ភ្នំពេញៈ គំនរសំរាមស្ទឹងមានជ័យ ធ្លាប់ជានិមិត្តរូប មិនល្អ នៃភាពក្រីក្រក្នុងប្រទេសកម្ពុជា។ រូបភាពនៃគ្រួសារជាច្រើនកំពុងដេកក្រោមតង់នៅជុំវិញគំនរសំរាម ហើយពេលខ្លះនៅលើកំពូលគំនរសំរាមហើយត្រូវបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក និងឃើញក្មេងៗកំពុង រើសអេតចាយ នៅលើគំនរសំរាមទាំងនោះ ដែលនេះ ជាហេតុធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាលជាច្រើន ស្វែងរកមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋចំនួន១០០០ គ្រួសារ ដែលរស់នៅលើគំនរសំរាមនោះចេញពីពិភពដែលប្រកបដោយគ្រោះថ្នាក់នោះ។
សព្វថ្ងៃនេះ វាអស់រយៈពេលជិត ៦ ឆ្នាំហើយ បន្ទាប់ពីការបិទកន្លែងនោះ គំនរសំរាមគឺនៅតែមាននៅទីនោះ។ ប៉ុន្តែជាជាងការចុះកិច្ចសន្យា ឬបិទកន្លែងនេះជាផ្លូវការ ការងាររបស់អង្គការជំនួយនៅក្នុងវិស័យនេះ បាននឹងកំពុងពង្រីកចាប់តាំងពីពេលនោះមក។
អគារ រថយន្តក្រុង និងសម្លៀកបំពាក់ នៅតែមានឡូហ្គោរបស់ម្ចាស់ជំនួយជាច្រើន។ ចាប់តាំងពីឆ្នាំ ២០០៩ អ្នករើសសំរាមក្នុងរាជធានីភ្នំពេញបាននិងកំពុងធ្វើការនៅកន្លែងថ្មី។ ឥឡូវនេះពួកគេទៅធ្វើការនៅសង្កាត់ជើងឯក។ ប៉ុន្តែនៅស្ទឹងមានជ័យនៅតែបន្តមានសកម្មភាពរើសសំរាមដដែល។
លោក ពិន សារ៉ាពេជ្រ បានពន្យល់ថា៖ «រដ្ឋាភិបាលគ្រាន់តែបានបិទគំនរសំរាម ហើយមិនបានដោះស្រាយបញ្ហាភាពក្រីក្រទេ»។ ពិន សារ៉ាពេជ្រ គឺជានាយកអង្គការ Pour un Souire d”Enfant ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលនាំយកអាហារទៅឲ្យអ្នករើសសំរាមកាលឆ្នាំ ១៩៩៥ ហើយសព្វថ្ងៃនេះផ្តល់ជំនួយយកពួកគេទៅសាលារៀនកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាគាំពារសុខភាពទៅដល់ប្រជាពលរដ្ឋប្រមាណ ៣០០០ គ្រួសារនៅស្ទឹងមានជ័យ និងនៅកន្លែងផ្សេងទៀត។
លោកសារ៉ាពេជ្រ ថ្លែងថា នៅពេលដែលគំនរសំរាមនេះ ត្រូវបានយកចេញ អ្នករើសសំរាមជាច្រើនបានចាកចេញទៅតាមខេត្តនានាឬទៅធ្វើការនៅកន្លែងផ្សេងទៀតក្នុងទីក្រុងឬទៅតាមការសន្យានៃគម្រោងផ្តល់ការតាំងទីលំនៅថ្មីរបស់រដ្ឋាភិបាល។
ប៉ុន្តែបណ្តាញរបស់អង្គការមួយចំនួនបានទៅពង្រឹងប្រតិបត្តិការរបស់ខ្លួននៅជុំវិញស្ទឹងមានជ័យ ដើម្បីជួយគ្រួសារជាច្រើនដែលនៅតែទៅគំនរសំរាមស្ទឹងមានជ័យ។
