ក្រុងតូក្យូៈ សេចក្តីរាយការណ៍កាលពីថ្ងៃពុធបានឲ្យដឹងថារោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Nissan បានក្លែងបន្លំឯកសារត្រួតពិនិត្យជាប្រចាំសម្រាប់រថយន្តថ្មី ខណៈរឿងអាស្រូវមួយបានកើតឡើងចំពោះក្រុមហ៊ុនមួយនេះ។
កាលពីថ្ងៃចន្ទក្រុមហ៊ុន Nissan បានឲ្យដឹងថាខ្លួននឹងប្រមូលរថយន្តចំនួន ១,២១ លានគ្រឿងមកវិញនៅទីផ្សារប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនបានប្រកាសថាបុគ្គលិកដែលគ្មានគុណសម្បត្តិគ្រប់គ្រាន់បានធ្វើអធិការកិច្ចលើកចុងក្រោយលើរថយន្តទាំងនេះមុនរថយន្តទាំងនោះត្រូវបានបញ្ជូនទៅឲ្យក្រុមហ៊ុនលក់រថយន្ត និងអតិថិជន។
ប៉ុន្តែសារព័ត៌មាន Asahi Shimbun បានរាយការណ៍កាលពីថ្ងៃពុធថារោងចក្រផលិតរថយន្តបានចេញឯកសារដោយមានឈ្មោះ និងត្រារបស់ក្រុមអធិការកិច្ចដែលមានការទទួលស្គាល់ដែល «ធ្វើឲ្យការធ្វើអធិការកិច្ចលើរថយន្តទាំងនោះហាក់ដូចជាថាបុគ្គលិកដែលមានការទទួលស្គាល់បានអនុវត្តការងារទាំងនោះ»។
សារព័ត៌មាន Asahi បានដកស្រង់សម្តីរបស់មន្ត្រីក្រសួងគមនាគមន៍ដែលសុំមិនបង្ហាញអត្តសញ្ញាណថា៖ «វាគឺជាបញ្ហាដ៏ធំ បើឯកសារទាំងនេះត្រូវបានបន្លំដើម្បីលាក់បាំងអំពើខុសឆ្គងនោះ»។
សារព័ត៌មាន Kyodo បានឲ្យដឹងថាការស៊ើបអង្កេតរបស់រដ្ឋាភិបាលបានបង្ហាញថាក្រុមហ៊ុនផលិតរថយន្តមួយនេះបានប្រើប្រាស់បុគ្គលិកដែលគ្មានការទទួលស្គាល់ឲ្យធ្វើអធិការកិច្ចលើរថយន្តនៅតាមរោងចក្រផលិតរថយន្តក្នុងស្រុកទាំង ៦ កន្លែងរបស់ខ្លួន។
សារព័ត៌មាន Kyodo បានបន្តថា៖ «បើការបន្លំឯកសារពិតជាកើតមានមែននោះ វាមានន័យថាបុគ្គលិកនៅរោងចក្រផលិតរថយន្តទាំងនោះព្យាយាមលាក់បាំងការពិតដោយចេតនា»៕ BP


