កំពត៖ ថ្លែងក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រផលិត ស៊ីម៉ង់ត៍ដ៏ ជីពម៉ុង អ៉ិនស៊ី ស៊ីមេន (CMIC)ក្នុងខេត្តកំពតកាលព្រឹកមិញ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមិនបញ្វេញឈ្មោះតែសំដៅដល់អតីតមេបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ថាគ្មានលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍នៅកម្ពុជាឡើយ ហើយបានចំអកឲ្យលោក សម រង្ស៊ី ថាគ្មានលទ្ធភាព សូម្បីតែគ្រប់គ្រងកូនបក្ស។
លោកមានប្រសាសន៍ថា៖«សូមអ្នកដ៏ទៃដែលចង់ជំនួស ហ៊ុន សែន កុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ អ្នកគ្រាន់តែចេះបញ្ឆេះនូវសង្គ្រាម អ្នកគ្រាន់តែចេះជេរ ចេះបញ្ចោរប៉ុណ្ណោះ ប៉ុន្តែអ្នកមិនទាន់ចេះគ្រប់គ្រងសូម្បីតែកូនបក្សមួយ ឬសមាគមមួយនោះទេ»។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ដ្រី ហាក់មានមោទនភាពចំពោះការដឹកនាំរយៈពេល៣៣ឆ្នាំក្នុងភាពជានាយករដ្ឋមន្ត្រី និងអះអាងថា លោកអាចដឹកនាំរយៈពេល១០ឆ្នាំទៀតក៏មិនទាន់ចាស់ជ្រុលដែរ។
លោកបញ្ជាក់ថា៖«ហ៊ុន សែន យ៉ាងហោចណាស់មានបទពិសោធន៍៣៩ ឆ្នាំកន្លងផុតទៅហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេល ៣៣ ឆ្នាំ ធ្វើ១០ឆ្នាំទៀតវាឡើង ៤៣ ឆ្នាំ វាក៏មិនទាន់យឺតពេលដែរ ហើយក៏មិនទាន់ចាស់ជ្រុល។ សង្ឈឹមថាប្រជាពលរដ្ឋនៅក្នុងខេត្តកំពតនឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីខ្ញុំមានលទ្ធភាពបន្តដើម្បីដឹកនាំ…»។
ជារឿយៗ អតីតមេបក្សប្រឆាំងលោកសម រង្ស៊ី កំពុងនិរទេសខ្លួនដោយខ្លួនឯងទៅក្រៅប្រទេស ហើយក៍ជាគូប្រជែងនយោបាយដ៏យូអង្វែងជាមួយ និង លោក ហ៊ុន សែន ហើយតែងរិះគន់នូវការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ថាប្រកបដោយអំពើផ្ដាច់ការ និងតែងតែទាមទារឲ្យចុះចេញពីតំណែងជាដើម៕