លោក ឌិន ឆ អាយុ ៣៦ ឆ្នាំដែលកំពុងស្វែងរកការងារជាកម្មករសំណង់និងធ្វើការងារជាអ្នករត់ម៉ូតូឌុបអស់រយៈពេល ៦ ឆ្នាំមកហើយដែលកំពុងរស់នៅជិតគំនរសំរាមនេះដែរ គឺនៅក្នុងភូមិមួយ ដែលបច្ចុប្បន្ននេះផ្ទះចំនួនពាក់កណ្តាលក្នុងភូមិកំពុងលិចទឹកកខ្វក់បន្ទាប់ពីការចាក់ដីលុបបឹងមួយនៅជិតនោះ។
ប៉ុន្តែលោកបានទទូចថា តំបន់នេះមានភាពប្រសើរឡើងចាប់តាំងពីឈប់មានការយកសំរាមទៅចាក់ទៀត។ លោកបញ្ជាក់ថា៖ «នៅមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនបន្តជួយ»។ «វាប្រសើរជាងមុនយើងអាចយកកូនទៅរៀនបានទៀងទាត់»។
ជាមួយនឹងការផ្តល់បណ្តាញយកក្មេងៗទៅសាលារៀន អង្គការក្រៅរដ្ឋាភិបាលផ្តល់ការគាំទ្រដល់គ្រួសារជាច្រើនដែលបន្តឲ្យកូនទៅរៀន។ គ្រួសារលោកឆ បានទទួលប្រាក់ឧបត្ថម្ភថ្លៃអង្ករ ខណៈអង្គការផ្សេងទៀតផ្តល់ជំនួយជាប្រាក់។
លោកស្រី Muriel Stockheim ដែលគ្រប់គ្រងអង្គការអប់រំតូចមួយ ឈ្មោះ ANDC ដែលផ្តល់ការបណ្តុះបណ្តាលដល់សិស្សប្រហែល៨០នាក់ធ្លាប់ផ្តល់ប្រាក់ចំនួន ១០ ដុល្លារសម្រាប់ក្មេងម្នាក់ ប៉ុន្តែថ្មីៗនេះបានកាត់បន្ថយត្រឹម៨ដុល្លារ។
លោកស្រី Stockheim ដឹងអំពីការលំបាកដែលជំនួយអាចបង្កើតឡើង ប្រសិនបើខ្លួនផ្តល់ការលើកទឹកចិត្តដល់ពលរដ្ឋឲ្យរស់នៅក្នុងស្ថានភាពមិនអំណោយផល។ «ខ្ញុំគិតថា យើងមិនមែនជាផ្ទះទីបីរបស់សិស្ស ដែលមានអនាម័យឬសុវត្ថិភាពនោះទេ»។
លោកស្រីបន្ថែមថា បើទោះបីជាកុមារភាគច្រើនបំផុត នៅអង្គការ ANDC រស់នៅសាលាជាប្រចាំសប្តាហ៍ក្តីពេលខ្លះ ស្ថានភាពគ្រួសារ គឺត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរ។
«ក្មេងតូចៗនៅទីនេះ យើងមិនឲ្យពួកគេទៅផ្ទះហើយម្តាយពួកគេយល់ព្រម»។ ពេលខ្លះ វាជាបញ្ហាសង្គមដូចជាប្រវត្តិគ្រួសារ ដែលញៀនថ្នាំ ការញៀនគ្រឿងស្រវឹង ឬហិង្សាដែលកើតមានជាទូទៅ។
លោកស្រីបន្តថា៖«ប្រសិនបើក្មេងៗទាំងនោះមិននៅទីនេះ តើពួកគេនឹងធ្វើអ្វី? តើគ្រួសាររបស់ពួកគេនឹងធ្វើអ្វី? ខ្ញុំពិតជាគិតថា ពួកគេនឹងដេកនៅតាមផ្លូវ»។
