ទីក្រុងសៀងហៃៈ ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃអាទិត្យឱ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើងខ្ពស់ជាងអ្វីដែលបានរំពឹងទុកក្នុងខែតុលា ជាមួយតម្រូវការរឹងមាំក្នុងទីផ្សារសំខាន់ៗខ្លះ ដូចជា សហរដ្ឋអាមេរិក និងភាពធូរស្រាលចំនួនកូវីដនៅក្រៅប្រទេស។
ទិន្នន័យពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកក៏បានបង្ហាញថា រោងចក្រចិនបានបន្តលំហូរទំនិញចេញទៅទីផ្សារខាងក្រៅ ទោះបីជាការដាច់ថាមពលក្នុងខែថ្មីៗនេះ បណ្តាលមកពីទិសដៅកាត់បន្ថយការបំភាយ ដែលធ្វើឱ្យថ្លៃនៃថាមពលធ្យូងថ្មកើនខ្ពស់ និងខ្វះខាតការផ្គត់ផ្គង់។
រដ្ឋាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា វិបត្តិថាមពលកំពុងទាញទៅរកការបង្កើនផលិតកម្មធ្យូងថ្មនៅក្នុងស្រុក។
ការនាំចេញបានកើនឡើងខ្ពស់ជាងការរំពឹងទុកដល់ចំនួន ២៧,១ ភាគរយមានតម្លៃដល់ ៣០០,២ ពាន់លានដុល្លារក្នុងខែតុលា ធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរគយ។
ការនាំចូលមានចំនួនទាបជាងបន្តិចធៀបការព្យាកររបស់អ្នកវិភាគ ដែលកើនឡើងត្រឹម ២០,៦ ភាគរយក្នុងខែតុលា។
ក្នុងប៉ុន្មានខែចុងក្រោយនេះ រោងចក្រជាច្រើននៅប្រទេសចិនត្រូវបានបង្ខំបញ្ឈប់ប្រតិបត្តិការដោយសារការខ្វះខាតថាមពល ដែលបង្កើនក្តីបារម្ភអំពីចង្វាក់ផ្គត់ផ្គង់ក្នុងសកលលោក។
ស្ថានភាពផ្សេងទៀតកាន់តែអាក្រក់ នៅពេលដែលការរឹតបន្តឹងតាមព្រំដែនដោយសារបញ្ហាកូវីដ ១៩ របស់ប្រទេសចិនបានរារាំងការដឹកជញ្ជូនវត្ថុធាតុដើមពីក្រៅប្រទេស ខណៈដែលភាពតានតឹងពាណិជ្ជកម្មជាមួយអូស្ត្រាលីបានធ្វើឱ្យការធ្លាក់ចុះនៃការនាំចូលធ្យូងថ្មកាន់តែធ្ងន់ធ្ងរ៕ RR


