កំពង់ធំៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានចុះទៅពិនិត្យលទ្ធផលដំណាំស្រូវជប៉ុននីកា និងសាកសួរព័ត៌មានពីតម្រូវការ របស់កសិករ ព្រមទាំងកិច្ចដំណើរការគ្រប់គ្រងសហគមន៍ប្រើប្រាស់ទឹកស្ទឹងជីនិតដើម្បីគាំទ្រឱ្យមានបណ្តាញផលិត និងផ្គត់ផ្គង់ពូជស្រូវសុទ្ធល្អ សំដៅលើកកម្ពស់វិស័យកសិកម្មឱ្យមាននិរន្តរភាព។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម។
លោកយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹង នាថ្ងៃទី ២២ ធ្នូ ថា បេសកកម្មចុះទៅ ខេត្តកំពង់ធំនៅថ្ងៃទី ២១ ខែធ្នូ រូបលោក ជាមួយរដ្ឋមន្ត្រីកសិកម្ម និងអភិបាលខេត្តកំពង់ធំបានជួបជាមួយក្រុមការងារ ដែល មានកសិករអ្នកផលិត អ្នកប្រមូលទិញ អ្នកកែច្នៃ និងទីផ្សារស្រូវពូជជប៉ុនគ្រាប់ខ្លី Japonica នៅតំបន់ស្រោចស្រពស្ទឹងជីនិត ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបន្តថា ការចុះទៅនេះ គោលដៅសំខាន់ គឺពិនិត្យមើលលទ្ធភាពក្នុងការសហការ និងគាំទ្រឱ្យមានបណ្តាញផលិត និងផ្គត់ផ្គង់ពូជសុទ្ធល្អ ជូនដល់កសិករ ដើម្បីឱ្យកសិករផលិតបានពូជស្រូវល្អ ផ្គត់ផ្គង់រោងម៉ាស៊ីន ហើយរោងម៉ាស៊ីន ក៏បានអង្ករល្អ ងាយស្រួលក្នុងការពង្រីកទីផ្សារ។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានទៅសិក្សាវាយតម្លៃ និងជួយគាំទ្របន្ថែមដល់សហគមន៍ដែលផលិតស្រូវជប៉ុនគ្រាប់ខ្លី Japonica សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។
លោកថ្លែងថា៖ «ជារួម យើងពង្រឹងបេសកកម្មទៅច្រើនខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យតួអង្គពាក់ព័ន្ធយល់ដឹងឱ្យកាន់តែច្បាស់ថែមទៀត និងចូលរួមអនុវត្តនូវគម្រោងស្រូវអង្ករ គឺតួអង្គទាំងអស់ធ្វើការ ជាមួយគ្នា សហការគ្នា ដែលមានកសិករ រោងម៉ាស៊ីន និងមានអ្នកផ្គត់ផ្គង់ពូជ អ្នកផ្តល់សេវាគ្រឿងចក្រ ធាតុចូលកសិកម្ម ជីថ្នាំ រួមទាំងធនាគារធ្វើការជាមួយគ្នា ដើម្បីលើកស្ទួយវិស័យស្រូវអង្ករ»។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែធ្នូថា រដ្ឋមន្ត្រីកសិកម្ម បានចុះទៅកាន់គោលដៅសំខាន់ ២ ក្នុងខេត្តកំពង់ធំ។ ទី១ ពិនិត្យ ទីតាំងដាំស្រូវក្នុងសហគមន៍ កសិករប្រើប្រាស់ទឹកស្ទឹងជីនិត ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការចុះទៅទីនេះ ដើម្បីស្វែងយល់អំពីចង្វាក់ផលិតកម្ម និង ការជួយជ្រោមជ្រែងគ្នារវាងដៃគូឯកជន ជាមួយនីតិវិធីបច្ចេកទេសកសិកម្មទំនើប។
