ភ្នំពេញៈ បុរស ២ នាក់បងប្អូនដែលជាប់ចោទក្នុងរឿងកាប់ជនរងគ្រោះស្លាប់ម្នាក់នៅក្រុងព្រះសីហនុកាលពីឆ្នាំមុននោះត្រូវបានសាលាឧទ្ធរណ៍ជម្រះក្ដីកាលពីម្សិលមិញ បន្ទាប់ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ប្តឹងទាស់ក្រោយពេលសាលាដំបូងខេត្តផ្តន្ទាទោសដាក់គុកពី ១ ឆ្នាំកន្លះទៅ ៣ ឆ្នាំដែលជាទោសស្រាលពេក។
តាមរបាយការណ៍នគរបាលយុត្តិធម៌ខេត្តព្រះសីហនុបង្ហាញថាកាលពីយប់ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំមុនជនជាប់ចោទឈ្មោះ កាន់ ប៊ុនណា អាយុ ២៨ ឆ្នាំរស់នៅក្រុងព្រះសីហនុបាននាំគ្នាលេងបៀរ។ ខណៈកំពុងលេងស្រាប់តែជនរងគ្រោះឈ្មោះ ជុក បានមកសុំចូលលេងជាមួយតែជនជាប់ចោទមិនចែកបៀរឲ្យក៏កើតជម្លោះវាយតប់គ្នា។
ពេលនោះឈ្មោះ កាន់ ប៊ុននី អាយុ ៣១ ឆ្នាំបានស្ទុះទៅជួយប្អូនឈ្មោះ កាន់ ប៊ុនណា ហើយជម្លោះក៏ស្ងប់ទៅ។ ប៉ុន្តែប្រមាណ ១០ នាទីក្រោយមកជនរងគ្រោះបានហៅគូកន ២ នាក់ទៀតដែលក្នុងនោះម្នាក់កាន់ព្រនង់ឈើមកវាយគ្នាជាលើកទី ២ ប៉ុន្តែត្រូវគេកាប់ចំក្បាល និងស្លាប់ក្រោយដេកពេទ្យនៅភ្នំពេញបានប៉ុន្មានថ្ងៃ។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តព្រះសីហនុសម្រេចផ្ទន្ទាទោសឈ្មោះ កាន់ ប៊ុនណា ដាក់គុក ៣ ឆ្នាំ និងឈ្មោះ កាន់ ប៊ុននី ដាក់គុក ១ ឆ្នាំ ៦ ខែព្រមទាំងបង្គាប់ឲ្យរួមគ្នាសង ១៨ លានរៀលទៅគ្រួសារជនរងគ្រោះដោយចោទពីបទ «ហិង្សាដោយចេតនាធ្វើឲ្យមរណភាព»។
ជនជាប់ចោទ កាន់ ប៊ុនណា បានឆ្លើយក្នុងសវនាការថាគាត់បានវាយជនរងគ្រោះមែន តែវាយនឹងដៃទេត្រង់ថាគាត់កាប់នោះគឺជារឿងមិនពិតទេ។ ចំពោះដាវដែលគាត់កាន់មិនបានកាប់ជនរងគ្រោះទេ ឯឈ្មោះ កាន់ ប៊ុននី ឆ្លើយដែរថាគាត់គ្រាន់តែចូលឃាត់ប៉ុណ្ណោះហើយគាត់ក៏ត្រូវភាគីម្ខាងទៀតវាយត្រូវ ១ ដំបងផងដែរ។
ជនជាប់ចោទទាំង ២ នាក់បានស្នើដល់ចៅក្រមថា៖ «ពួកខ្ញុំសុំឲ្យតុលាការតម្កល់សាលក្រមរបស់តុលាការខេត្តព្រះសីហនុនៅដដែល។ ចំពោះសំណងពួកខ្ញុំព្រមទទួលសង»។
លោកព្រះរាជអាជ្ញា តាន់ សេណារ៉ុង តំណាងមហាអយ្យការសន្និដ្ឋានថារឿងនេះលោកអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ប្តឹងទាស់។
លោកថា៖ «អ្នកទាំង ២ មានភ័ស្តុតាងច្បាស់លាស់ប្រើហិង្សាឲ្យស្លាប់ជនរងគ្រោះ។ ចំពោះសេចក្តីសម្រេចរបស់តុលាការខេត្តផ្ទុយនឹងច្បាប់ហើយសាលក្រមស្ថិតនៅក្រោមអប្បបរមានៃច្បាប់ផង។ ជារួមខ្ញុំទុកជូនក្រុមប្រឹក្សាពិនិត្យទណ្ឌកម្មទោសឡើងវិញ»។
លោក ម៉មស៊ី ដាណា មេធាវីចាត់តាំងការពារសិទ្ធិឲ្យជនជាប់ចោទទាំង ២ នាក់សន្និដ្ឋានថា៖ «កូនក្តីខ្ញុំឈ្មោះ កាន់ ប៊ុនណា ពុំបានប្រព្រឹត្តទេគាត់គ្រាន់តែវាយនឹងដៃ។ រីឯ កាន់ ប៊ុននី ជាជនរងគ្រោះទេព្រោះគេវាយគាត់។ ដូច្នេះខ្ញុំសូមតុលាការតម្កល់សាលក្រមនៅដដែល»។ ក្រោយជំនុំជម្រះលោកចៅក្រម ប៉ុលសំអឿន ថ្លែងថាសាលដីកានេះនឹងប្រកាសនៅថ្ងៃទី ១៤ សីហាខាងមុខ៕


