ហ្វាំងឡង់ៈ Nokia ជាក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសហ្វាំងឡង់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានកាត់បន្ថយការខាតបង់បន្ទាប់ពីការទិញភាគហ៊ុនក្រុមហ៊ុនអតីតដៃគូប្រកួតប្រជែងរបស់ខ្លួន Alcatel-Lucent ។
អតីតក្រុមហ៊ុនផលិតទូរស័ព្ទលេខមួយរបស់ពិភពលោកដែលបានប្រែក្លាយជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍បានរាយការណ៍ការខាតបង់សុទ្ធចំនួន ១២៥ លានអឺរ៉ូ ( ១៣៥ លានដុល្លារ) នៅត្រីមាសទី ៣ បន្ទាប់ពីការខាតបង់ ៦៦៥ លានអឺរ៉ូកាលពីត្រីមាសមុន (៧២៥ លានដុល្លារ)។
ដោយសារការទិញភាគហ៊ុនក្រុមហ៊ុន Alcatel-Lucent ការលក់សុទ្ធរបស់ក្រុមហ៊ុននេះបានកើនឡើង ៩៤ ភាគរយពី ៣,០៤ ពាន់លានដល់ ៥,៨៩ ពាន់លានអឺរ៉ូសម្រាប់ក្រុមហ៊ុន Nokia កាលពីឆ្នាំមុន។
លោក Rajeev Suri ប្រធានប្រតិបត្តិការក្រុមហ៊ុន Nokia បានពណ៌នាលទ្ធផលនេះថារឹងមាំ «ទោះបីជាលក្ខខណ្ឌទីផ្សារនោះខ្សោយជាងការរំពឹងទុកក៏ដោយ»។
ខណៈការធ្លាក់ចុះពិភពលោកនៅក្នុងការសាងសង់បណ្ដាញការងារទូរគមនាគមន៍ថ្មីបន្តដាក់សម្ពាធលើក្រុមហ៊ុននេះលោក Suri បញ្ជាក់ភាពពេញចិត្តជាមួយ «ត្រីមាសដ៏ល្អ» ពីអាជីវកម្មផ្នែក Fixed Networks និងពីអាជីវកម្មផ្នែក Nokia Technologies ដែលបានទទួលអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណថ្មីជាមួយក្រុមហ៊ុនសាំស៊ុងរបស់ប្រទេសកូរ៉េខាងត្បូង។
លោក Suri បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «លទ្ធផលឆ្លុះបញ្ចាំងពីត្រីមាសដ៏ល្អផ្សេងទៀតពីអាជីវកម្មផ្នែក Fixed Networks ដែលបានបង្កើនទាំងការលក់សុទ្ធ និងប្រាក់ចំណេញធៀបនឹងរយៈពេលមួយឆ្នាំកន្លងមក»។
ក្រុមហ៊ុនបានប្រកាសថាសមាជិកមួយក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលសំខាន់របស់ខ្លួនគឺលោក Timo Ihamuotila ប្រធានផ្នែកហិរញ្ញវត្ថុនឹងចាកចេញពីក្រុមហ៊ុននេះទៅទទួលមុខតំណែងស្រដៀងគ្នានៅក្នុង ABB ដែលជាក្រុមហ៊ុនវិស្វកម្មឈានមុខគេរបស់ស្វ៊ីស ស៊ុយអែត នៅប្រទេសស្វ៊ីស។
លោក Ihamuotila គឺជាជនជាតិហ្វាំងឡង់តែមួយគត់នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ហើយលោកនឹងត្រូវបន្តតំណែងដោយលោក Kristian Pullola ជាជនជាតិហ្វាំងឡង់ផ្សេងទៀតដែលរហូតមកដល់ពេលនេះបានបម្រើជាអ្នកត្រួតពិនិត្យអាជីវកម្មនៅក្រុមហ៊ុន Nokia ។
ក្រុមហ៊ុន Nokia បានឲ្យដឹងថាខ្លួននឹងត្រូវច្របាច់បញ្ចូលភាគទុនិកដែលនៅសល់ចុងក្រោយរបស់ក្រុមហ៊ុនដែលតំណាង ៤,៧ ភាគរយនៃភាគហ៊ុននេះនៅសប្ដាហ៍ក្រោយនៅថ្ងៃទី ២ ខែវិច្ឆិកាដើម្បីទទួលបានការគ្រប់គ្រងពេញលេញលើអតីតក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ខ្លួន។
Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តឈានមុខគេរបស់ពិភពលោកនៅចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១១ ប៉ុន្តែត្រូវបានវ៉ាដាច់ដោយសាំស៊ុងជាដៃគូប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីការបរាជ័យក្នុងការឆ្លើយតបនៃកំណើនយ៉ាងរហ័សរបស់ទូរស័ព្ទស្មាតហ្វូន៕ LA


