាវតារកំណើតកើតជា និងប្រវត្តិសិក្សាផង។ លោកហ៊ុន សែន លើកឡើងថា ៖«តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ»។
លោកហ៊ុន សែន ក៏បានប្រដូចកុមារាគឹមហុងទៅនឹងមនុស្សទេព (មនុស្សពូកែក្នុងរឿងកុន)ដូច្នេះដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យូទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក»។
បើតាមការគណនារបស់លោកហ៊ុន សែនពីអាយុកុមារាគឹមហុង មានអាយុជាង ១៣ ឆ្នាំដោយប្រឡងជាប់សញ្ញាប័ត្របាក់ឌុប។ ដូច្នេះគីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើសមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុតិចជាង ២៣ ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធានាថា លោកនឹងចេញប្រាក់ចំណាយរៀនសូត្រទាំងអស់ជូនគឹម ហុង។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ដូចតាបានបញ្ជាក់កាលពីឆ្នាំ ២០១៧ គឺតាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ គីម ហុង ហើយតាក៏សូមជូនពរចៅទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត»។
គីម ហុង កើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ ឆ្នាំ ឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ ឆ្នាំ មុខរបរជាបុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ ៥៤ ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។ គឹម ហុងត្រូវបានជំនួយការរបស់លោកហ៊ុន សែន នាំទៅជួបលោកនាយករដ្ឋមន្ត្រីដើម្បីបង្ហាញសមត្ថភាពពិសេសកាលពីឆ្នាំ ២០១៧ នៅពេលដែលកុមារារូបនេះទើបតែមានអាយុ ៧ ឆ្នាំ។បន្ទាប់ពីល្បងសមត្ថភាពរួចលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចឱ្យគឹម ហុងផ្លោះថ្នាក់ និងឧបត្ថមគាំទ្រថវិកាជាមួយ ផ្ទះសម្បែងនៅភ្នំពេញនឹងផ្ដល់ការគាំទ្រមួយចំនួន៕


