ព្រះសីហនុៈ នគរបាលក្រុងព្រះសីហនុ កំពុងសាកសួរអ្នកបើកកាណូតទេសចរណ៍ ២ នាក់ បន្ទាប់ចាប់ឃាត់ខ្លួនពីរឿងបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្ទៃសមុទ្រដែលធ្វើឲ្យទេសចរបរទេសយ៉ាងតិចម្នាក់បានស្លាប់ និង ២ នាក់ទៀតបានរងរបួស កាលពីព្រលប់ថ្ងៃអង្គារ នៅសង្កាត់កោះរ៉ុងសន្លឹមក្រុង-ខេត្តព្រះសីហនុ ។ នេះបើតាមលោក ភុល ភស្ដា អធិការក្រុងព្រះសីហនុ។
លោកភស្ដា បានប្រាប់នៅថ្ងៃទី២៨វិច្ឆិកានេះថា អ្នកបើកកាណូតទេសចរណ៍ទាំងនោះ ឈ្មោះ គង់ គី អាយុ ៤៧ ឆ្នាំ និង ឈ្មោះ ម៉ម វី អាយុ ២៦ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគាត់បានបើកកាណូតបុកគ្នាលើផ្ទៃសមុទ្រកាលពីព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ធ្វើឲ្យបុរសជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះ PE ROU BOGAN-MIHAIL អាយុ ៣៥ឆ្នាំ បានស្លាប់ និង បុរស-ស្ត្រី ជាជនបរទេស ២ នាក់ទៀតរងរបួស។
លោកបានបញ្ជាក់ថា៖«ពេលនេះសមត្ថកិច្ចយើងកំពុងសាកសួរអ្នកទាំង ២ ដើម្បីរកមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះនិងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់»។
លោក យិត ណែមសូទី នាយនគរបាលប៉ុស្តិ៍សង្កាត់កោះរ៉ុងសន្លឹមដែលបានចុះជួយសង្គ្រោះជនរងគ្រោះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៨វិច្ឆិកានេះថា កាណូដែលបើកបរដោយឈ្មោះ ម៉ម វី មានផ្ទុកភ្ញៀវទេសចរបរទេសប្រុស-ស្រី សរុប១៦នាក់ បានលិចក្នុងសមុទ្រនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រោយពីកាណូតបើកបរដោយឈ្មោះ គង់ គី មានផ្ទុកភ្ញៀវបរទេសម្នាក់បានបុកត្រូវចំហៀងខាងមុខពេញទំហឹង។
លោក បានថ្លែងថាក្រោយកើតហេតុភ្លាមៗនគរបាលប៉ុស្តិ៍ លោកបានបើកកាណូតទៅជួយស្រង់ជនរងគ្រោះទាំងអស់ពីក្នុងសមុទ្រ ប៉ុន្តែ បុរសជនជាតិរ៉ូម៉ានីម្នាក់បានស្លាប់ និងបរទេសប្រុស-ស្រី ២នាក់ ទៀត បានរងរបួសដោយលង់ទឹក ។
លោក យិត ណែមសូទី បានបញ្ជាក់ថា៖«តាមការពិនិត្យសព ឈ្មោះ PE ROU BOGAN-MIHAILទំនងជាបានសន្លប់ឬស្លាប់ភ្លាមៗព្រោះសពរបស់គាត់មានស្នាមរបួសភ្លៅយ៉ាងជ្រៅ និង មានស្នាមជាំខ្មៅលើខ្លួនផ្នែកខាងក្រោយ ឯអ្នករបួស ២ នាក់យើងនៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយតែបានសន្លប់រយៈពេលខ្លី ដោយសារលង់ទឹក»។
លោក សូទី បានបន្ថែមថា បច្ចុប្បន្នសពជនរងគ្រោះត្រូវបាននាំយកមករក្សាទុកក្នុងមន្ទីពេទ្យខេត្តព្រះសីហនុ ដើម្បីរង់ចាំមន្ត្រីស្ថានទូតប្រទេសរ៉ូម៉ានីមកទាក់ទងទទួលយកសាកសពប្រគល់ជូនក្រុមគ្រួសារ។ចំណែកជនរងគ្រោះ បុរស-ស្ត្រី ២ នាក់ ដែលសន្លប់ត្រូវបានបញ្ជូនទៅនៅគ្លីនិកឯកជនមួយនៅក្រុងព្រះសីហនុ។
លោក សាត ហួង អាយុ ២២ ឆ្នាំ ជាប្អូនថ្លៃលោក ម៉ម វី និង ជាអ្នកនៅក្នុងព្រឹត្តិការណ៍នោះដែរបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ខណៈទូករបស់គាត់កំពុងចេញដំណើរសន្សឹមៗពីកន្លែងលេងភ្លើងអំពិលអំពែកក្នុងសមុទ្រ ស្រាប់តែទូកទេសចរណ៍របស់ គង់ គី ហៅធី បានបើកមកបុកបណ្ដាលឲ្យលិចភ្លាមៗតែម្ដង។
លោកបានបញ្ជាក់ថា៖ «ទោះជាបែបណា គាត់ [លោក គង់ គី] និង ភ្ញៀវបរទេសម្នាក់ដែលរួមដំណើរជាមួយគ្នា បានព្យាយាមទូរស័ព្ទហៅសមត្ថកិច្ចមកជួយអន្តរាគមន៍បន្ទាប់មកបានសង្គ្រោះពួកយើងមកលើទូករបស់គាត់ម្ដងមួយៗរហូតដល់គ្រប់ចំនួន ប៉ុន្តែជាអកុសបុរសបរទេសម្នាក់បានស្លាប់ និងបុរស-ស្ត្រី ២ នាក់ សន្លប់»។
បើតាមលោក ហួង បញ្ជាក់ថា លោក គង់ គី និង អ្នកទេសចរបទេសម្នាក់ដែលរួមដំណើរលើទូកគាត់ បានទទួលខុសត្រូវខ្ពស់ដោយបានព្យាយាមអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះព្រោះបើពុំដូច្នោះទេពួកគាត់និងភ្ញៀវទេសចរទាំងអស់អាចត្រូវលង់ស្លាប់មិនខាន។
ប៉ុន្តែ លោកឈឺន ចាន់ថា ចៅសង្កាត់កោះរ៉ុង បានដាក់បន្ទុកទាំងស្រុងទៅលើអ្នកបើកបុកឲ្យទទួលខុសត្រូវចំពោះហេតុការណ៍នេះ។
លោកថថា៖ «ជាធម្មតា ទូកដែលបានបើកទៅបុកគេឲ្យលិច ហើយថែមទាំងបង្កឲ្យមានការស្លាប់មនុស្សបែបនេះតាមផ្លូវច្បាប់ គឺមិនអាចគេចផុតពីការដាក់ពិន័យទោសឲ្យជាប់ពន្ធនាគារនោះទេព្រោះករណីនេះជាបទល្មើសព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះ ជនបង្កហេតុត្រូវតែទទួលខុសត្រូវទាំងស្រុងក្នុងការបង់សំណងដល់ជនរងគ្រោះ»។
ទោះយ៉ាងណា លោក គង់ គី និង សាច់ញាតិរបស់គាត់មិនអាចទាក់ទងស្នើសុំការពន្យល់បានទេ នៅថ្ងៃទី ២៨ ខែវិច្ឆិកា នេះ ៕


