ក្រុងបេរូតៈ ក្រុមអ្នកវិភាគ ព្រមានថា ថ្វីបើទទួលបរាជ័យធំៗជាច្រើន ដែលក្នុងនោះមាន ទាំងការបាត់បង់សិទ្ធិចូលទៅកាន់ព្រំដែនស៊ីរី-តួកគី និងសម្លាប់មេដឹកនាំកំពូលៗជាច្រើន ក្រុមរដ្ឋអ៊ិស្លាម នៅតែជាកម្លាំងភេរវកម្មដ៏ ខ្លាំងក្លាមួយ។
សម្ពាធកំពុងកើនឡើងលើក្រុម IS ដែលក្នុងនោះ មានទាំងការសម្រេចចិត្តរបស់តួកគីដើម្បី បើកយុទ្ធនាការមួយប្រឆាំងនឹងក្រុមនេះនៅភាគខាងជើងស៊ីរី បានធ្វើឲ្យអង្គការភេរវកម្មនេះ បាត់បង់មូលដ្ឋានក្នុងជំហានដែលពុំធ្លាប់មានពីមុន។
យោងតាមក្រុមអ្នកជំនាញឲ្យដឹងថា ប៉ុន្តែអង្គការជីហាដនេះ នៅតែមានសមត្ថភាពទទួលបានគ្រឿងសព្វាវុធ ទាក់ទាញយុទ្ធជនជ្រើសរើសថ្មី និងពង្រាយកម្លាំងដើម្បីធ្វើការវាយប្រហារបំផ្លិចបំផ្លាញនៅបរទេស។
កាលពីថ្ងៃសៅរ៍ ទី៣ កញ្ញា ប្រតិបត្តិការរបស់តួកគី បានដណ្តើម មកវិញនូវតំបន់ចុងក្រោយនៃព្រំដែនស៊ីរី-តួកគីពីក្រុមជីហាដនោះ ដោយបិទ «ដែនដីអ៊ិស្លាម» ស្ទីលផ្ទាល់ខ្លួន នៅស៊ីរី និងអ៊ីរ៉ាក់ ពីពិភពខាងក្រៅ និងបង្ខំឲ្យក្រុមនេះ ត្រូវពឹងលើបណ្តាញរត់ពន្ធជំនួសវិញ។
នោះគឺជាការដកថយក្រោយថ្មីបំផុតសម្រាប់ IS ដែលពេលនេះស្ថិតក្រោមការវាយប្រហារពីទាហានស៊ីរី និងអ៊ីរ៉ាក់ ក៏ ដូចជាពីក្រុមយុទ្ធជនឃើដ ឧទ្ទាមស៊ីរី កម្លាំងតួកគី យន្តហោះចម្បាំងរុស្ស៊ី និងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក។
យោងតាមអ្នកជំនាញភូមិសាស្ត្រនយោបាយ ស៊ីរី លោក Fabrice Balanche ឲ្យដឹងថា ពេលនេះ ក្រុម IS គ្រប់គ្រងទឹកដីតែ ២០ ភាគរយនៅអ៊ីរ៉ាក់ និង ៣០ភាគរយនៅស៊ីរី។

លោកបញ្ជាក់ថា កាលពីពេលពេញបន្ទុកនៃការឈ្លានពានរបស់គេ បន្ទាប់ពីការដណ្តើរកាន់កាប់ក្រុងប៉ាលមីរ៉ា ក្នុងខែឧសភា ២០១៥ ក្រុមនេះ បានគ្រប់គ្រងទឹកដី ២៤ ម៉ឺនគ.ម.ការ៉េនៅ ក្នុងប្រទេសទាំងពីរ ជាទំហំមួយប៉ុន ទឹកដីចក្រភពអង់គ្លេស។
លោក Balanche និយាយថា ប៉ុន្តែថ្ងៃនេះទំហំនោះបានធ្លាក់ ចុះជាង ១/៣ មកនៅសល់តែ ១៥ គ.ម.ការ៉េ។ ចំនួនប្រជាជនដែលគេគ្រប់គ្រង បានធ្លាក់ចុះពីប្រមាណជា ៨ លាននាក់ ក្នុងកណ្តាលឆ្នាំ ២០១៥ មកនៅ ៤,៥ លាននាក់ ក្នុងពេលបច្ចុប្បន្ន។
ពីខែមុន ក្រុមជីហាដនេះ បានបាត់បង់តំបន់ទឹកដី Jazirat al-Khaldiyeh ក្នុងខេត្តអានបារ ភាគខាងលិចរបស់អ៊ីរ៉ាក់ ដែលជាផ្លូវខ្វែងដ៏សំខាន់មួយ ដោយ ធ្វើឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះការ ចល័តរបស់ខ្លួន។ នៅលីប៊ី ក្រុម IS នេះ ក៏ស្ទើរតែបាត់បង់មូលដ្ឋានរឹងមាំក្នុងក្រុង Sirte ដែរ។
ក្រៅពីការបាត់បង់ទឹកដីទាំងនេះ IS ក៏បាត់បង់មេដឹកនាំសំខាន់ៗរបស់ខ្លួន ជាមួយការធ្វើ ឃាតធំៗជាច្រើន ក្នុងនោះមាន ទាំង មេបញ្ជាការជាន់ខ្ពស់ លោក Omar al-Shishani និងអ្នកនាំ ពាក្យ និងជាអ្នកយុទ្ធសាស្ត្រកំពូលលោក Abu Mohamed al-Adnani។
ការដើរថយក្រោយនេះ បង្ហាញ រូបភាពនៃការធ្លាក់ចុះសម្រាប់ IS ដែលពេលមួយនោះ ត្រូវបានចាត់ទុកជាក្រុមភេរវកម្មមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ដែលអាចទាក់ទាញការជ្រើសទាហានបរទេសថ្មីដ៏ច្រើន ជាមួយភាពក្លាហានដូចកងទ័ព និងការសន្យាមួយថានឹង «នៅតែដូច្នេះ និងពង្រីកថែមទៀត»។
ប៉ុន្តែក្រុមអ្នកវិភាគ ព្រមានថា ក្រុមនេះមិនទាន់ចប់ទេហើយការ ផ្តោតសំខាន់របស់ពួកគេ អាចកំពុងផ្លាស់ប្តូរដោយងាយពីការពង្រីកទឹកដីទៅជាការពង្រឹងមជ្ឈមណ្ឌលប្រជាជន ដូចជាក្រុងរ៉ាកា នៅស៊ីរី និងក្រុងម៉ូសូលនៅអ៊ី រ៉ាក់ និងការវាយប្រហារគ្រាប់បែកថ្មីៗ ប្រឆាំងនឹងគោលដៅរដ្ឋាភិបាល ជនស៊ីវិលនៅក្នុងតំបន់ និងនៅលោកខាងលិច៕


