ភ្នំពេញៈ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) នឹងបិទចោលស៊ីមកាតដែលមិនបានចុះបញ្ជីនៅខែក្រោយខណៈអ្នកប្រើប្រាស់ និងអ្នកលក់រាយអះអាងថាពួកគេមិនទាន់បានទទួលការជូនដំណឹងណាមួយនៅឡើយទេ។
លោក អ៊ឹម វត្ថា អ្នកនាំពាក្យ និងជាសមាជិក TRC បានឲ្យដឹងថាបន្ទាប់ពីកិច្ចប្រជុំជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់កាលពីថ្ងៃទី ២០ ខែកញ្ញាពួកគេបានយល់ព្រមជាមួយក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃថានឹងអនុវត្តតាមពេលវេលាកំណត់របស់ក្រសួងដែលនឹងអនុវត្តនៅថ្ងៃទី ១ ខែវិច្ចិកា។
ចាប់តាំងពីការប្រកាសរបស់រដ្ឋាភិបាលកាលពីឆ្នាំមុនចំនួនស៊ីមកាតមិនចុះបញ្ជីនៅតែអាចប្រើប្រាស់បានរវាងពី ៧ ដល់ ៨ ភាគរយបើធៀបនឹងការប្រើប្រាស់សរុប ១៩,៣ លានស៊ីមកាតដែលបានទិញពេលបច្ចុប្បន្ន។
លោក អ៊ឹម វុត្ថ បានលើកឡើងថា៖ «យើងផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់ប្រតិបត្តិករទូរស័ព្ទចល័ត និងអតិថិជនក្នុងការបន្តដំណើរការស៊ីមកាតដែលមិនចុះបញ្ជីវាគួរតែដល់ពេលវេលាក្នុងការចាត់វិធានការ និងបញ្ចប់វា [ស៊ីមកាតដែលមិនចុះបញ្ជី]»។
លោកបន្ថែមថា៖ «នេះគឺជាពេលវេលាដែលវានឹងមានប្រសិទ្ធភាពខណៈចំនួនស៊ីមកាតដែលមិនចុះបញ្ជីបន្តធ្លាក់ចុះកាន់តែតិចទៅៗ»។
លោក ឈឹម សាងហេង ម្ចាស់ហាងលក់ទូរស័ព្ទ ហាក់ សែ ឲ្យដឹងថាលោកនៅតែមិនទាន់ទទួលបានការជូនដំណឹងណាមួយពីប្រតិបត្តិករសម្រាប់ការប្រកាសចុងក្រោយនេះទេ។ ប៉ុន្តែហាងរបស់លោកលក់ស៊ីមកាតចុះបញ្ជីតែប៉ុណ្ណោះ។
អ្នកស្រី ស៊ីវ ម៉ី អ្នកលក់ស៊ីមកាតរាយផ្សេងទៀតនៅហាង វុទ្ធី ហ្វូន សប បានឲ្យដឹងថាចាប់តាំងពីការរឹតបន្តឹងតម្រូវការអត្តសញ្ញាណប័ណ្ណការលក់ស៊ីមកាតបានធ្លាក់ចុះ ៤០ ភាគរយ។
អ្នកស្រីលើកឡើងថា៖ «អតិថិជនភាគច្រើនចង់ទិញស៊ីមកាតដែលមិនចុះបញ្ជីជាងដោយសារតែពួកគេមានអារម្មណ៍ថាវាងាយស្រួលហើយពួកគេមិនចូលចិត្តយកអត្តសញ្ញាណប័ណ្ណតាមខ្លួនផងដែរ»។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានឲ្យដឹងថាក្រុមហ៊ុននេះនឹងប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទដើម្បីជួយដល់អតិថិជនក្នុងការចុះបញ្ជីស៊ីមកាតរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «ពួកគេអាចចុះបញ្ជីអនឡាញតាមរយៈ simreg.smart.com.kh ឬទៅហាងស្មាតណាមួយដើម្បីគេចពីការបិទលេខ»។
បើទោះបីយ៉ាងនេះក្តីអ្នកប្រើប្រាស់ស៊ីមកាតដែលចុះបញ្ចីម្នាក់លើកឡើងថាគេមិនបារម្ភពីវិធានការនេះទេ។
កញ្ញា សំ ស៊ីណេត ដែលកំពុងប្រើប្រាស់ស៊ីមកាតមិនចុះបញ្ជីពីក្រុមហ៊ុន ស្មាត បានឲ្យដឹងថាកញ្ញាមិនបានទទួលសារប្រកាសណាមួយ ឬការទូរស័ព្ទពីក្រុមហ៊ុននៅឡើយទេ។
កញ្ញាលើកឡើងថា៖ «ខ្ញុំដឹងថាប្រសិនបើពួកគេចាត់វិធានការខ្ញុំនឹងមិនអាចប្រើប្រាស់ស៊ីមកាតនេះបានទៀតទេប៉ុន្តែអត់បញ្ហាទេខ្ញុំអាចទិញស៊ីមកាតថ្មីបាន»៕ LA