លោកថ្លែងថា៖ «គាត់ទៅស្វែងយល់ថា តើមានចំណុចអីដែលខ្វះខាតត្រូវក្រសួងជួយ។ អ៊ីចឹងជារួមយើងឃើញសំណូមពររបស់រាស្ត្រ គឺទាក់ទងនឹងការពង្រាបដី ធម្មតាយើងធ្វើឱ្យបានទិន្នផលខ្ពស់ត្រូវតែធ្វើដីឱ្យស្មើ។ អ៊ីចឹងលោកផ្តល់អនុសាសន៍ឱ្យមន្ទីរកសិកម្ម ជួយកៀរដីជូនសហគមន៍ដើម្បីសហគមន៍ពង្រីកផ្ទៃដីបានច្រើន»។
លោកបន្តថា មួយទៀត លោករដ្ឋមន្ត្រី ឌិត ទីណា បានទៅពិនិត្យរោងម៉ាស៊ីនកិនស្រូវ BRM ស្ថិតក្នុងភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅទីនេះ លោករដ្ឋមន្ត្រីមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងដៃគូឯកជន ក្នុងការពង្រីកពូជស្រូវកម្ពុជា ហើយក្រុមការងារក្រសួងអាចនឹងសិក្សាពីលទ្ធភាពរបស់ក្រុមហ៊ុន និងបញ្ហាប្រឈមផងដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធ ឱ្យដឹងថា ការដាំដំណាំស្រូវជប៉ុននីកា សហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងជីនិតនេះជាការសាកល្បងថ្មីមួយ និងទើបប្រមូលផលបាន ១ រដូវ ដែលក្នុង ១ ហិកតា ទិន្នផលទទួលបាន គឺក្នុងចន្លោះ ៣ តោននៅឡើយទេ។ ប៉ុន្តែបើតាមការអះអាងរបស់សហគមន៍ ការធ្វើលើកទី ២ អាចនឹងបានផលខ្ពស់ជាងនេះ។
លោកសុខ សុជាតិ អគ្គលេខាធិការរបស់សមាគមបណ្តាញកសិករ និងទឹក ឱ្យដឹងនាថ្ងៃទី ២២ ខែធ្នូថា ក្នុង ១ ឆ្នាំ សហគមន៍ប្រើប្រាស់ទឹកស្ទឹងជីនិតអាចធ្វើស្រែ បានពី ៣-៤ ដង។ បច្ចុប្បន្ន សហគមន៍នេះ កំពុងធ្វើស្រែពិសោធន៍មួយ គឺដាំស្រូវជប៉ុននីកា ដែលនាំពូជមកពីជប៉ុនសុទ្ធ និងមាន តំណាងក្រុមហ៊ុនក្នុងស្រុកចាំទិញយកផលិតផលទៅលក់នៅប្រទេសជប៉ុនវិញ។ ការធ្វើស្រែពិសោធន៍នេះ សហគមន៍ប្រើប្រាស់ទឹកស្ទឹងជីនិតដាំសាកល្បងដំបូងលើផ្ទៃដី ១០ ហិកតា ទទួលបានលទ្ធផលល្អដូចការរំពឹងទុក។ ឯគុណភាពក៏បានល្អ ទៅតាមលក្ខណៈបច្ចេកទេសផងដែរ។ ទិន្នផលដែលកើតចេញពីការធ្វើពិសោធន៍ ដំបូងនេះ គឺចន្លោះពី ៣ តោន ទៅ ៣ តោនកន្លះ ក្នុង១ហិកតា។
លោកថ្លែងថា៖ «គោលបំណងដែលគាត់ [លោកឌិត ទីណា] ទៅហ្នឹង គឺចង់ទៅជួបក្រុមកសិករ ឬហៅថា ក្រុមអ្នកផលិតស្រូវជប៉ុននីកាហ្នឹង ហើយព្យាករស្ថានភាព នៃការដាំដុះ តើទិន្នផលកម្រិតណា ហើយ គាត់ក៏បានសួរពាក់ព័ន្ធតម្រូវការចាំបាច់ណាមួយដែលកសិករចង់បាន»។
បើតាមលោកសុជាតិ សមាគមបណ្តាញកសិករនិងទឹក កំពុងសម្របសម្រួល និង គាំទ្រឱ្យសហគមន៍ប្រើទឹកស្ទឹងជីនិត និងធ្វើការដាំដុះបន្ថែមនូវពូជស្រូវជប៉ុននីកា លើផ្ទៃដីចំនួន ១០០ ហិកតាថែមទៀត នៅឆ្នាំ ២០២៣។ ទិន្នផលស្រូវជប៉ុននីកានេះ មានក្រុមហ៊ុនឈរជើងចាំទិញយកក្នុងតម្លៃ ១ ២០០ រៀលស្រូវសើម ក្នុង ១ គីឡូក្រាម។ ចំណែកពូជស្រូវនេះ សមាគម គ្រោងចែកចាយក្នុងស្រុកផងដែរដែលក្នុង ១ គីឡូក្រាមតម្លៃ ៤ ដុល្លារអាមេរិក៕
វីដេអូ៖


