ក្រុងបាងកកៈ ក្រុមហ៊ុន LG Electronics (Thailand) ដែលជាក្រុមហ៊ុនចែកចាយផលិតផលអគ្គិសនី LG នៅប្រទេសថៃបានព្យាករថាការលក់ផលិតផលអេឡិចត្រូនិកនឹងរងផលប៉ះពាល់ខ្លាំងដោយសារការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេសថៃនៅឆ្នាំនេះ។
លោក Alongkorn Chujit នាយកគ្រប់គ្រងរងបានថ្លែងថាទីផ្សារផលិតផលអេឡិចត្រូនិកដែលមានតម្លៃ ៨០ ពាន់លានបាតរបស់ថៃដោយមិនរាប់បញ្ចូលទូរស័ព្ទចល័តត្រូវបានរំពឹងថានឹងធ្លាក់ចុះពី ៨ ទៅ ១០ ភាគរយនៅឆ្នាំនេះធៀបនឹងកំណើនថេរនៅឆ្នាំ ២០១៥។
ការធ្លាក់ចុះនេះកើតមានដោយសារការថយចុះផ្នែកលក់ទូរទស្សន៍។ តម្រូវការទូរទស្សន៍ជាពិសេសទូរទស្សន៍តម្លៃទាបដល់មធ្យមបានធ្លាក់ចុះដោយសារអំណាចទិញខ្សោយនៅក្នុងខេត្តមួយចំនួនខណៈតម្លៃដំណាំបានធ្លាក់ថ្លៃក្នុងពេលបំណុលគ្រួសារនៅតែមានកម្រិតខ្ពស់។
កំណើនលក់ទូរទស្សន៍មានអត្រាថេរនៅត្រីមាសទីមួយឆ្នាំនេះ និងបានធ្លាក់ចុះ ១០ ភាគរយនៅត្រីមាសទីពីរ និងត្រីមាសទីបី។
លោកថ្លែងថាទោះជាពលរដ្ឋថៃដែលមានប្រាក់ចំណូលខ្ពស់នៅតែមានអំណាចទិញខ្ពស់ និងត្រៀមខ្លួនចំណាយលើទូរទស្សន៍ម៉ូដែលថ្មី 4K TV ក៏ដោយ ក៏ការចំណាយនេះមិនអាចប៉ះប៉ូវដល់ការធ្លាក់ចុះការចំណាយរបស់ពលរដ្ឋដែលមានប្រាក់ចំណូលទាបដល់មធ្យមបានទេ។
ជាធម្មតាការលក់ទូរទស្សន៍មានចំណែកប្រហែល ៣០- ៣៥ ភាគរយនៃការលក់គ្រឿងអេឡិចត្រូនិកប្រើប្រាស់សរុប។
លោក Alongkorn បានថ្លែងថាអ្នកប្រើប្រាស់បានផ្លាស់ប្តូរឥរិយាបថមើលទូរទស្សន៍របស់ខ្លួនដោយបច្ចុប្បន្នពួកគេមើលទូរទស្សន៍តាមរយៈកុំព្យូទ័រ ទូរស័ព្ទចល័ត និងកុំព្យូទ័រថេប្ល៊ិត៕ KC