អង្គការមួយក្នុងចំណោមអង្គការធំបំផុត ដែលប្រតិបត្តិការនៅក្នុងតំបន់ស្ទឹងមានជ័យគឺអង្គការមូលនិធិកុមារ កម្ពុជា(CCF)ដែលកាលពីដំបូងមានគោលដៅផ្តល់ការអប់រំដល់កុមារចំនួន ៨០ នាក់ដែលធ្វើការនៅលើគំនរសំរាម ប៉ុន្តែឥឡូវនេះពួកគេធ្វើការជាមួយកុមារ ១ ម៉ឺននាក់ និងបានពង្រីកទៅដល់តំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ។ នៅពេលរដ្ឋាភិបាលបរាជ័យ មិនបានដាក់អនុវត្តកម្មវិធីសង្គមរបស់ខ្លួនបន្ទាប់ពីការបិទគំនរសំរាម អង្គការ CCF បានពង្រីកធនធាន និងការបណ្តុះបណ្តាលទៅដល់មនុស្សពេញវ័យ។
ពីរឆ្នាំក្រោយមក ពួកគេបានចាប់ផ្តើមសាងសង់ផ្ទះ នៅតំបន់ជុំវិញគំនរសំរាមចាស់ ហើយផ្ទះជាង ២០០ ត្រូវបានកាន់កាប់រួចហើយ ដោយគ្រួសារដែលមានការជួយពីអង្គការ CCF ហើយនឹងអាចមានការសាងសង់បន្ថែមទៀត។ ភាពជោគជ័យនេះបានធ្វើឲ្យគ្រួសារក្រីក្រខ្លាំងមួយចំនួនបានរើទៅនៅស្ទឹងមានជ័យដើម្បីទទួលបានជំនួយដែរ។
លោក ចាន់នឿន ថ្លែងថា៖ «នៅអង្គការ CCF យើងធ្វើការងារបានយ៉ាងល្អ យើងមិនមែនគ្រាន់តែយកអ្នកដែលរើមកនៅបានពីរបីសប្តាហ៍នោះទេ»។
សាច់រឿងនៃអ្នករស់នៅលើគំនរសំរាមត្រូវបានសរសេរបង្ហាញនៅលើគេហទំព័ររបស់អង្គការទាំង ៣ ខាងលើ។ រូបភាពសំខាន់នៅលើគេហទំព័ររបស់អង្គការ PSE គឺនៅជារូបភាពធ្វើការងារលើគំនរសំរាម បើទោះបីជា សារ៉ាពេជ្រ ថ្លែងថា នឹងប្តូរវាសនាពេលខាងមុខឆាប់ៗនេះក្តី។
កាលពេលអង្គការចូលធ្វើការងាររបស់ខ្លួនក្នុងឆ្នាំ ២០០៩ តំបន់គំនរសំរាមជើងឯក ត្រូវបានអបអរដោយរដ្ឋាភិបាលថា ជាតំបន់គ្មានអ្នករើសសំរាម។ ប៉ុន្តែ ជើងឯកបានក្លាយជាភ្នំសំរាម ហើយអ្នករើសអេតចាយ បាននាំគ្នាទៅទីនោះ នៅពេលអ្នករើសអេតចាយមួយចំនួនអះអាងថារើសនៅទីនោះរកចំណូលបានច្រើនជាងកន្លែងចាស់។ បើទោះបីជាមានការបោះតង់អចិន្រៃ្តយ៍មួយចំនួននៅជុំវិញកន្លែងនោះក៏ដោយ ក៏វាមិនមានការរស់នៅច្រើនដែរ ភាគច្រើនបំផុតនៃពួកគេគឺជាអ្នកទៅធ្វើការរើសសំរាមនៅទីនោះ ហើយអ្នកខ្លះត្រឡប់ទៅផ្ទះចាស់របស់ពួកគេនៅស្ទឹងមានជ័យ។
អ្នកស្រី ឌឿន ស្រីឌុច អាយុ៣០ ឆ្នាំ ទៅកន្លែងគំនរសំរាមនោះជាមួយប្តីអ្នកស្រីប្រហែល៣ ថ្ងៃម្តង។
ពួកគេធ្វើការនៅពេលយប់និងដេកនៅខាងក្រៅនៅពេលថ្ងៃដោយរកបានប្រាក់ពី ២ ទៅ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ។ កូនរបស់ពួកគេទៅរៀនជាមួយអង្គការក្រៅរដ្ឋាភិបាល។
