ក្រុងបាងកកៈ ក្រុមហ៊ុន Airports of Thailand Plc (AoT) បានប៉ាន់ប្រមាណថា អ្នកធ្វើដំណើរចំនួន ៣,១ លាននាក់ នឹងប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិទាំង ៦ របស់ខ្លួនក្នុងអំឡុងបុណ្យសម្រាកកាយចុងឆ្នាំនេះ ដោយក្រុមហ៊ុនអាកាសចរណ៍នានាគ្រោងនឹងប្រតិបត្តិការសរុបចំនួន ១៨ ៣០០ ជើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Nitinai Sirismatthakarn ប្រធានក្រុមហ៊ុន AoT បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ចាប់ពីថ្ងៃទី ២៧ ខែធ្នូ ដល់ថ្ងៃទី ២ ខែមករា អ្នកធ្វើដំណើរតាមផ្លូវអាកាសសរុបនៅព្រលានយន្តហោះទាំង ៦ រួមមាន ព្រលានសុវណ្ណភូមិ ដនមឿង ភូកេត ឈៀងរ៉ៃ ហាតយ៉ៃ និងឈៀងម៉ៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន AoT ត្រូវបានរំពឹងថានឹងកើនឡើង ១១,៨ ភាគរយ។ ចំនួនជើងហោះហើរត្រូវបានព្យាករថា កើនឡើង ១២,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមធ្យមអ្នកដំណើរ ៤៥៣ ៦០០ នាក់នឹងធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងអំឡុងពេលបុណ្យសម្រាកកាយនេះ ដោយមានជើងហោះហើរជាមធ្យម ២ ៦១០ ជើងក្នុង ១ ថ្ងៃ។
ប្រតិបត្តិករព្រលានយន្តហោះមួយនេះក៏បានព្យាករផងដែរថា ព្រលានសុវណ្ណភូមិ នឹងទទួលបានអ្នកធ្វើដំណើរច្រើនបំផុតដែលមានចំនួន ១,៥២ លាននាក់ ឬ ២១៧ ០០០ នាក់ក្នុង ១ ថ្ងៃ ដែលតំណាងឲ្យកំណើន ១៥,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនឹងមានជើងហោះហើរ ៨ ០០០ ជើង ឬ ១ ១៤០ ជើងក្នុង ១ ថ្ងៃ កើនឡើង ១៥ ភាគរយ។
ក្នុងអំឡុងពេលនេះដែរ ទិន្នន័យដែលអង្កេតដោយក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បង្ហាញថា ពលរដ្ឋថៃនឹងចាប់ផ្តើមធ្វើដំណើរក្នុងប្រទេសនៅថ្ងៃទី ២៧ ខែធ្នូ ហើយវិលមកវិញនៅថ្ងៃទី ២ ខែមករា។ ក្នុងចំណោមអ្នកដែលបានឆ្លើយតបនឹងសំណួរអង្កេតនេះ ៣៦ ភាគរយនឹងសម្រាកលំហែកាយ ហើយ ៣៣ ភាគរយនឹងវិលទៅស្រុកកំណើតវិញ។
ប្រហែល ៤៣ ភាគរយនៃអ្នកទាំងនោះ នឹងធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ខណៈដែល ៣១ ភាគរយនឹងប្រើប្រាស់មធ្យោបាយសាធារណៈ។ ទន្ទឹមនឹងនេះដែរ ៤២ ភាគរយនឹងចំណាយប្រាក់សម្រាប់ការទិញទំនិញ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) ខណៈលោកថ្លែងថា ប្រជាជនក្នុងស្រុកនឹងធ្វើដំណើរ ២,៧ លានដង កើនឡើង ៣ ភាគរយធៀបនឹងឆ្នាំមុន។ លោកថ្លែងបន្តថា ពលរដ្ឋក្នុងស្រុករំពឹងថានឹងបង្កើនប្រាក់ចំណូលវិស័យទេសចរណ៍ប្រហែល ២៩២ លានដុល្លារ៕ KC


