ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៤ ក្រោយពីមានការស្នើរបស់គណបក្សដែលទើបបង្កើតថ្មីមួយកាលពីពេលថ្មីៗនេះខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងធ្វើការចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងខែកញ្ញាខាងមុខ។
យោងតាមសេចក្តីសម្រេចស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់រាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញបានសម្រេចថា៖ «កំណត់យកថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤»។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងថាការសម្រេចនេះគឺដើម្បីបញ្ចប់កង្វល់ និងការចង់ដឹងរបស់គណបក្សនយោបាយមួយចំនួនទៅលើកាលបរិច្ឆេទថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ហើយពេលវេលានេះសមល្មមអាចឲ្យគណបក្សនីមួយៗរៀបចំប្រតិទិនការងាររបស់ខ្លួន ឬធ្វើសមាជបក្សតាមមូលដ្ឋានដើម្បីជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់។
លោកថា៖ «សម្រាប់គណបក្សប្រជាជនកម្ពុជានឹងធ្វើមហាសន្និបាតបក្សនៅតាមឃុំហើយគេចាប់ផ្តើមបោះឆ្នោតជ្រើសរើសមុខសញ្ញាជាបេក្ខជនហើយគេយកមកពិចារណាពិភាក្សាយ៉ាងល្អិតល្អន់ថែមទៀតមុននឹងសម្រេចជាស្ថាពរនូវបញ្ជីរាយនាមបេក្ខជន»។
កាលពីថ្ងៃទី ១២ ខែមេសាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសពីកាលបរិច្ឆេទ និងបង្ហាញប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានមុនថ្ងៃបោះឆ្នោតយ៉ាងតិច ៩ ខែទៅតាមច្បាប់កំណត់ដើម្បីជួយសម្រួលដល់គ្រប់តួអង្គពាក់ព័ន្ធត្រៀមខ្លួនរៀបចំជួយ និងចូលរួមការបោះឆ្នោត។
លោក សោម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានស្វាគមន៍ចំពោះការកំណត់ថ្ងៃបោះឆ្នោតនេះស្របពេលដែលគណបក្សនេះបានធ្វើសមាជនៅតាមឃុំចំនួន ៨ រួចមកហើយ ហើយនិងមានគម្រោងធ្វើសមាជនៅក្នុងឃុំចំនួន ២ បន្ថែមទៀតនៅខេត្តកំពង់ធំនាចុងសប្តាហ៍នេះ។ គណបក្សនេះក៏នឹងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ខ្លួននៅក្នុងឃុំចំនួន ១០០ មុននឹងជ្រើសរើសបេក្ខភាពខ្លាំងចំនួន ២០ រូបដើម្បីចូលរួមការបោះឆ្នោត។
លោកថា៖ «យើងនឹងជ្រើសរើសមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានសក្តានុពល និងជាអ្នកដឹកនាំល្អដែលមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ»។
សម្រាប់គណបក្សសង្គ្រោះជាតិនឹងបង្កើតគណៈកម្មាធិការមួយដើម្បីសម្របសម្រួលរៀបចំបញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះបានលើកឡើងថា៖ «យោងតាមកាលបរិច្ឆេទនេះសកម្មជនឃុំ សង្កាត់របស់យើងនឹងត្រូវដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះខណៈដែលសកម្មជនខេត្តស្រុក និងមន្ត្រីបក្សថ្នាក់ជាតិនឹងប្រឹក្សាដោះស្រាយរាល់បញ្ហាដែលកើតឡើង។ យើងនឹងចាប់ផ្តើមការងារនេះនៅខែក្រោយ»។
ចំណែកប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ បានថ្លែងថាគណបក្សបាននិងកំពុងបង្កើតគណៈកម្មការប្រតិបត្តិខេត្ត ស្រុក ឃុំហើយនឹងដាក់បេក្ខភាពឈរឈ្មោះនៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះផងដែរ។
ដោយឡែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានថ្លែងថាក្រោយពីការកំណត់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់របស់រាជរដ្ឋាភិបាលនេះ គជប នឹងមានមូលដ្ឋានក្នុងការរៀបចំផែនការមេរបស់ខ្លួនក្នុងការកំណត់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅប្រតិទិននៅគ្រប់ដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតរួមទាំងការចុះឈ្មោះគណបក្សនយោបាយ ការឃោសនាបោះឆ្នោតថ្ងៃបោះឆ្នោតរាប់សន្លឹកឆ្នោត និងថ្ងៃប្រកាសលទ្ធផលផងដែរ។
លោកថា៖ «នេះជាភាពងាយស្រួលមួយដែល គជប អាចបង្កើតបាននូវប្រតិទិនរបស់ខ្លួនមិនយូរប៉ុន្មានទេប្រហែលអាចនៅសប្តាហ៍ក្រោយ»។ សម្រាប់ការចុះឈ្មោះបោះឆ្នោតវិញលោកបានបញ្ជាក់ថា គជប គ្រោងនឹងធ្វើចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះដើម្បីឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសអាចលៃពេលវេលាទៅចុះឈ្មោះបោះឆ្នោតបាន។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថាការកំណត់ថ្ងៃបោះឆ្នោតនេះជារឿងសំខាន់ខណៈដែលកម្ពុជាត្រូវធ្វើការចុះឈ្មោះបោះឆ្នោតថ្មីជាទ្រង់ទ្រាយធំនៅឆ្នាំ ២០១៦ នេះ និងដើម្បីបង្កការងាយស្រួលដល់យុវជនដែលដល់អាយុ ១៨ ឆ្នាំនៅថ្ងៃបោះឆ្នោតអាចត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះបាន៕