អ្នកនាងស្មាន មុកអាយុ២៧ ឆ្នាំ ថ្លែងថា៖ «មានអង្គការតែពីរបីប៉ុណ្ណោះដែលជួយយើងមិនដូចកន្លែងគំនរសំរាមចាស់ទេ»។ «យើងស្វែងរកអង្គការ CCF ជួយកូនរបស់យើងឲ្យទទួលបានការអប់រំ»។
លោក អៀ សុផល ដែលជាអ្នកនិពន្ធសៀវភៅដែលមានឈ្មោះថា ការពឹងផ្អែកជំនួយក្នុងប្រទេសកម្ពុជា គឺជាអ្នកសិក្សាមួយដែលសិក្សាអំពីផលវិបាកនៃវប្បធម៌អង្គការក្រៅរដ្ឋាភិបាល។
លោកថ្លែងថា៖ «អង្គការ CCF ជាគោលការណ៍និយាយថា ប្រជាជនដែលរស់នៅក្នុងគំនរសំរាមថ្មីមិនគួរទទួលបានសេវារបស់អង្គការ CCF ទេ ដោយសារពួកគេថា ពួកគេមិនចង់លើកទឹកចិត្តឲ្យមានការទៅរស់នៅទីនោះប៉ុន្តែហេតុអ្វីបានជា អង្គការ CCF នៅតែនៅស្ទឹងមានជ័យ?»។
ចាន់នឿន បានឆ្លើយតបវិញថា ពិតណាស់មិនមានការលើកចិត្តទេ។ គ្រួសារក្រីក្រនៅស្ទឹងមានជ័យ គឺមានជាច្រើនឆ្នាំមកហើយ។ គេសង្ឃឹមថា ការបញ្ចៀសមិនបង្កើតសហគមន៍ពឹងផ្អែកអង្គការក្រៅរដ្ឋាភិបាលនៅជើងឯក នឹងជួយកំណត់មិនឲ្យមានគំរូដូចនៅគំនរសំរាមស្ទឹងមានជ័យ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងថា រដ្ឋាភិបាលមិនមានគម្រោងផ្សេងៗគ្រោងបង្កើតសម្រាប់តំបន់នោះទេ។
បើទោះបីជាបណ្តាញអង្គការក្រៅរដ្ឋាភិបាលជុំវិញតំបន់ស្ទឹងមានជ័យ មើលទៅទំនងជាពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ទាំងគ្រួសារទាំងនោះនិងទាំងអង្គការបាននិយាយថា ពួកគេចង់បញ្ចប់ប្រព័ន្ធនៃការពឹងផ្អែកលើជំនួយនេះ។
ចាន់នឿនបានថ្លែងថា៖ «យើងមិនចង់ទុកនរណាម្នាក់នៅជាមួយយើងអស់មួយជីវិតដើម្បីឲ្យយើងមានការងារធ្វើរហូតនោះទេ»។
អ្នកស្រី ហុង សុខលី អាយុ៣៧ ឆ្នាំ ដែលជាអតីតអ្នករើសអេតចាយ បានគាំទ្រការថ្លែងនេះដែរ។ អ្នកនាងថា៖ «ខ្ញុំកើតនៅលើគំនរសំរាម ហើយមិនមានការអប់រំ»។
បើទោះបីជាអ្នកនាង រស់នៅមិនឆ្ងាយពីកន្លែងចាស់របស់អ្នកនាងបន្ទាប់ពីអ្នកនាងមានជីវិតថ្មី អ្នកនាងបានថ្លែងថា អ្នកនាងមានមោទនភាពដែលជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលមានផ្ទះថ្មីរបស់អង្គការ CCF ហើយកូនទាំង៦នាក់របស់អ្នកស្រីគឺបានទៅរៀនទាំងអស់។ «ខ្ញុំសង្ឃឹមថា កូនរបស់ខ្ញុំទាំងអស់នឹងមានអនាគតភ្លឺថ្លា ហើយគេចផុតចេញពីកន្លែងនេះ»៕ PS


