កំពតៈ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតច្រើនជាងគេលើសលប់ក្នុងការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត កាលពីម្សិលមិញ។ នេះបើតាមការប្រកាសលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។
គ.ជ.ប. ឱ្យដឹងថា ព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ជាលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជាទទួលបាន ១៧ សំឡេងលើ ១៧ សំឡេង ខណៈគណបក្សចំនួន ៣ ទៀត រួមមាន គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលចូលរួមការបោះឆ្នោតពុំទទួលបានសំឡេងគាំទ្រឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ចុះថ្ងៃទី ២៥ កក្កដា ឱ្យដឹងថា ការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកដំណើរការបោះឆ្នោតនៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។ គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅម៉ោង ៧:៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ១៧ រូបដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូចបានចូលទៅបោះឆ្នោតរួច។
គ.ជ.ប. បន្តថា ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្តនីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោតបានបញ្ចប់នៅវេលាម៉ោង ៨:០៨ នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។
គ.ជ.ប. ថា៖ «នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះមានសន្លឹកឆ្នោតបានការសរុបចំនួន ១៧ ។ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ»។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើសិនជាមិនមានការប្តឹងជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតនេះទេ គ.ជ.ប. នឹងប្រកាសលទ្ធផលជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
លោកថ្លែងថា លទ្ធផលបឋមស្មើនឹងលទ្ធផលបោះឆ្នោត គណៈកម្មការបោះឆ្នោតខេត្តកំពតនឹងយកលទ្ធផលធ្វើការបូកសរុបលទ្ធផលបណ្តោះអាសន្ន។ អ៊ីចឹងនៅពេលប្រកាសលទ្ធផលបោះឆ្នោត គណបក្សនយោបាយដែលបានចូលប្រកួតប្រជែងការបោះឆ្នោតនេះមានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ទៅនឹងលទ្ធផល។
លោកថ្លែងថា៖ «មកដល់ពេលនេះមិនទាន់មានគណបក្សនយោបាយណាប្តឹងទៅនឹងលទ្ធផលនៃការបោះឆ្នោតនៅឡើយទេ។ បើនៅតែអត់មានពាក្យបណ្តឹងហើយផុតអាជ្ញាយុកាលនៃការដាក់ពាក្យបណ្តឹង គឺ គ.ជ.ប. នឹងប្រកាសលទ្ធផលជាផ្លូវការ»។ បើតាមលោក សោម សូរីដា ការបោះឆ្នោតអសកលនេះដែរ គឺដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពតចំនួន ១៣ រូប។
ប្រធានគណបក្សសញ្ជាតិកម្ពុជាលោក សេង សុខខេង ថ្លែងថា គណបក្សលោកពុំមានគម្រោងប្តឹងជំទាស់ទៅនឹងលទ្ធបោះឆ្នោតនេះទេ ដោយលោកសង្កេតឃើញថា ការបោះឆ្នោតរៀបចំដោយត្រឹមត្រូវតាមច្បាប់។
លោកថា៖ «សម្រាប់ការបោះឆ្នោតនេះ គណបក្សខ្ញុំបានចូលរួមឃោសនា ឃ្លាំមើល។ យើងឃើញថា ការរៀបចំប្រព្រឹត្តទៅដោយត្រឹមត្រូវ ពុំមានបញ្ហាអីទេ។ ធម្មតាការចូលរួមប្រកួតមានឈ្នះ- ចាញ់ ជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ហើយខ្ញុំអត់មានគម្រោងប្តឹងតវ៉ាអីទេ»។
ទន្ទឹមនឹងនេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ ថ្លែងថា៖ «អត់ចម្លែកទេនៅពេលដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ១៧ សំឡេងគាំទ្រ ដោយសារតែអង្គបោះឆ្នោតនោះស្ថិតនៅក្នុងកូតាគណបក្សប្រជាជនស្រាប់ទៅហើយ។ អ៊ីចឹងបើគាត់នៅក្នុងគណបក្សប្រជាជន ហើយបោះឱ្យគណបក្សផ្សេងបានជារឿងចម្លែក»។
លោកបន្តថា៖ «ព្រោះគេយកអង្គបោះឆ្នោត គឺមិនមែនយកប្រជាពលរដ្ឋទូទៅបោះឆ្នោតទេ ហើយគណបក្សយុវជនកម្ពុជាអត់មានអង្គបោះឆ្នោតនៅទីនោះ។ អ៊ីចឹងអង្គបោះឆ្នោតកើតចេញពីគណបក្សនយោបាយមានន័យថា ក្រុមប្រឹក្សាឃុំសង្កាត់ចេញពីកូតាគណបក្សនយោបាយ។ អ៊ីចឹងកាលណា គាត់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងគាត់មិនអាចបោះឆ្នោតឱ្យគណបក្សដទៃទេ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត (Comfrel) ថ្លែងថា ទោះបីជាមានគណបក្សផ្សេងចូលរួមប្រកួតប្រជែងក៏ដោយ ក៏បក្សប្រជាជនកម្ពុជានៅតែទទួលបានសំឡេងឆ្នោតលើសលប់ដោយស្វ័យប្រវត្តិ ដោយសារអង្គបោះឆ្នោតជ្រើសរើសចេញពីបក្សនយោបាយកំពុងកាន់អំណាច។
លោកថ្លែងថា៖ «ការបោះឆ្នោតអសកលនេះគេយកសំឡេងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតសម្រាប់បោះឆ្នោតបន្ត»។
លោកថា៖ «សម្រាប់ខ្ញុំនេះជាប្រព័ន្ធបោះឆ្នោតអសកលមានតែអ៊ីចឹង។ បើចង់ឱ្យការបោះឆ្នោតមាន ភាពត្រឹមត្រូវទាល់តែជំរុញឱ្យការបោះឆ្នោត ដូចការបោះឆ្នោតឃុំ សង្កាត់ ឬដូចថ្នាក់ជាតិ»៕


