ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ លោក នី ចន្ទី បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលពិនិត្យ និងព្យាបាលជំងឺជូនសមាជិក ប.ស.ស. សរុបប្រមាណជាង ១៧០០០ នាក់ដែលក្នុងនោះផ្នែកថែទាំសុខភាពមានចំនួនជាង ១១០០០នាក់ ។
លោកបានឱ្យដឹងទៀតថា អ្នកជំងឺជាសមាជិក ប.ស.ស. ដែលមកទទួលសេវានៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ក៏ដូចជានៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផ្សេងទៀត គឺពិតមានសំណាងខ្លាំងណាស់ ព្រោះរាល់ការចំណាយលើថ្លៃព្យាបាល គឺ ប.ស.ស. ជាអ្នកបង់ថ្លៃឱ្យទាំងស្រុង បើទោះបីជាជំងឺនោះត្រូវចំណាយថ្លៃព្យាបាលថ្លៃយ៉ាងណាក៏ដោយ។
លោកបានបញ្ជាក់ទៀតថា៖ «មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ មិនមានការរើសអើង ឬក៏បែងចែកអ្នកជំងឺនោះទេ មានន័យថាគ្រប់អ្នកជំងឺទាំងអស់ ទាំងអ្នកជំងឺបង់ថ្លៃសេវាព្យាបាល ក៏ដូចជា អ្នកជំងឺជាសមាជិក ប.ស.ស. គឺមន្ទីរពេទ្យបានផ្តល់សេវាព្យាបាលដូចៗគ្នា»។
ជាមួយគ្នានេះដែរ អ្នកជំងឺដែលមានបណ្ណ ប.ស.ស. បានបង្ហាញនូវការពេញចិត្ត និងសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជា ក្រុមគ្រូពេទ្យ ពិសេស គឺការដឹងគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ពិសេសបានបង្កើតស្ថាប័ន ប.ស.ស. ដ៏ល្អមួយនេះឡើង។
លោក សេ ប៉ាក់ ដែលជាសមាជិក ប.ស.ស. បានថ្លែងថា៖ «បើគ្មានបណ្ណសមាជិក ប.ស.ស. ទេនោះ ប្រហែលជាពួកគាត់មិនមានលទ្ធភាពបង់ថ្លៃព្យាបាលសម្រាប់ជំងឺរបស់គាត់នោះឡើយ»។
យោងតាមរបាយការណ៍របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួនជាង ២,៥ លាននាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈមានចំនួនជាង ៤៣ ម៉ឺននាក់ ដែលកំពុងទទួលបានសិទ្ធិប្រើប្រាស់សេវា ក៏ដូចជា ការទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស.៕


