ភ្នំពេញៈ និស្សិតពេទ្យ ៥០ នាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានសរសេរសារមួយនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យលោកអនុញ្ញាតពួកគេជាប់ការប្រឡង បើទោះបីជាពួកគេប្រឡងធ្លាក់យ៉ាងណាក្តី។
និស្សិតមួយចំនួនបានប្រឡងធ្លាក់មុខវិជ្ជាគ្លីនិក ដែលពួកគេត្រូវតែប្រឡងជាប់ ដើម្បីទទួលបានបរិញ្ញាបត្រ រហូតដល់ទៅ ២ ឬ ៣ ដង តែពួកគេចង់ឲ្យលោកនាយករដ្ឋមន្រ្តីច្រានចោលលទ្ធផលនេះ។ នេះបើយោងសារ Comment កាលពីថ្ងៃច័ន្ទ។
និស្សិតម្នាក់ឈ្មោះ ប៊ុន សម្បត្តិ បានសរសេរថា៖ «យើងខ្ញុំតែងតែគាំទ្រការដឹកនាំដ៏ឆ្លាតវៀងវៃ និងល្អប្រសើររបស់សម្តេចដែលបាននាំការអភិវឌ្ឍមកកម្ពុជា។ យើងសង្ឃឹមយ៉ាងមុតមាំថា សម្តេចនឹងធ្វើអន្តរាគមន៍លើលទ្ធផលប្រឡងនេះ។ យើងសូមជូនពរទៅដល់សម្តេច និងគ្រួសារសម្តេច»។
សំណើរនេះត្រូវបានបង្ហោះឡើងមួយថ្ងៃក្រោយពីលោកវេជ្ជបណ្ឌិត Beat Eichner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដោយបានអះអាងថា វេជ្ជបណ្ឌិតនៅតាមគ្លីនិកឯកជនខ្វះសមត្ថភាពក្នុងការថែទាំជម្ងឺ បន្ទាប់មានការមិនពេញចិត្តនៅពេលដែលកុមារជាច្រើនដែលមានជម្ងឺធ្ងន់ធ្ងរ និងបានទទួលការថែទាំមិនត្រឹមត្រូវពីគ្លីនិកឯកជនត្រូវបានបញ្ជូនមកមន្ទីរពេទ្យរបស់លោក និងបានអំពាវនាវឲ្យក្រសួងសុខាភិបាលត្រួតពិនិត្យគ្លីនិកទាំងនោះ។
កាលពីខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យសិស្សចំនួន ៩៩ នាក់ដែលបានប្រឡងជាប់វិញ្ញាសារសរសេរ តែធ្លាក់វិញ្ញាសារសួរផ្ទាល់មាត់ ចូលសិក្សានៅសាកលវិទ្យាល័យសុខាភិបាល។ កាលពីខែមករា លោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមបញ្ចុះថ្លៃនៃការប្រឡងបញ្ចប់ផងដែរ បន្ទាប់ពីមាននិស្សិតដាក់ញត្តិតាម Facebook របស់លោក។
ក្រុមអ្នកជំនាញបានអះអាងថា ការលើកលែងបែបនេះកំពុងតែធ្វើឲ្យកាន់តែទន់ខ្សោយទៅលើគុណភាពរបស់សាកលវិទ្យាល័យ និងវេជ្ជបណ្ឌិតដែលបញ្ចប់ការសិក្សា ដែលទន់ខ្សោយរួចមកហើយ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី វេជ្ជបណ្ឌិតសញ្ញាតិខ្មែរ-អាមេរិកមួយរូប បាននិយាយថា៖ «មានអ្នកជម្ងឺជាច្រើនត្រូវបានគេវិភាគជម្ងឺខុសជារៀងរាល់ [ថ្ងៃនៅប្រទេសកម្ពុជា] ក៏ព្រោះតែគុណភាពមិនល្អរបស់មហាវិទ្យាល័យសុខាភិបាល។ ការប្រឡងជាប់ ឬ ធ្លាក់ លែងជារឿងសំខាន់ហើយ ដោយសារតែកង្វះតម្លាភាព ហើយនិស្សិតភាគច្រើនត្រូវស្វែងរកគ្លីនិក ឬ មន្ទីរពេទ្យដើម្បីចុះហ្វឹកហាត់ការដោយខ្លួនឯង»។
អ្នកជំនាញសុខាភិបាលជាច្រើនទៀត បានបង្ហាញការយល់ស្របថា និស្សិតពេទ្យកម្ពុជាជាច្រើនអាចទទួលបានផលប្រយោជន៍តាមរយៈការទទួលបានជំនាញបន្ថែម ក្រោយពីបញ្ចប់ការសិក្សា។
លោក Jean Claude Garen វេជ្ជបណ្ឌិតមួយរូបនៃគ្លីនិក ណាហ្គា នៅរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំយល់ថា វេជ្ជបណ្ឌិតដែលបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាគួរតែចំណាយពេល ១ ឆ្នាំ ឬ ២ ឆ្នាំ ដើម្បីហ្វឹកហាត់ការនៅតាមមន្ទីរពេទ្យអន្តរជាតិសិន។
មិនអាចទាក់ទងតំណាងសាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាលដើម្បីសុំការអត្ថាធិប្បាយបាននោះទេ កាលពីម្សិលមិញ។ លោកនាយករដ្ឋមន្រ្តីក៏ពុំទាន់បានធ្វើការឆ្លើយតបចំពោះសាររបស់និស្សិតទាំងនោះផងដែរ៕ Cristina Maza/TN


