ប្រទេសចិន ចាក់សង់ដីលើតំបន់ ដែលមិនមានការកាន់កាប់ជាច្រើនកន្លែង ក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ដើម្បីពង្រឹងការទាមទារទឹកដី នៅតំបន់ជម្លោះ និងពង្រឹងវត្តមានយោធារបស់ខ្លួន ក្នុងតំបន់ដែលមានសារៈសំខាន់ ចំពោះពាណិជ្ជកម្មពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន Bloomberg ដែលចេញផ្សាយការចោទប្រកាន់របស់មន្ត្រីពីបស្ចិមប្រទេស។
ចិនកន្លងមកបានសង់ថ្មប៉ប្រះទឹក កោះ និងទីទួលចាក់ដីផ្សេងៗទៀត ដែលចិនគ្រប់គ្រង ក៏ដូចជាធ្វើយោធូបនីយកម្ម ដោយដាក់កំពង់ផែ ផ្លូវយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម ហើយបច្ចុប្បន្ននេះ ចិនកំពុងតែទន្ទ្រានធ្វើសកម្មភាពដូចគ្នានេះលើតំបន់ថ្មី ដែលគ្មានការកាន់កាប់។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រី ជាប្រភព ដែលនិយាយជាអនាមិក តាមរយៈរូបភាពផ្កាយរណប ដោយព្រមានថា សកម្មភាពសាងសង់ចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំង បង្ហាញពីការប៉ុនប៉ង ដើម្បីជំរុញឱ្យមានស្ថានភាពថ្មី។
ខណៈ Bloomberg មិនបានបញ្ជាក់ថា មន្ត្រីទាំងនោះមកពីប្រទេសបស្ចិមលោកមួយណានោះ ពួកគេបានលើកឡើងថា កងនាវានេសាទ ដែលធ្វើប្រតិបត្តិការជាកងជីវពលដែនសមុទ្រពិតប្រាកដ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ក្នុងទីក្រុងប៉េកាំង បានធ្វើសកម្មភាពសាងសង់ទីតាំងពិសេសចំនួន ៤ នៅក្នុងប្រជុំកោះស្ព្រាតលី (Spratly) រយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។ ប្រភពបន្តថា របារខ្សាច់មួយចំនួន ក៏ដូចជាទីទួលក្នុងទម្រង់ផ្សេងទៀត ក្នុងតំបន់ធំជាងមុន ១០ ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រូបថតបានបង្ហាញពីអ្វី ដែលមន្ត្រីប្រភពដដែលអះអាងថា ជានាវាសមុទ្រចិន ដែលផ្ទុកឧបករណ៍អេស្កាវ៉ាទ័រធារាសាស្ត្រ សម្រាប់ប្រើក្នុងគម្រោងចាក់ដីសង់ នៅតំបន់ថ្មប៉ប្រះទឹក Eldad នាភាគខាងជើងនៃប្រជុំកោះស្ព្រាតលី ក្នុងឆ្នាំ ២០១៤ ហើយដីទួលថ្មី បានលេចចេញជារូបរាងលើផ្ទៃទឹក កាលពីឆ្នាំមុន។ ប្រភពបន្តថា សកម្មភាពដូចគ្នានេះ ក៏មានលើតំបន់ផ្សេងៗទៀតនៃប្រជុំកោះស្ព្រាតលីផងដែរ។
ក្រសួងការបរទេសចិន នៅទីក្រុងប៉េកាំង បានច្រានចោល ការចោទប្រកាន់នេះ ដោយលើកឡើងថា របាយការណ៍ដែលពាក់ព័ន្ធត្រូវបានបង្កើតឡើងភ្លាមៗ ដោយគ្មានរឿងអ្វីសោះ។ គួររំឭកថា ចិនទាមទារកម្មសិទ្ធិលើផ្ទៃទឹកជាង ៨០% នៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើផែនទីឆ្នាំ ១៩៤៧។ ភាពតានតឹង រវាងចិន និងអ្នកទាមទារផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ដូចជាប្រទេសហ្វីលីពីន តៃវ៉ាន់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេ កើនឡើងច្រើនឆ្នាំហើយ៕
វីដេអូ៖


