ភ្នំពេញៈ យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ១ ៧៣៩ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងឆ្នាំ ២០២២ គឺមានការកើនឡើងជាង ២០ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២១។ នេះបើយោងតាមតារាងទិន្នន័យស្ដីពីសភាពការណ៍គ្រោះថ្នាក់សង្គមប្រចាំឆ្នាំ ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ទិន្នន័យនោះបានបង្ហាញថា៖ «ក្នុងឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២ ៩៩៤ លើកនៅទូទាំងប្រទេស ដោយបានបណ្ដាលឱ្យមានជនរងគ្រោះ ១ ៧៣៩ នាក់ស្លាប់ និង ៤ ០៤៥ នាក់ទៀតបានរងរបួសធ្ងន់និងស្រាល។ តួលេខនេះ មានការកើនឡើងចំនួន ៣២៤ ករណី និងមានអ្នកស្លាប់កើនឡើងចំនួន ២៤២នាក់ និងអ្នករងរបួសកើនឡើងចំនួន ៤៣០ នាក់បើធៀបទៅនឹងឆ្នាំ ២០២១»។
តាមរយៈទិន្នន័យដដែលនោះ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេបំផុត គឺមានចំនួន ៨៩៩ លើកបណ្ដាលឱ្យស្លាប់មនុស្ស ២៦៧ នាក់និង ១ ២២៨ នាក់បានរងរបួស។ បន្ទាប់មកគឺខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២០៦ ករណី បណ្ដាលឱ្យមានជនរងគ្រោះស្លាប់ចំនួន ១៥៧ នាក់ និងរងរបួសចំនួន ២៥៧ នាក់ ខណៈខេត្តព្រះសីហនុ ជាប់ក្នុងលំដាប់ថ្នាក់លេខ ៣ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៩៦ លើក បណ្ដាលឱ្យមានជនរងគ្រោះស្លាប់ ១២២ នាក់ និងរងរបួស ២១៦ នាក់។ ចំណែកខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងតិចជាងគេបំផុតនោះ គឺខេត្តប៉ៃលិនមានចំនួន ១២ លើក បណ្ដាលឱ្យមានជនរងគ្រោះស្លាប់ ៦ នាក់ និងរបួស ១៩ នាក់។
យោងតាមរបាយការណ៍អង្កេតរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ៧៩ ភាគរយនៃជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងឆ្នាំ ២០២២ នេះ គឺជាអ្នកជិះនិងបើកបរម៉ូតូ ដែលក្នុងនោះមាន ៧៤ ភាគរយ គឺមិនបានពាក់មួកសុវត្ថិភាព ។
ក្នុងរបាយការណ៍អង្កេតនោះ ក្រុមមន្ត្រីជំនាញបានរកឃើញថា មានកត្តាសំខាន់ ៣ យ៉ាងដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលក្នុងនោះរួមមាន កត្តាមនុស្ស យានយន្ត និងកត្តាផ្លូវ។ ទន្ទឹមនឹងនេះរបាយការណ៍បានរំលេចឱ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងពីកត្តាមនុស្ស ដូចជាបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ មិនគោរពភ្លើងនិងស្លាកសញ្ញាចរាចរណ៍ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀន។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា៖ «គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់ គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយ ក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ ពីសំណាក់ អ្នកប្រើប្រាស់ផ្លូវ ដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែសមិនគោរពស្រឡាញ់ ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព»។
ជុំវិញការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ បង្កើនវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពសំដៅកាត់បន្ថយ នូវចំនួនហេតុការណ៍គ្រោះថ្នាក់ ជនរងគ្រោះ និងបទល្មើសចរាចរណ៍ឱ្យបានជាអតិបរមា។
ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព ឱ្យបានទូលំទូលាយដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋានប្រជាពលរដ្ឋ។
ជាពិសេស ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីសម្រេចភារកិច្ចប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានសីលធម៌ វិន័យ ស័ក្តិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិការវិជ្ជាជីវៈ៕


